បទល្មើសនេសាទនៅតំបន់បឹងទន្លេសាប៖ទោះបីស្ងប់ស្ងាត់ តែមិនភ្លេចខ្លួន

កំពង់ធំ ​៖បន្ទាប់ពីមានការឈរជើងជាប្រចាំនៅតំបន់បឹងទន្លេសាបដែលតែងតែ​កើត​ឡើងនូវបទល្មើសនេសាទ បានធ្វើឱ្យ​សកម្មភាព​ល្មើសបានថយចុះ។ ទោះជា​យ៉ាង​នេះក្តី​ ឧត្តមសេនីយ៍ទោ សោម ស៊ុន អនុប្រធានអចិន្ដ្រៃយ៍គណៈ​កម្មការ​ការ​ការពារ​ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ ក៏មិនភ្លេច​ក្នុង​ការទៅលើកទឹកចិត្ត និងពង្រឹង​សកម្មភាពទប់ស្កាត់បទល្មើសដល់កម្លាំង​ប្រចាំការ​ផងដែរ។

នៅចុងសប្ដាហ៍នេះឧត្តមសេនីយ៍ទោ សោម ស៊ុន ដែលជាមេបញ្ជាការតំបន់​សឹករងខេត្តកំពង់ធំផង បានអញ្ជើញ​សួរសុខ​ទុក្ខកងកម្លាំង កំពុងបំពេញភារកិច្ច ការពារធនធានធម្មជាតិ និងបង្ក្រាបបទល្មើសនេសាទខុសច្បាប់ នៅតំបន់បឹង​ទន្លេសាប ក្នុងភូមិសាស្រ្ត ឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ និងឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ ។

លោកវរសេនីយ៍ឯក អ៊ូ ឆេងកន មេបញ្ជាការរង និងជាមេបញ្ជាការកងកម្លាំង​អន្តរាគមន៍បង្ក្រាបបទល្មើសនេសាទ ប្រចាំការ​នៅទិសភូមិសាស្ត្រគោលដៅទាំង២ បញ្ជាក់ថា បទល្មើសនេសាទដោយប្រើប្រាស់ឧបករណ៍ខុសច្បាប់មានការថយចុះ ដោយ​កងកម្លាំងបានបង្ក្រាប និងបំផ្លាញចោលនៅនឹងកន្លែង ។ក្នុងនោះក៏មាន​បទល្មើសខ្លះនៅតែបន្តកើតឡើង ដោយសារ​ក្រុមប្រើប្រាស់ឧបករណ៍​នេសាទ​ខុសច្បាប់លួចដាក់នៅពេលយប់ តែទោះជាមានហេតុការណ៍ខាងលើក៏ដោយ កងកម្លាំង​ចម្រុះចុះបង្រ្កាបដូចភ្លៀងរលឹម ។

ក្នុងឱកាសនេះដែរឧត្តមសេនីយ៍ទោ សោម ស៊ុន បានកោតសរសើរកង​កម្លាំងទាំង​ពីរគោលដៅ ដែលបានសហការល្អ ជាមួយអាជ្ញាធរដែនដី មន្រ្តីជំនាញ ខិតខំប្រឹង​ប្រែងការពារធនធានធម្មជាតិ ដែលប្រមុខរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំ​គ្រប់លំដាប់​ថ្នាក់នៃកងយោធពលខេមរភូមិន្ទ ព្រមទាំងឯកឧត្តមអភិបាល​ខេត្តកំពង់ធំ បានប្រគល់ជូន ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានណែនាំឱ្យត្រួតពិនិត្យឡើងវិញ និងមានវិធាន​ការបង្ក្រាបការដាក់របាំងស្បៃអួនខុសច្បាប់ ពិសេសសកម្មភាពលួចឆក់ត្រី​តាមគ្រប់រូបភាព ដាច់ខាតត្រូវការពារឲ្យបានតំបន់ឡូត៍អភិរក្សពូជត្រី ។

ក្នុងឱកាសនេះដែរ ក៏បាននាំយកអំណោយរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តាម​រយៈឯកឧត្តមឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រី វង្សី វិស្សុត រួមមាន ប្រេងសាំងចំនួន៧០០លីត្រ និងគ្រឿងឧបភោគ បរិភោគ​មួយចំនួនធំផ្តល់ជូនកងកម្លាំងទាំងពីរគោលដៅ៕
ដោយ៖ ប៊ុន រដ្ឋា

ads banner