បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងព្រះវិហារ ផ្សព្វផ្សាយសភាពការណ៍ថ្មីៗ
ព្រះវិហារ៖ បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងព្រះវិហារ កាលពីចុងសប្ដាហ៍នេះប្រមូលផ្តុំ និងត្រួតពិនិត្យកម្លាំងទ័ព ដើម្បីផ្សព្វផ្សាយពីសភាពការណ៍ដែលកើតឡើងថ្មីៗ នៅក្នុងមូលដ្ឋាន និងនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងកម្ពុជា-ឡាវ ដល់នាយទាហាន នាយទាហានរង និងពលទាហាននៃទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ។
ក្នុងឱកាសនេះមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ ឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានណែនាំដល់កងទ័ពទាំងអស់ ឱ្យពង្រឹងការប្រុងប្រយ័ត្នខ្ពស់ជានិច្ច និងត្រូវបង្កើនការយាមល្បាត នៅក្នុងមូលដ្ឋានទទួលខុសត្រូវរបស់ខ្លួនឱ្យបានម៉ឹងម៉ាត់ ហ្មត់ចត់ និងជាប់ជាប្រចាំ ជាពិសេសនៅតាមបណ្តោយព្រំដែន។យោធិនទាំងអស់ ត្រូវតែគោរពបទបញ្ជាផ្ទៃក្នុងរបស់កងទ័ពឱ្យបានល្អ ។
ឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានបន្តថា កម្លាំងកងទ័ពជួរមុខទាំងអស់ត្រូវគោរពវិន័យ និងបទបញ្ជាផ្ទៃក្នុងកងទ័ពឱ្យបានម៉ឹងម៉ាត់ ។ត្រូវឈរនៅលើមូលដ្ឋានទទួលខុសត្រូវរបស់ខ្លួន។មិនត្រូវធ្វេសប្រហែស និងមើលស្រាលរាល់សភាពការណ៍ដែលកើតមានឡើងនោះទេ៕
ដោយ៖ឡុង សំបូរ




