កម្ពុជា-វៀតណាមចាប់ដៃបង្កើនសន្ទុះនាំចេញ-នាំចូលគ្រឿងអលង្ការ

ភ្នំពេញ ៖ សមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា បានរៀបចំពិធីចុះហត្ថលេខាជាមួយសមាគមគ្រឿងអលង្ការវៀតណាម សំដៅបង្កើនសន្ទុះ និងផ្តល់ភាពងាយស្រួល ក្នុងការនាំចេញ-នាំចូលគ្រឿងអលង្ការរវាងប្រទេសទាំងពីរ។

ពិធីចុះហត្ថលេខាដែលរៀបចំឡើងនៅមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្យ នាល្ងាចថ្ងៃទី១៦ ខែឧសភានេះ ក៏មានពិធីសម្បថរបស់សមាជិកសមាជិកាថ្មីរបស់សមាគមផងដែរ។

លោកជំទាវ ញ៉ែត ស្រីអូន ប្រធានសមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា ថ្លែងថា ការចុះហត្ថលេខា សហការគ្នារវាងសមាគមប្រទេសទាំងពីរ គឺដើម្បីមានភាពងាយស្រួល ក្នុងការនាំចេញនាំចូលគ្រឿងអលង្ការរវាងកម្ពុជា-វៀតណាម ព្រមទាំងងាយស្រួលដល់សមាជិកសមាជិកាចូលជាសមាជិកឆ្លាស់គ្នារវាងសមាគមទាំងពីរ។

លោកជំទាវ ញ៉ែត ស្រីអូន បន្តថា ក្នុងន័យនេះ សមាជិកសមាគមកម្ពុជា ក៏អាចក្លាយជាសមាជិកសមាគមវៀតណាម ហើយសមាជិកសមាគមវៀតណាមក៏អាចក្លាយជាសមាជិកសមាគមកម្ពុជាបានដូចគ្នា។

លោកជំទាវប្រធានសមាគមបន្ថែមថា ជាង១ឆ្នាំមកនេះ សមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា សម្រេចបាននូវផ្លែផ្កាថ្មីៗ ជាបន្តបន្ទាប់ ហើយក្នុងស្មារតីនេះ ក៏នឹងធានាឲ្យបាននូវផលប្រយោជន៍ដល់សមាគម និងលើកស្ទួយកិត្តិសព្ទល្បីរន្ទឺរបស់សមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា ឲ្យរីកសាយភាយលើឆាកអន្តរជាតិ។

ក្នុងឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មគ្រឿងអលង្ការ និងត្បូងមានតម្លៃ សម្រេចបានជាង ៧៨៨លានដុល្លារ ថយចុះប្រមាណ ៣០% បើធៀបនឹងឆ្នាំ២០២៣ ដែលគិតជាទឹកប្រាក់សរុបសម្រេចបានក្នុងរង្វង់ ១,២៦៧លានដុល្លារ។

ឯកឧត្តម សុខ ចិន្ដាសោភា ឧបនាយករដ្ឋមន្ដ្រីតំណាងដ៏ខ្ពង់ខ្ពស់សម្ដេចបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានឲ្យដឹងថា ក្នុងរយៈពេល៤ខែ ពោលចាប់ពីខែមករា រហូតដល់ខែមេសា ឆ្នាំ២០២៥ ទំហំពាណិជ្ជកម្មគ្រឿងអលង្ការ និងត្បូងមានតម្លៃ មានចំនួនជាង ២៤៤លានដុល្លារ៕ អត្ថបទ ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner