មហាសេដ្ឋីសំណង់ថៃម្នាក់ជាប់គុកមួយជីវិតពាក់ព័ន្ធហេតុការណ៍បាក់អគារពេលរញ្ជួយដី

បាងកក ៖ តុលាការបានចេញដីកាចាប់ខ្លួនមនុស្សចំនួន ១៧នាក់ ក្នុងចំណោមនោះ មានមហាសេដ្ឋីក្នុងវិស័យសំណង់ម្នាក់ផងដែរ ដោយចោទប្រកាន់ពីបទជាប់ពាក់ព័ន្ធការសាងសង់អគារកម្ពស់ ៣០ជាន់ដែលបានដួលរលំ និងសម្លាប់កម្មករជាច្រើននាក់ ក្នុងអំឡុងពេលគ្រោះរញ្ជួយដីដ៏ខ្លាំងក្លាមួយកាលពីខែមីនាកន្លងទៅ ហើយពួកគេនឹងត្រូវប្រឈមមុខការកាត់ទោសជាប់គុកមួយជីវិត។

ប៉ូលិសថៃនិយាយថា អ្នកដែលត្រូវបានចោទប្រកាន់ទាំងនោះ រួមមាននាយកប្រតិបត្តិ និងវិស្វករមកពីក្រុមហ៊ុនចំនួន៧ ដែលជាប់ពាក់ព័ន្ធនឹងការរចនា ការសាងសង់ និងការត្រួតពិនិត្យអគារដែលដួលរលំនោះ។ លោក Premchai Karnasuta អតីតប្រធានក្រុមហ៊ុនសំណង់ធំបំផុតរបស់ប្រទេសថៃ Italian Thai Development Pcl ក៏ត្រូវបានចាប់ខ្លួនផងដែរ។

ស្នងការរងប៉ូលិសក្រុងបាងកក ឧត្តមសេនីយ៍ទោ Somkuan Puengsap បានអះអាងថា ការចោទប្រកាន់ទាំងនោះ មានដូចជាការរំលោភលើគុណភាពនៃសំណង់អគារ ដែលបណ្ដាលឱ្យមានអ្នកស្លាប់ជាច្រើន ដោយមនុស្សទាំង ១៧នាក់នោះ ត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត។

ក្រុមជួយសង្គ្រោះបានរកឃើញសាកសពចំនួន ៨៩នាក់ នៅក្នុងប្រតិបត្តិការរយៈពេល ៦សប្តាហ៍ នៅក្នុងគំនរបាក់បែកនៃអគារការិយាល័យសវនកម្មរដ្ឋកម្ពស់ ៣០ជាន់ ដែលបានសាងសង់នៅក្នុងទីក្រុងបាងកក ជាអគារខ្ពស់តែមួយគត់ដែលបានដួលរលំ ក្នុងអំឡុងពេលគ្រោះរញ្ជួយដីកម្រិត ៧,៧រ៉ិចទ័រ។

ទន្ទឹមគ្នានេះ អាជ្ញាធរថៃក៏បាននឹងកំពុងស៊ើបអង្កេតពីមូលហេតុនៃការបាក់អគារ បន្ទាប់ពីគ្រោះថ្នាក់ដ៏សាហាវបំផុតមួយក្នុងប្រទេសថៃ ខណៈគិតមកទល់ពេលនេះ មនុស្ស ៧នាក់នៅតែបន្តបាត់ខ្លួននៅឡើយ៕

ប្រភព ៖ CNN ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner