ព្យុះកំបុតត្បូងដ៏កំណាចឆក់យកជីវិតមនុស្សជាង ២០នាក់នៅអាមេរិក
វ៉ាស៊ីនតោន ៖ យ៉ាងហោចណាស់មនុស្ស ២១នាក់បាស្លាប់បាត់បង់ជីវិត និងជិត ២០០.០០០នាក់គ្មានអគ្គិសនីប្រើប្រាស់ បន្ទាប់ពីព្យុះកំបុតត្បូងដ៏កំណាចមួយបានវាយប្រហាររដ្ឋ Missouri និង Kentucky របស់អាមេរិក ចាប់ពីថ្ងៃសុក្រ ដល់ព្រឹកថ្ងៃសៅរ៍សប្តាហ៍នេះ។

អភិបាលរដ្ឋ Kentucky លោក Andy Beshear បានបង្ហោះសារនៅលើវេទិកា X ថា មនុស្ស ១៤នាក់ត្រូវបានគេរាយការណ៍ថាបានស្លាប់ដោយសារព្យុះកំបុតត្បូងដ៏កំណាច ប៉ុន្តែអ្វីដែលគួរឲ្យព្រួយបារម្ភខ្លាំងនោះ ចំនួនអ្នកស្លាប់ត្រូវបានរំពឹងថា នឹងបន្តកើនឡើងថែមទៀត។

ចំណែកអភិបាលក្រុង St. Louis លោកស្រី Cara Spencer បានប្រាប់អ្នកកាសែតថា ទីក្រុងរបស់លោកស្រីក៏បានជួបរឿងសោកសៅ ការបាត់បង់ជីវិតមនុស្ស និងការបំផ្លិចបំផ្លាញដ៏គួរឱ្យរន្ធត់ផងដែរ។

ផ្អែកតាមប្រភពរបស់ NBC News មន្រ្តីក្នុងតំបន់បានរាយការណ៍ថា លំនៅដ្ឋានជាង ៥.០០០កន្លែងបានរងផលប៉ះពាល់ ក្រោយព្យុះកំបុតត្បូងបានចាប់ផ្តើមវាយប្រហារនៅរសៀលថ្ងៃសុក្រសប្តាហ៍នេះ។
យោងតាមរដ្ឋបាលមហាសមុទ្រ និងបរិយាកាសជាតិអាមេរិក បានឲ្យដឹងថា សហរដ្ឋអាមេរិកបានរងការវាយប្រហារពីព្យុះកំបុតត្បូងប្រហែល ១.២០០ព្យុះក្នុងមួយឆ្នាំៗ៕
ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា
