នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀងដឹកនាំកិច្ចប្រជុំផែនការ ការពារ ពិនិត្យទីលានព្រះស្រែ និងស្តង់ពិព័ណ៍ត្រៀមប្រារព្ធព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល

អត្ថបទដោយ៖
Kimsean Sok

(ខេត្តកំពង់ឆ្នាំង)៖ ឯកឧត្តមនាយឧត្តមសេនីយ៍ គតិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃកងយុទ្ធពលខេមរភូមិន្ទ និងជាមេបញ្ជាការ មេបញ្ជាការដ្ឋានអង្គរក្ស ឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត យូ ស៊ុនលេង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី ១៤ ខែឧសភា ឆ្នាំ២០២៥ បានដឹកនាំប្រជុំផែនការការពារសន្តិសុខសុវត្ថិភាពក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័លនៅខេត្តកំពង់ឆ្នាំង ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី ១៥ ខែឧសភាឆ្នាំ ២០២៥ ក្រោមព្រះរាជធិបតីដ៏ខ្ពង់ខ្ពស់ ព្រះករុណាព្រះបាទ សម្ដេចនរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ។

បន្ទាប់ពីចប់កិច្ចប្រជុំ ឯកឧត្តមនាយឧត្តមសេនីយ៍ គតិសិង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង បានអញ្ជើញពិនិត្យទីលានព្រះស្រែ និង ស្តង់តាំងពីព័រណ៍ ផលិតផលក្នុងស្រុកដែលរៀបចំឡើងនៅបែកខាងកើត ទីលានព្រះស្រែ ។

សូមបញ្ជាក់ដែរថា នៅតាមស្តង់តាំងពិព័រណ៍ នីមួយៗមានដាក់តាំងផលិតផលក្នុងស្រុកដែលរៀបចំដោយរដ្ឋបាលស្រុក ក្រុងទាំង ប្រាំបី នៃខេត្តកំពង់ឆ្នាំង រួមនិងស្តង់ពិព័រណ៍របស់មន្ទីរអង្គភាពជុំវិញខេត្តក៏ដូចជាអង្គភាពនានា ចំណុះឲ្យរដ្ឋបាលខេត្តកំពង់ឆ្នាំង យ៉ាងច្រើន ។ ស្តង់ពិព័រណ៍ដែលអង្គភាពនីមួយៗយកមកដាក់តាំងបង្ហាញមានវិស័យកសិកម្ម ដូចជាដំណាំស្រូវ ដំណាំហូបផ្លែ និងឧបករណ៍បម្រើឲ្យវិស័យកសិកម្មជាច្រើនទៀត ហើយក៏នៅមានតង់ពិព័រណ៍ បង្ហាញពី វិស័យឧស្សាហកម្ម សុខាភិបាល វប្បធម៌ វិចិត្រសិល្បៈ ស្មូនឆ្នាំង តម្បាញកន្ទេល តម្បាញ ក្រមា និងការចិញ្ចឹមសត្វ ជាដើម ។

ជាមួយនឹងការរៀបចំ ដាក់តាំងលម្អដោយដើមឈើ ដើមផ្កា បំពាក់ភ្លើងបំភ្លឺ ភ្លើងចម្រុះពណ៌ ដ៏ប្រណិត មានមន្ត្រីនគរបាល បានយកឡានទឹកលាងផ្លូវ ក្នុងបរិវេណ សាលាខេត្ត រហូតដល់មុខទីលានព្រះស្រែផងដែរ ៕

សុខ គឹមសៀន

ads banner