នាយករដ្ឋមន្ត្រី ៖ ខេត្តកំពង់ឆ្នាំង ក្លាយជាគោលដៅថ្មី នៃបណ្ដុំរោងចក្រឧស្សាហកម្ម
(ពោធិ៍សាត់)៖ ក្នុងឱកាសអញ្ជើញសម្ពោធអគារសិក្សា និងសមិទ្ធផលនានានៅវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ ស្ថិតក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងពីការអភិវឌ្ឍដ៏រីកចម្រើនរបស់ខេត្តកំពង់ឆ្នាំង ដែលបច្ចុប្បន្នខេត្តនេះ បានក្លាយជាគោលដៅថ្មី នៃបណ្ដុំរោងចក្រឧស្សាហកម្ម ខណៈកម្លាំងពលកម្ម កំពុងខ្វះខាតក្នុងការបម្រើឱ្យវិស័យឧស្សាហកម្មកាត់ដេរនៅខេត្តកំពង់ឆ្នាំង ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កាលមុន ខេត្តពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំង គឺជាខេត្តមកហួសទៅហួស ដោយនៅចន្លោះរាជធានីភ្នំពេញ និងខេត្តបាត់ដំបង។ តែពេលនេះ ខេត្តពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំង លែងទៅហួសមកហួសទៀតហើយ តែជាគោលដៅថ្មីនៃការវិនិយោគ ។
សម្ដេចនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ខេត្តកំពង់ឆ្នាំង ភ្ជាប់ជាមួយខេត្តពោធិ៍សាត់ បានក្លាយជាខេត្តដ៏មានសក្តានុពល ដោយអ្នកវិនិយោគកំពុងចាប់ផ្ដើមបង្វែរការវិនិយោគមកខេត្តទាំងពីរនេះវិញ ពិសេសនោះ គឺការបើករោងចក្រកាត់ដេរក្នុងវិស័យវាយនភណ្ឌតែម្ដង ។
សម្ដេចធិបតី បានបន្តថា តាមការរាយការណ៍របស់អភិបាលខេត្តកំពង់ឆ្នាំង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ គឺឥលូវនេះ នៅខេត្តកំពង់ឆ្នាំង កំពុងខ្វះកម្លាំងពលកម្មដែរ ខណៈរោងចក្របើកនៅទីនោះ ត្រូវការកម្លាំងពលកម្មជាង ៦ម៉ឺននាក់ ហើយអាចនឹងរីកបន្ថែមប្រមាណ ២ម៉ឺននាក់ទៀត។
សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏បានលើកឡើងពីសក្តានុពលផ្លូវជាតិលេខ១០ និងផ្លូវដែក ដែលជាការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនដ៏មានសារៈសំខាន់នៅច្រករបៀងភាគខាងលិចប្រទេសនេះផងដែរ ៕
អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ


