ប្រតិភូកម្ពុជា បានចុះស្វែងយល់ ទីកន្លែងប្រកួត និងដំណើរការរៀបចំរបស់ព្រះរាជាណាចក្របារ៉ែន
(បារ៉ែន)៖ នាថ្ងៃទី១៦ ខែ ឧសភា ឆ្នាំ២០២៥ ប្រតិភូកម្ពុជាមានឯកឧត្ដម ប៉ុន សុខ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា និងឯកឧត្ដម ញ៉ាន សុខវិសាល នាយបេសកកម្មនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា រួមនឹងប្រតិភូកីឡា ជាង៤០ប្រទេសនៅអាស៊ីផ្សេងទៀត បានចុះស្វែងយល់ ទីកន្លែងប្រកួត និងដំណើរការរៀបចំរបស់ព្រះរាជាណាចក្របារ៉ែនក្នុងនាមម្ចាស់ផ្ទះកីឡាអូឡាំពិកយុវយនអាស៊ីលើកទី៣ឆ្នាំ២០២៥។
ក្នុងដំណើរសិក្សាស្វែងយល់នេះ សម្រាប់កម្ពុជា គឺការដកស្រង់បទពិសោធន៍ ដើម្បីត្រៀមទទួលធ្វើជាម្ចាស់កីឡាអូឡាំពិកយុវជនអាស៊ីលើកទ៤ ឆ្នាំ២០២៩។
ក្នុងសន្និសីតសារព័ត៌មានថ្មីៗនេះ លោក Yousif Duaij Muhroofi ប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអូឡាំពិកយុវជនអាស៊ីបារ៉ែន (BAYGOC) បានលើកឡើងថាដោយសហការគ្នាគ្រប់ផ្នែកពាក់ព័ន្ធ ដំណើរការរៀបចំពិតជាល្អណាស់ ហើយផ្នែកនីមួយៗធ្វើការជាធ្លុងតែមួយ។
ព្រឹត្តិការណ៍កីឡាយុវជនអាស៊ីលើកទី៣ឆ្នាំ២០២៥ ដំណើរការពីថ្ងៃទី២២ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងម៉ាណាម៉ា ដោយមានអត្តពលិកវ័យក្មេងអាយុ១៤ឆ្នាំ-១៧ឆ្នាំ ២០០០នាក់ចូលរួមប្រកួតលើជាង២០០វិញ្ញាសាក្នុងជាង២០ប្រភេទកីឡា។
សូមជម្រាបជូនថាចំពោះមុខកម្ពុជាក៏បានត្រៀមប្រតិភូជាង២០០នាក់ទៅចូលរួមប្រកួត និងទទួលវេនបន្តពីបារ៉ែនដើម្បីធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ីលើកទី៤ឆ្នាំ២០២៩៕
ដោយ ៖ ជាវ ចន្ធូ










