ពលរដ្ឋ ៖ ការកសាងផ្លូវទៅកាន់ភ្នំខ្នងផ្សារជួយទាំងផ្នែកវិស័យទេសចរណ៍ និងជួយដល់ជីវភាពរបស់ពួកគាត់
(កំពង់ស្ពឺ)៖ ក្នុងពិធីសម្ពោធបើកការដ្ឋានសាងសង់ផ្លូវចូលទៅកាន់ភ្នំខ្នងផ្សារ និង ហេដ្ឋារចនាសម្ព័ន្ធបម្រើឱ្យគោលដៅលម្ហែបៃតងតំបន់ភ្នំខ្នងផ្សារ ខេត្ត កំពង់ស្ពឺ ត្រូវបានពលរដ្ឋ អបអរសាទរ និង បង្ហាញការសប្បាយចិត្តដោយសារតែផ្លូវ មួយខ្សែនេះ ក្រៅពីផ្តល់ភាពងាយស្រួលដល់ពួកគាត់ក្នុងការធ្វើដំណើរហើយ នៅបានជួយដល់ការបម្រើវិស័យទេសចរណ៍ ដែលនេះគឺជាជំហ៊ានថ្មីប្រកបដោយក្តីសង្ឃឹមជួយដល់ជីវភាពរបស់ពួកគាត់កាន់តែល្អប្រសើរ ។
គួរបញ្ជាក់ថា ក្រៅពីបើកការដ្ឋានសាងសង់ផ្លូវចូលទៅកាន់ភ្នំខ្នងផ្សារ ជាទីកម្សាន្តដ៏ល្បីឈ្មោះនាខេត្តកំពង់ស្ពឺដែលបានប្រព្រឹត្តទៅនៅភូមិតាំងបំពង់ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ ហើយរដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម អ៊ាង សុផល្លែត បានប្រកាសពីការកសាងហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀតដូចជាគម្រោងរៀបចំកន្លែង មណ្ឌលព័ត៌មាន មណ្ឌលសង្រ្គោះបន្ទាន់ ហាងកាហ្វេ គឺមិនបានប្រើអគ្គិសនីទេពោលគឺប្រើប្រព័ន្ធពន្លឺព្រះអាទិត្យដើម្បីមិនបង្កឱ្យប៉ះពាល់ដល់បរិស្ថាន ហើយបានផ្តល់ផលល្អដល់ប្រជាសហគមន៍ដោយមិនចាំបាច់ចំណាយថវិការថែមទៀត។
តាមរយៈនេះដែរប្រជាសហគមន៍មួយរូប គឺអ្នកស្រី ផាន ស៊ឺន បានបង្ហាញក្តីរីករាយថា អ្នកស្រុកដែលរស់នៅតំបន់ដាច់ស្រយាលធ្លាប់តែពឹងផ្អែកលើវិស័យកសិកម្មភាគច្រើន ពេលនេះអាចជួយឱ្យពួកគាត់អាចរកចំណូលមួយបន្ថែមទៀតគឺបម្រើលើវិស័យទេសចរណ៍ ពិសេសអ្នកស្រីជាអ្នកលក់ដូរនៅតាមដងផ្លូវកន្លែងនេះអាចជួយឱ្យរកចំណូលសម្រាប់គ្រួសារជារៀងរាល់ថ្ងៃ។
ស្រ្តីរូបនេះប្រាប់ថា តំបន់ទេសចរណ៍ខ្នងផ្សារជាទីកន្លែងកម្សាន្តបែបធម្មជាតិដ៏ស្រស់ស្អាត ផ្តល់ក្តីសប្បាយរីករាយជាមួយទេសភាពព្រៃភ្នំ ទស្សនាថ្ងៃរះ ថ្ងៃលិច ស្តាប់សត្វយំ មានកន្លែងបោះតង់ ជាមួយអាកាសធាតុដ៏ត្រជាក់នាពេលរាត្រី ពិតជាបានទាក់ទាញដល់អ្នកទេសចរមិនថាកម្ពុជាទេ សូម្បីតែបរទេសតែងចូលកម្សាន្តឥតសូវដាច់សោះឡើយ។
