សម្តេចធិបតី ហ៊ុន​ ម៉ាណែត​៖​ សុខសន្តិភាពបានបង្កើតឱកាសសម្រាប់ការអភិវឌ្ឍ កសាងសមិទ្ធផលជាបន្តបន្ទាប់នៅទូទាំងប្រទេស

សម្តេចធិបតី ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីកម្ពុជា​ បានបញ្ជាក់ថា​ សុខសន្តិភាព បានបង្កើតឱកាសសម្រាប់ការអភិវឌ្ឍ កសាងសមិទ្ធផលជាបន្តបន្ទាប់នៅទូទាំងប្រទេស។ សមិទ្ធផលទាំងអស់នេះ ក៏មិនអាចកើតមានឡើងបានទេ បើប្រទេសមានសង្គ្រាម ។ ជាក់ស្តែងនៅលើទឹកដីស្រុកវាលវែងនេះ ដែលពីមុនជាទីតាំងភ្លើងសង្គ្រាមប្រយុទ្ធគ្នាដ៏ក្ដៅគគុក តែបច្ចុប្បន្នបានប្រែក្លាយទៅជាទីដ៏ស្រស់ត្រកាល និងរីកដុះដាលដោយសមិទ្ធផលសម្រាប់បំពេញសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ។ ការបញ្ជាក់នេះ​ ក្នុងពិធីសម្ពោធអគារសិក្សា និងសមិទ្ធផលនានា នៅវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ នៅស្រុកវាលវែង ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី១៧​ ខែឧសភា​ ឆ្នាំ២០២៥។

សម្តេចធិបតីបានបន្តថា​ ការកសាងសមិទ្ធផលនានា គឺជានិមិត្តរូបនៃការបន្តអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលពីមួយអាណត្តិទៅមួយអាណត្តិ និងបានឆ្លុះបញ្ចាំងផងដែរថា ពីមួយឆ្នាំទៅមួយឆ្នាំ ប្រទេសកម្ពុជាបន្តអភិវឌ្ឍទៅមុខជានិច្ច។

សូមជម្រាបថា​ សមិទ្ធផលដែលត្រូវបានដាក់សម្ពោធរួមមាន៖ អគារសិក្សា១ខ្នង កម្ពស់ ៣ជាន់ ស្មើនឹង១៨បន្ទប់, ទីចាត់ការ១ខ្នង មាន ៣បន្ទប់, អន្តេវាសិកដ្ឋាន ១ខ្នង កម្ពស់ ២ជាន់ ស្មើនឹង ២០ បន្ទប់, ក្លោងទ្វារ ២, ផ្លូវបេតុងប្រវែង ២.៦៤០ម៉ែត្រ, របងព័ទ្ធជុំវិញប្រវែង ១.៣៥០ម៉ែត្រ, ទីលានបាល់បោះ១, ទីលានបាល់ទះ១ និងដងទង់ជាតិ ១ សាងសង់លើផ្ទៃដីទំហំ ៨៨.៤០៤ ម៉ែត្រការ៉េ និង សមិទ្ធផលផ្សេងៗទៀត៕
ដោយ៖ពលជ័យ
រូបភាព៖ហ្វេសប៊ុកផេកសម្តេចធិបតី ហ៊ុន ម៉ាណែត

ads banner