បេក្ខជនចំនួន ៥០៧នាក់ចូលរួមប្រឡងប្រជែងជ្រើសរើសមន្ត្រីច្បាប់ ក្របខណ្ឌទីស្តីការគណៈរដ្ឋមន្រ្តី លើវិញ្ញាសាសរសេរលើកទី១

(ភ្នំពេញ)៖ ការប្រឡងប្រជែងជ្រើសរើសមន្ត្រីច្បាប់ ឱ្យចូលបម្រើការងារនៅអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់ ក្នុងក្របខណ្ឌទីស្តីការគណៈរដ្ឋមន្រ្តី (វិញ្ញាសាសរសេរលើកទី១) ចាប់ផ្តើមនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥ នេះនៅសាលាភូមិន្ទរដ្ឋបាល។ ការចាប់ផ្តើមដំណាក់កាលប្រឡងសរសេរនេះ ទទួលបានការអញ្ជើញកាត់វិញ្ញាសាជានិមិត្តរូបដ៏ខ្ពង់ខ្ពស់ដោយ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែង រួមជាមួយ តំណាងទីស្តីការគណៈរដ្ឋមន្រ្តី តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងអង្គភាពប្រឆាំងអំពើពុករលួយ តំណាងសាកលវិទ្យាល័យនានា រួមទាំងអ្នកសង្កេតការណ៍មហាជន និងតំណាងសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.)។

តាមការគ្រោងទុក ការប្រឡងប្រជែងនារសៀលនេះ មានបេក្ខជនចូលរួមចំនួន ៥០៧នាក់ (ស្រី ១៧២នាក់) នឹងចាប់ផ្តើមនៅម៉ោង ១៣:០០នាទីរសៀល លើវិញ្ញាសាចំនួន២ ដែលបានរៀបចំរួចរាល់ រួមមាន៖ ១.វិញ្ញាសាសាពហុចម្លើយភាសាបរទេស (អង់គ្លេស ឬបារាំង) និង ២.វិញ្ញាសាពហុចម្លើយ ចំណេះដឹងទូទៅពាក់ព័ន្ធនឹងមុខងារសាធារណៈ ក្រមសីលធម៌វិជ្ជាជីវៈ គោលនយោបាយរបស់រាជរដ្ឋាភិបាល រដ្ឋបាលសាធារណៈ វប្បធម៌ទូទៅ ពលរដ្ឋវិទ្យា ប្រវត្តិសាស្រ្ត ភូមិសាស្រ្តកម្ពុជា អាស៊ាន និងសេដ្ឋកិច្ចកម្ពុជា និង ចំណេះដឹងពាក់ព័ន្ធនឹងជំនាញ/ឯកទេស។

ឯកឧត្តមបណ្ឌិត ស៊ា ម៉ៅ រដ្ឋលេខាធិការ ទីស្ដីការគណៈរដ្ឋមន្ត្រី បានមានប្រសាសន៍ថា ការប្រឡងប្រជែងនាពេលនេះបានអនុវត្តតាមគោលការច្បាប់នៃនិយាមនីតិវិធីប្រតិបត្តិ ស្តីពីការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ី របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដោយត្រូវឈរលើគោលការណ៍គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព និង ស្របតាមចក្ខុវិស័យនិងអភិក្រមរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្យកម្ពុជា «ចេះគីជាប់ ជាប់ដោយមោទនៈ ធ្លាក់ដោយអស់ចិត្ត»។

សូមជម្រាបជូនថា ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់ ក្នុងក្របខណ្ឌទីស្តីការគណៈរដ្ឋមន្ត្រី បេក្ខជនត្រូវឆ្លងកាត់ការប្រឡងចំនួន ២ដំណាក់កាល។ សម្រាប់បេក្ខជនដែលនឹងជាប់លើវិញ្ញាសាលើកទី១នេះ នឹងត្រូវបន្តប្រឡងវិញ្ញាសាសរសេរលើកទី២ នាថ្ងៃទី២៥ ខែឧសភាខាងមុខនេះ៕

អត្ថបទ៖ ង៉ាន់ ទិត្យ
រូបភាព៖ រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner