យុទ្ធនាការ«ពន្លកបៃតង»នឹងចែកកូនឈើចំនួន ៣លានដើមនៅឆ្នាំ២០២៥ជួយបង្កើនគម្របបៃតងនៅកម្ពុជា

(ភ្នំពេញ)៖ ដើម្បីអនុវត្តយុទ្ធសាស្ត្រកម្ពុជាបៃតង និងសម្រេចគោលដៅជាប្រទេសអព្យាក្រឹតកាបូន នៅឆ្នាំ២០៥០ ក្រសួងបរិស្ថានបានដាក់ចេញយុទ្ធនាការបណ្តុះគំនិត«ពន្លកបៃតង» ដើម្បីជំរុញការបណ្តុះកូនឈើនៅតាមថ្នាលរបស់មន្ទីរបរិស្ថានទូទាំងប្រទេស និងបង្កើតថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ ចំនួន៥កន្លែងធំៗ នៅខេត្តត្បូងឃ្មុំ ខេត្តសៀមរាប ខេត្តមណ្ឌលគីរី ខេត្តកំពង់ស្ពឺ និងខេត្តកោះកុង ដើម្បីចែកកូនឈើជូនប្រជាពលរដ្ឋយកទៅដាំដោយឥតគិតថ្លៃ។ កូនឈើដែលក្រសួងបរិស្ថាន បានបណ្តុះ និងចែកជូនសាធារណជន រួមមានប្រភេទឈើ៣ប្រភេទ គឺប្រភេទឈើប្រណីត ឈើហូបផ្លែ និងដើមត្នោត។

នៅក្នុងឱកាសអញ្ជើញចុះពិនិត្យលើការសាសង់ថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ នៅក្នុងខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថានៅឆ្នាំ២០២៥នេះ ក្រសួងបរិស្ថាននឹងរៀបចំពិព័រណ៍និងចែកកូនឈើ ក្រោមមូលបទ»ពន្លកបៃតង» ដើម្បីចែកជូនកូនឈើដល់ប្រជាពលរដ្ឋដោយឥតគិតថ្លៃ ចំនួន៣លានដើម ក្នុងនោះមានកូនត្នោត ចំនួន១លានដើមផងដែរ។ យុទ្ធនាការបណ្តុះគំនិត«ពន្លកបៃតង» នេះ នឹងប្រារព្ធឡើងជាលើកទី២ បន្ទាប់ពីលើកទី១ ត្រូវបានរៀបចំឡើងកាលពីថ្ងៃទី១០-១៦ ខែកក្កដា ឆ្នាំ២០២៤ និងបានចែកកូនឈើជូនប្រជាពលរដ្ឋយកទៅដាំតាមទីសាធារណៈ ដាំតាមសហគមន៍ និងដាំស្តារព្រៃបានចំនួន ១,៣លានដើម។

ឯកឧត្តមរដ្ឋមន្រ្កីបានមានប្រសាសន៍ថា ភាពបៃតង ជាសសរស្តម្ភទី២នៃយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន បានដាក់ចេញអនុលោមតាម យុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ នៃរាជដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានសំដែងនូវសេចក្តីសង្ឃឹមថា នៅឆ្នាំបន្ទាប់ទៀត ក្រសួងបរិស្ថាន អាចបណ្តុះកូនឈើបានចំនួន ១០លានដើម ជារៀងរាល់ឆ្នាំ ចែកជូនប្រជាពលរដ្ឋយកទៅដាំ ដែលឆ្លើយតបនឹងការប្តេជ្ញាចិត្ត របស់កម្ពុជាពង្រីកគម្របព្រៃឈើ ឱ្យបានច្រើន ចូលរួមចំណែកក្នុងការទប់ស្កាត់និងកាត់បន្ថយ ការប្រែប្រួលអាកាសធាតុ ធ្វើឱ្យសហគមន៍មូលដ្ឋាន មានភាពបៃតង និងកូនចៅជំនាន់ក្រោយស្គាល់ពីតម្លៃនៃធនធានធម្មជាតិទាំងអស់នេះ។ លើសពីនេះ ដើមឈើដែលបានដាំដុះទាំងអស់នោះ ផ្តល់ប្រយោជន៍ដល់ការអភិវឌ្ឍប្រទេសជាតិ តាមរយៈឥណទានកាបូន និងចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច ហេដ្ឋរចនាសម្ព័ន្ធ របស់ប្រជាពលរដ្ឋនៅតាមសហគមន៍មូលដ្ឋាន តាមរយៈការអភិវឌ្ឍគោលដៅលំហែបៃតង។

ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន បានមានប្រសាសន៍ជំរុញឱ្យមានការចូលរួម គ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ ឱ្យកាន់តែប្រសើរ ក្នុងនោះ ការអនុវត្តច្បាប់ ១០០%ចំពោះបទល្មើសធនធានធម្មជាតិ ពង្រឹងកិច្ចសហការជាមួយគណៈបញ្ជាការកងឯកភាពខេត្ត និងអាជ្ញាធរមូលដ្ឋាន រួមទាំងសមត្ថកិច្ចពាក់ព័ន្ធ ផ្តល់ការគាំទ្រជាមធ្យោបាយ និងសម្ភារប្រើដល់ការអនុវត្តច្បាប់ ដូចជាដ្រូន ផែនទីតំបន់ការពារ និងផែនទីផ្កាយរណប ទៅដល់អាជ្ញាធរមូលដ្ឋាន និងជំរុញការដាំដើមឈើឱ្យច្រើន ក្នុងគោលដៅធានាគុណភាពបរិស្ថាន សុវត្ថិភាពនៃប្រព័ន្ធសេវាកម្មអេកូឡូស៊ី និងការរស់នៅប្រកបដោយភាពសុខដុមរមនា ទាំងក្នុងក្របខ័ណ្ឌសង្គមជាតិ និងសកលលោក ៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner