លោក Trump ចង់ជម្លៀសប្រជាជនប៉ាឡេស្ទីន ១លាននាក់ទៅលីប៊ី
វ៉ាស៊ីនតោន ៖ រដ្ឋបាលប្រធានាធិបតីអាមេរិក លោក Donald Trump កំពុងធ្វើការលើផែនការមួយ ដើម្បីផ្លាស់ប្តូរទីលំនៅអចិន្ត្រៃយ៍របស់ប្រជាជនប៉ាឡេស្ទីនប្រហែល ១លាននាក់ចេញពីតំបន់ហ្គាហ្សាស្ទ្រីបទៅកាន់ប្រទេសលីប៊ី នេះបើតាមប្រភពពីទូរទស្សន៍ NBC News។

ប្រព័ន្ធផ្សព្វផ្សាយអាមេរិកដដែល បានឲ្យដឹងទៀតថា ផែនការនេះស្ថិតនៅក្រោមការពិចារណាយ៉ាងម៉ត់ចត់ ដែលរដ្ឋបាលលោក Trump បានពិភាក្សាជាមួយថ្នាក់ដឹកនាំប្រទេសលីប៊ី។

បើតាម NBC News ជាថ្នូរនឹងការតាំងទីលំនៅថ្មីរបស់ជនជាតិប៉ាឡេស្ទីននោះ រដ្ឋបាលលោក Trump អាចនឹងបញ្ចេញមូលនិធិរាប់ពាន់លានដុល្លារដល់ប្រទេសលីប៊ី ដែលអាមេរិកបានបង្កក។ យ៉ាងណាមិញ មិន ទាន់ មាន កិច្ច ព្រម ព្រៀង ចុង ក្រោយ ត្រូវបានរាយការណ៍នៅឡើយទេ។

NBC News បានឲ្យដឹងទៀតថា កិច្ចខិតខំប្រឹងប្រែង ដើម្បីតាំងទីលំនៅថ្មីដល់ប្រជាជនប៉ាឡេស្ទីនប្រហែល ១លាននាក់ ទំនងជាត្រូវប្រឈមមុខនឹងឧបសគ្គ ដោយសារតែផែនការនេះ នឹងត្រូវចំណាយលុយដ៏ច្រើនសម្បើម។

កន្លងមក លោកប្រធានាធិបតី Trump បានស្នើកាលពីខែកុម្ភៈថា អាមេរិកនឹងកាន់កាប់តំបន់ហ្គាហ្សា ហើយផ្លាស់ទីអ្នកស្រុកទៅកន្លែងផ្សេង និងកសាងតំបន់នោះជុំវិញឡើងវិញ។
ការលើកឡើងបែបនេះ បាននាំឲ្យមានការជំទាស់តវ៉ា ពី អេហ្ស៊ីប ហ្ស៊កដានី និង ប្រទេស ផ្សេង ទៀត។ ហហើយផែនការនិរទេសអ្នក ស្រុក ហ្គាហ្សា ទៅ លីប៊ី ក៏ ទំនង ជា ត្រូវ បាន ប្រទេស អារ៉ាប់ ប្រឆាំង ផងដែរ៕
ប្រភព ៖ NHK ប្រែសម្រួល ៖ ឈឹម ទីណា
