ទូកក្តោងម៉ិកស៊ិកបើកប៉ះស្ពានអាមេរិកអាយុកាល ១៤២ឆ្នាំ ស្លាប់មនុស្ស២នាក់
ញូវយ៉ក ៖ Brooklyn Bridge ជាស្ពានមានអាយុកាល ១៤២ឆ្នាំនៅទីក្រុងញូវយ៉ក បានប៉ះទង្គិចជាមួយក្តោងទូកហ្វឹកហ្វឺនកងទ័ពជើងទឹកម៉ិកស៊ិកមួយគ្រឿង បណ្តាលឱ្យមនុស្ស ២នាក់បានស្លាប់បាត់បង់ជីវិត និង ១៩នាក់ទៀតរងរបួសធ្ងន់-ស្រាល នេះបើតាមការអះអាងរបស់លោកអភិបាលក្រុងញូវយ៉ក Eric Adams។

អភិបាលក្រុងញូវយ៉ករូបនេះ បានបង្ហោះសារលើបណ្តាញសង្គម X នៅថ្ងៃអាទិត្យនេះថា នៅពេលកើតហេតុ មនុស្សចំនួន ២៧៧នាក់បានជិះនៅលើទូកក្តោងនោះ ហើយមនុស្ស ១៩នាក់បានរងរបួស ក្នុងនោះ ២នាក់របួសធ្ងន់ធ្ងរ និង២នាក់ទៀតបានស្លាប់បាត់បង់ជីវិត។

បើតាមអភិបាលក្រុងញូវយ៉ករូបនេះ ទូករបស់ម៉ិកស៊ិកមួយគ្រឿងនោះ ជាប្រភេទទូកក្តោង បានបើកប៉ះស្ពាន Brooklyn Bridge នៅទីក្រុងញូវយ៉ក នៅម៉ោង ៨និង២៦នាទីយប់ថ្ងៃសៅរ៍ម្សិលមិញ (ម៉ោងក្នុងតំបន់) ប៉ុន្តែស្ពានចំណាស់មានអាយុកាល ១៤២ឆ្នាំនេះ មិនមានការខូចខាតធ្ងន់ធ្ងរទេ។ បច្ចុប្បន្នឧប្បត្តិហេតុនេះបាននឹងកំពុងស្ថិតក្រោមដំណើរការស៊ើបអង្កេត៕
ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

