មនុស្សជិត ៣០០លាននាក់ប្រឈមការស្រែកឃ្លានធ្ងន់ធ្ងរ
ប៉ារីស ៖ របាយការណ៍គាំទ្រដោយអង្គការសហប្រជាជាតិ បានឲ្យដឹងថា មនុស្សជាង ២៩៥លាននាក់បានប្រឈមមុខនឹងភាពស្រែកឃ្លានធ្ងន់ធ្ងរកាលពីឆ្នាំមុន ដោយសារតែជម្លោះ និង វិបត្តិផ្សេងៗទៀត ខណៈជំនួយមនុស្សធម៌ធ្លាក់ចុះ។

វាជាការកើនឡើងប្រចាំឆ្នាំលើកទី៦ជាប់ៗគ្នា នៃចំនួនមនុស្សរងគ្រោះអសន្តិសុខស្បៀងធ្ងន់ធ្ងរក្នុង “កម្រិតខ្ពស់” នេះបើយោងតាមរបាយការណ៍សកល ស្តីពីវិបត្តិស្បៀងអាហារ។

ប្រជាជនសរុបចំនួន ២៩៥.៣លាននាក់បានស៊ូទ្រាំនឹងភាពស្រែកឃ្លានធ្ងន់ធ្ងរកាលពីឆ្នាំ២០២៤ បើធៀបនឹងឆ្នាំ២០២៣ មានត្រឹម ២៨១.៦លាន នាក់។
តួលេខនេះស្ទើរតែមួយភាគបួននៃចំនួនប្រជាជននៅក្នុង ៥៣ប្រទេស ក្នុងចំណោម ៦៥ប្រទេស នេះបើតាមរបាយការណ៍ ដែល ត្រូវ បាន ព្រាង ដោយ សម្ព័ន្ធ អង្គការ អន្តរជាតិ និង អង្គការ ក្រៅ រដ្ឋាភិបាល ។
អ្នកឃ្លាំមើលសន្តិសុខស្បៀងបានព្រមានថ្មីៗនេះថា តំបន់ហ្គាហ្សាកំពុងស្ថិតក្នុង “ហានិភ័យធ្ងន់ធ្ងរនៃគ្រោះទុរ្ភិក្ស” បន្ទាប់ពីអ៊ីស្រាអែលបិទជំនួយអស់រយៈពេលជាងពីរខែ។
របាយការណ៍នេះបានរកឃើញថា ជម្លោះ និងអំពើហឹង្សា គឺជាកត្តាជំរុញចម្បងនៅក្នុងប្រទេស និងដែនដីចំនួន ២០ ដែលមនុស្ស ១៤០លាននាក់ប្រឈមមុខនឹងភាពស្រែកឃ្លានធ្ងន់ធ្ងរ។
អាកាសធាតុខ្លាំងគឺត្រូវស្តីបន្ទោសនៅក្នុងប្រទេសចំនួន ១៨ និង “វិបត្តិសេដ្ឋកិច្ច” នៅក្នុងប្រទេសចំនួន ១៥ ដែលរួមគ្នាប៉ះពាល់ដល់ជីវិតរស់នៅរបស់ប្រជាជនសរុបចំនួន ១៥៥លាននាក់។
ក្នុងនោះស្ថានការណ៍យ៉ាប់យ៉ឺនបំផុត គឺនៅហ្គាហ្សា មីយ៉ាន់ម៉ា និងស៊ូដង់ រួមទាំងអាហ្វហ្គានីស្ថាន និងកេនយ៉ា។ របាយការណ៍នេះបានព្រមានថា ទស្សនវិស័យ គឺ “អាក្រក់” សម្រាប់ឆ្នាំ២០២៥ ដោយសារតែប្រទេសម្ចាស់ជំនួយធំៗបានកាត់បន្ថយថវិកាមនុស្សធម៌យ៉ាងច្រើន៕
ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា
