សមាជិកសភាសហរដ្ឋអាម៉េរិកបង្ហាញពីការគាំទ្រយ៉ាងពេញទំហឹងក្នុងការជំរុញការវិនិយោគពីសហរដ្ឋអាម៉េរិកមកកាន់កម្ពុជា

ភ្នំពេញ៖ លោកជំទាវ Beth Van Duyne សមាជិកសភាសហរដ្ឋអាម៉េរិក និងជាសមាជិកនៃគណៈកម្មាធិការចំនួនពីរគឺ គណៈកម្មាធិការស្តីពីរបៀប និងមធ្យោបាយ និងគណៈកម្មាធិការអាជីវកម្មធុនតូច នៃរដ្ឋសភាសហរដ្ឋអាម៉េរិកបានបង្ហាញពីការគាំទ្រយ៉ាងពេញទំហឹងក្នុងការជំរុញការវិនិយោគពីសហរដ្ឋអាម៉េរិកមកកាន់កម្ពុជា ក៏ដូចជាការបង្កើនសកម្មភាពពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យកាន់តែផុលផុស។ ជាមួយគ្នានេះ លោកជំទាវក៏បានលើកឡើងអំពីការពិនិត្យលទ្ធភាពក្នុងការបង្កើនកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-អាម៉េរិក ពាក់ព័ន្ធលើវិស័យអាទិភាពមួយចំនួនផងដែរ។

ការបង្ហាញការគាំទ្រនេះ នៅក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អមដោយលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម, ឯកឧត្តម កុយ គួង ឯកអគ្គរាជទូតកម្ពុជា ប្រចាំសហរដ្ឋអាម៉េរិក និងប្រទេសម៉ិចស៊ិចកូ និង ឯកឧត្តមឧត្តមសេនីយ៍ឯក ផាត វិបុលសុភ័ក្រ្ត អគ្គនាយករង អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស និងជានាយក នាយកដ្ឋានទាក់ទងអន្តរជាតិ នៃក្រសួងការពារជាតិ បានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកជំទាវ Beth Van Duyne សមាជិកសភាសហរដ្ឋអាម៉េរិក និងជាសមាជិកនៃគណៈកម្មាធិការចំនួនពីរគឺ គណៈកម្មាធិការស្តីពីរបៀប និងមធ្យោបាយ និងគណៈកម្មាធិការអាជីវកម្មធុនតូច នៃរដ្ឋសភាសហរដ្ឋអាម៉េរិក នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ ។

កិច្ចចាប់ផ្តើម ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជម្រាបទៅលោកជំទាវអំពីវឌ្ឍនភាពនៃការអភិវឌ្ឍថ្មីៗបន្ថែមទៀត ដែលរាជរដ្ឋាភិបាលកម្ពុជាសម្រេចបាន បន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោកជំទាវមកកាន់ប្រទេសកម្ពុជាកាលពីខែសីហា ឆ្នាំ២០២២ កន្លងទៅ និងបានលើកឡើងអំពីចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដែលឆ្នាំនេះជាខួបលើកទី ៧៥ឆ្នាំ នៃទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជានិង សហរដ្ឋអាម៉េរិក។ ជាមួយនឹងទំនាក់ទំនងដែលមានអាយុកាលជិតមួយសតវត្សរ៍ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានលើកបង្ហាញអំពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញការវិនិយោគឱ្យបានកាន់តែច្រើនបន្ថែមទៀតពីពីសហរដ្ឋអាម៉េរិកមកកាន់ប្រទេសកម្ពុជា៕
ដោយ៖ពលជ័យ

ads banner