លោក Zelensky ថ្កោលទោសយ៉ាងខ្លាំង ក្រោយរុស្ស៊ីវាយប្រហារឡានក្រុងស្លាប់ជនស៊ីវិល ៩នាក់

កៀវ ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានថ្កោលទោសយ៉ាងខ្លាំង បន្ទាប់ពីកងកម្លាំងរុស្ស៊ីវាយប្រហារដ្រូនកម្ទេចឡានក្រុងដឹកជនស៊ីវិលមួយគ្រឿង បណ្តាលឱ្យមនុស្ស ៩នាក់ស្លាប់បាត់បង់ជីវិត និង ៧នាក់រងរបួសធ្ងន់-ស្រាល ដោយលោកថែមទាំងអំពាវនាវជាថ្មីឲ្យមានការដាក់ទណ្ឌកម្មកាន់តែតឹងរ៉ឹងបំផុតប្រឆាំងនឹងរុស្ស៊ី។

តាមរយៈបណ្តាញសង្គម មេដឹកនាំអ៊ុយក្រែនរូបនេះបានចាត់ទុកការវាយប្រហារដោយយន្តហោះដ្រូនរបស់រុស្ស៊ីថា ជាការសម្លាប់ជនស៊ីវិលដោយចេតនា និងថា បើគ្មានទណ្ឌកម្មធ្ងន់ធ្ងរបំផុតទេ រុស្ស៊ីនឹងមិនខ្លាចញញើតស្វែងរកផ្លូវការទូតពិតប្រាកដទេ។ ដូច្នេះអ៊ុយក្រែនរំពឹងថា នឹងមានការដាកទណ្ឌកម្មតឹងរ៉ឹងបំផុតប្រឆាំងរុស្ស៊ី ពីសំណាក់អាមេរិក អឺរ៉ុប និង ដៃគូទាំងអស់របស់ទីក្រុងកៀវ។

លោកប្រធានាធិបតី ហ្សេលេនស្គី ក៏បាននឹងកំពុងទាមទារឱ្យមានកិច្ចប្រជុំកំពូលជាមួយមេដឹកនាំរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ផងដែរ ខណៈអ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ផេសកូវ បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃសៅរ៍ថា កិច្ចពិភាក្សារវាងលោក ពូទីន និងលោក ហ្សេលេនស្គី អាចធ្វើទៅបាន បើសិនគណៈប្រតិភូប្រទេសទាំងពីរឈានដល់កិច្ចព្រមព្រៀងជាក់លាក់។

អ្នកតំណាងអ៊ុយក្រែន និងរុស្ស៊ីបានបើកការចរចាដោយផ្ទាល់កម្រិតខ្ពស់ជាលើកដំបូងក្នុងរយៈពេលជិតបីឆ្នាំនៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី កាលពីថ្ងៃសុក្រ។ ពួកគេបានយល់ព្រមលើការដោះដូរឈ្លើយសឹកចំនួន ១.០០០នាក់ទៅវិញទៅមក ហើយក៏បានសម្រេចចិត្តដែរថា ពួកគេនឹងបន្តពិភាក្សាបន្ថែមទៀត៕

ប្រភព ៖ NHK ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner