ជប៉ុន និង កូរ៉េខាងត្បូងគ្រោងធ្វើសមយុទ្ធរួមគ្នាជាលើកដំបូង

សេអ៊ូល ៖ កងកម្លាំងស្វ័យការពារដីគោកជប៉ុន និងកងម៉ារីនកូរ៉េខាងត្បូង គ្រោងធ្វើសមយុទ្ធរួមគ្នាលើកដំបូងនៅដើមខែក្រោយ ក្នុងគោលដៅពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខឱ្យកាន់តែស៊ីជម្រៅ ពិសេសប្រឆាំងនឹងការបង្កហេតុរបស់កូរ៉េខាងជើង និងប្រទេសដទៃទៀត។

កងកម្លាំងជប៉ុននិយាយថា សមយុទ្ធនេះនឹងក្លាយជាផ្នែកមួយនៃសមយុទ្ធពហុភាគី សំដៅទប់ទល់គ្រោះមហន្តរាយ និងការសង្គ្រោះបន្ទាន់ផ្សេងទៀត ដែលនឹងចាប់ផ្តើមនៅក្នុងប្រទេសហ្វីលីពីននៅចុងខែនេះ។

សមយុទ្ធនេះដែរ ធ្វើ ឡើង ចំនួន ៧ដងរួចមកហើយ ប៉ុន្តែ ជប៉ុន និងកូរ៉េខាងត្បូងបានចូលរួមដាច់ដោយ ឡែក ពី គ្នា។ ហើយការហ្វឹកហ្វឺននេះទៀតសោត នឹងរួមបញ្ចូលការហាត់សមជួយសង្គ្រោះបន្ទាន់នៃកងទ័ពជប៉ុន និងកូរ៉េខាងត្បូង ក្នុងករណីកើតមានរលកយក្សស៊ូណាមិ។

កន្លងមក ប្រមុខការពារជាតិជប៉ុន និងកូរ៉េខាងត្បូង បានចុះហត្ថលេខាលើអនុស្សរណៈកាលពីខែកក្កដាឆ្នាំមុន មានគោលបំណងធ្វើកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ ដូចជាការចែករំលែកព័ត៌មានសម្ងាត់ និងការធ្វើសមយុទ្ធរួមគ្នា។

បើតាមកងកម្លាំងស្វ័យការពារដីគោកជប៉ុន តាមរយៈការពង្រឹងភាពជាដៃគូជាមួយកូរ៉េខាងត្បូង ពួកគេសង្ឃឹមថា នឹងជួយរួមចំណែកសម្រេចបាននូវតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកដែលសេរី និងបើកចំហ៕

ប្រភព ៖ NHK ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner