Macronថា បារាំងមិនចង់បង្កសង្គ្រាមលោកលើកទី៣
បរទេស ៖ លោក ប្រធានាធិបតី Emmanuel Macron បាននិយាយថា បារាំងមិនចង់បង្កឲ្យមានសង្គ្រាមលោក លើកទី៣ ផ្តើមចេញពីសង្គ្រាម នៅអុយក្រែន នោះទេ។
ក្នុងបទសម្ភាសន៍មួយ កាលពីថ្ងៃអង្គារ លោក Macron ថា
បារាំងមិនចង់ឲ្យមានសង្គ្រាមលោក លើកទី ៣ ជុំវិញការឈ្លានពានរបស់រុស្ស៊ី លើអ៊ុយក្រែនទេ។
ប៉ុន្មានខែថ្មីៗនេះ គេបានឃើញលោក Macron បង្កើនវត្តមានរបស់លោក នៅលើឆាកអន្តរជាតិ ខណៈដែលលោកស្វែងរកការបញ្ចប់សង្រ្គាម រយៈពេលបីឆ្នាំនេះ។
លោក Macron បាននិយាយថា «យើងត្រូវតែជួយអ៊ុយក្រែន ការពារខ្លួន ប៉ុន្តែ យើងមិនចង់ធ្វើឱ្យមានសង្រ្គាម លោក លើកទី ៣ នោះទេ»។ លោកបានបន្ថែមថា «សង្គ្រាមត្រូវតែបញ្ឈប់ ហើយអ៊ុយក្រែនត្រូវតែស្ថិតក្នុងស្ថានភាពល្អបំផុត ដើម្បីចូលទៅក្នុងការចរចា»។
ប៉ុន្តែ លោក Macron បាននិយាយថា ប្រទេសបារាំងបានត្រៀមខ្លួនរួចជាស្រេច ដើម្បីចាប់ផ្តើមពិភាក្សា ជាមួយបណ្តាប្រទេសអឺរ៉ុប ផ្សេងទៀត ដែលដាក់ពង្រាយយន្តហោះចម្បាំងរបស់បារាំងដែលមានអាវុធនុយក្លេអ៊ែរ នៅលើទឹកដីរបស់ពួកគេ ដូចដែលសហរដ្ឋអាមេរិក បានធ្វើ។ លោកបានមានប្រសាសន៍ថា «យើងត្រៀមខ្លួនរួចជាស្រេច ដើម្បីបើកការពិភាក្សានេះ ខ្ញុំនឹងកំណត់ក្របខ័ណ្ឌ ក្នុងវិធីជាក់លាក់មួយ នៅក្នុងសប្តាហ៍ និង ខែខាងមុខ»៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត