កម្ពុជាបំពេញតួនាទីជាប្រធាន ដឹកនាំកិច្ចប្រជុំកិច្ចសហប្រតិបត្តិការអាស៊ាន ស្ដីពីកិច្ចការមុខងារសាធារណៈ
(ព្រះសីហនុ)៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ ២០២៥ បានអញ្ជើញជាអធិបតីដ៏ ក្នុងពិធីបើក «កិច្ចប្រជុំត្រៀម និងកិច្ចប្រជុំមន្ដ្រីជាន់ខ្ពស់ កិច្ចសហប្រតិបត្តិការអាស៊ាន ស្ដីពីកិច្ចការមុខងារសាធារណៈ ASEAN Cooperation on Civil Service Matters(ACCSM) » និងមានសមាសភាព ចូលរួមជាមន្ត្រីជាន់ខ្ពស់ដែលពាក់ព័ន្ធកិច្ចការមុខងារសាធារណៈ នៃបណ្តាប្រទេសអាស៊ាន និងប្រទេសដែលជាដៃគូសន្ទនា កិច្ចប្រជុំដ៏មានសារៈសំខាន់ ដែលដឹកនាំរៀបចំដោយ ក្រសួងមុខងារសាធារណៈ នៃព្រះរាជាណាចក្រកម្ពុជា គឺមានរយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី ១៩-២០ ខែឧសភា ឆ្នាំ២០២៥ នៅខេត្តព្រះសីហនុ ក្រោមមូលបទ «នវានុវត្តន៍សម្រាប់ការផ្តល់សេវាសាធារណៈឱ្យកាន់តែប្រសើរឡើង» ។
សូមជម្រាបផងដែរថា នៅក្នុងឆ្នាំ២០០៥ ស្ថាប័នមុខងារសាធារណៈនៃប្រទេសកម្ពុជាធ្លាប់បានធ្វើជាប្រធានប្តូរវេន និង ជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ ACCSM លើកទី១៣ ជាលើកទី១។ នៅឆ្នាំ២០២៥ ពោលគឺក្នុងរយៈកាល២០ឆ្នាំក្រោយមកក្រសួងមុខងារសាធារណៈកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះជាលើកទី២ រៀបចំកិច្ចប្រជុំ ACCSM លើកទី២៣ និង កិច្ចប្រជុំ ACCSM+3 លើកទី៨។
បន្ថែមលើកិច្ចប្រជុំខាងលើ ប្រតិភូដែលចូលរួមកិច្ចប្រជុំ នឹងត្រូវបានអញ្ជើញចូលរួមដំណើរទស្សនកិច្ចនៅក្រុងកោះរ៉ុង ដែលជាតំបន់ទេសចរឆ្នេរសមុទ្រដ៏ស្រស់ស្អាតរបស់កម្ពុជា៕






ដោយ ៖ លោក ខៀវ សាវ៉ុន