អ្នកស្រី សៅ ស៊ឺន ជាសមាជិកសហគមន៍តំបន់ការពារធម្មជាតិរលាក់កងជើង បានប្រាប់ថានៅពេលផ្លូវស្អាតសង្ឃឹមថាអ្នកទេសចនឹងចូលកម្សាន្តកាន់តែច្រើនបន្ថែមទៀត ដែលពេលនោះហើយគឺជីវភាពប្រជាសហគមន៍ល្អប្រើសើរ និងនេះក៏ជាក្តីបំណងពលរដ្ឋតែងសង្ឃឹមទុកជាយូរមកហើយដែរ។
លោក ហ៊ុន សៅ ប្រធានសហគមន៍តំបន់ការពារធម្មជាតិរលាក់កងជើងបានលើកឡើងថាពិតពលរដ្ឋពិតជារីករាយខ្លាំងណាស់ពីព្រោះថាផ្លូវប្រៀបដូចជាសរសៃឈាម ម្ល៉ោះហើយធ្វើឱ្យពួកគាត់អាចធ្វើដំណើរទៅកាន់កន្លែងដទៃទៀតមិនជួបការលំបាកដូចកាលពីមុនទៀត ពិសេសអ្នកនៅតំបន់ដទៃទៀតក៏អាចទំនាក់ទំនងមកកាន់តំបន់ខ្នងផ្សារនេះឥតជួបការលំបាកទៀតឡើយ ពិសេសអ្នកទេសចរតែម្តងគេអាចធ្វើដំណើកម្សាន្តមកទីកន្លែងនេះកាន់តែច្រើនឡើង។
ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានបានឱ្យដឹងថា នាពេលនេះក្រសួងកំពុងសិក្សារពីការធ្វើផ្លូវចាក់បេតុងពីជើងភ្នំឡើង ដល់ដំណាក់ដានព្រះ ដោយក្នុងនេះនៅជើងភ្នំនឹងសាងសង់មណ្ឌលព័ត៌មានមួយកន្លែង មណ្ឌលសង្រ្គោះបន្ទាន់មួយ បន្ទប់ទឹក ច្រកផ្លូវត្រឹមត្រូវ មានចំណតរថយន្ត ចំណតម៉ូតូ ដោយទុកឱ្យសហគមន៍គ្រប់គ្រង និងរកចំណូលសម្រាប់សហគមន៍ផ្ទាល់នៅទីនោះតែម្តង។ក្រៅពីនេះក៏មានហាងកាហ្វេមួយកន្លែងទៀតដោយក្រសួងនឹងជួយទិញទាំងម៉ាស៊ីនកិនកាហ្វេ បង្រៀនវិធីសាស្រ្តឆុងកាហ្វេដល់ប្រជាសហគមន៍សម្រាប់រកចំណូលដោយខ្លួនឯង។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងថា គម្រោងនេះ មានន័យលើសពីការសាងសង់ផ្លូវ និងសំណង់ស្ថាបត្យកម្ម ពីព្រោះស្ថាបត្យកម្មនេះ កើតចេញពីការប្តេជ្ញាចិត្តដ៏ខ្ពស់ និងពេញដោយក្តីស្រឡាញ់ គិតគូរពីសុខទុក្ខរបស់ប្រជាសហគមន៍តំបន់ការពារធម្មជាតិទេទឹកពុះ និងភ្នំខ្នងផ្សារ ពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
គួរបញ្ជាក់ថា ការកសាងហេដ្ឋារចនាសម្ព័ន្ធថ្មីនេះដែរត្រូវបានប្រជាសហគមន៍ចាត់ទុកថាជាចំណុចចាប់ផ្តើមប្រវត្តិសាស្ត្រសម្រាប់ខេត្តកំពង់ស្ពឺ ខេត្តកោះកុង និងជាពិសេសសម្រាប់ប្រជាពលរដ្ឋនៅជុំវិញតំបន់ភ្នំខ្នងផ្សារ ដែលជាផ្នែកមួយនៃឧទ្យានជាតិជួរភ្នំក្រវាញសម្រាប់ការអភិវឌ្ឍន៍ខ្លួន៕
ដោយ ៖ ម៉ាដេប៉ូ
រូបភាព ៖ សែម បូរិន








