សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ រដ្ឋសភាគំាទ្រពេញទំហឹងចំពោះប្រព័ន្ធគាំពារសង្គមដែលបានរួមចំណែកជួយដល់ប្រជាពលរដ្ឋក្នុងពេលជួបវិបត្ដិនានា និងបានចូលរួមកាត់បន្ថយភាពក្រីក្រនៅកម្ពុជា
ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា ប្រព័ន្ធគាំពារសង្គម បានរួមចំណែកដ៏សំខាន់ជួយដល់ប្រជាពលរដ្ឋកម្ពុជារាប់សិបលាននាក់ ក្នុងពេលជួបវិបត្ដិនានាជាយថាហេតុ។ ជាមួយគ្នានេះប្រព័ន្ធគំាពារសង្គម បានចូលរួមកាត់បន្ថយភាពក្រីក្រ ជាពិសេសធានាការគាំពារផ្នែកថែទាំសុខភាព ចាប់តាំងពីពេលចាប់កំណើតរហូតដល់ទទួលមរណភាព ដែលអាចកំណត់ថាជា “អភិក្រមនៃវដ្តជីវិត” ដែលមានបណ្ដុំហានិភ័យតាមដំណាក់កាលចំនួន៧ រួមមាន មាតុភាព និងហានិភ័យកុមារភាព, ហានិភ័យសុខភាព, ហានិភ័យការងារ, ពិការភាព, និកម្មភាព, ភាពគ្មានជម្រកនិងជរាភាព និងឧត្ដរជីវី។ ការបញ្ជាក់នេះ នៅក្នុងក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីវេទិកាផ្សព្វផ្សាយស្តីពី «ប្រព័ន្ធគាំពារសង្គមនៅកម្ពុជា » នៅវិមានរដ្ឋសភានាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ ២០២៥ ដែលរៀបចំឡើងដោយគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីត យុទ្ធជន យុវនីតិសម្បទា បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា(គណៈកម្មការទី៨នៃរដ្ឋសភា) សហការជាមួយ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។
សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលគ្រប់នីតិកាល ជាពិសេស ក្នុងនីតិកាលទី៧ នៃរដ្ឋសភា តែងតែយកចិត្តទុកដាក់ខ្ពស់បំផុតលើមូលធនមនុស្ស ដោយកំណត់យក “មនុស្ស” ជាគោលដៅអាទិភាពសម្រាប់ការអភិវឌ្ឍជាតិ ដោយបន្តលើកកម្ពស់ការអភិវឌ្ឍមូលធនមនុស្ស និងសុខុមាលភាពរបស់ពលរដ្ឋ តាមរយៈការបន្តជំរុញការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមឱ្យកាន់តែមានប្រសិទ្ធភាព និងចីរភាព ដើម្បីផ្តល់ការគាំពារដល់ពលរដ្ឋពេញមួយជីវិត។ ប្រព័ន្ធគាំពារសង្គម មិនត្រឹមជាសំណាញ់សុវត្ថិភាពប៉ុណ្ណោះទេ ប៉ុន្តែជាក្បាលម៉ាស៊ីន នៃសមធម៌សង្គម និងភាពធន់នៃសេដ្ឋកិច្ច។
ក្នុងនាមរដ្ឋសភា និងជាតំណាងឱ្យប្រជាពលរដ្ឋកម្ពុជា សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានគូសបញ្ជាក់ថា រដ្ឋសភាគាំទ្រយ៉ាងពេញទំហឹង ចំពោះគោលនយោបាយប្រព័ន្ធគាំពារសង្គម ហើយរដ្ឋសភានឹងបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់កិច្ចសហការ និងគាំទ្រ ដើម្បីធានាថាប្រព័ន្ធនេះសម្រេចបាន នូវសក្តានុពលពេញលេញ ដែលនឹងផ្តល់ផលប្រយោជន៍ដល់ប្រជាជនគ្រប់រូបនិងគ្រប់មជ្ឈដ្ឋាន។ ប្រព័ន្ធគាំទ្រសង្គមនៅកម្ពុជាមានប្រវត្តិជាយូរលង់មកហើយ។ ក្នុងយុគសម័យនៃដឹកនាំប្រកបដោយចក្ខុវិស័យច្បាស់លាស់ វែងឆ្ងាយ និងប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្រ្តី រាជរដ្ឋាភិបាលកម្ពុជាបានគិតគូរ និងយកចិត្តទុកដាក់ខ្ពស់លើសុខុមាលភាព និងសេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋ តាមរយៈ ការរៀបចំតាក់តែងច្បាប់ កម្មវិធីនយោបាយ យុទ្ធសាស្រ្ត និងគោលនយោបាយនានាជាច្រើន។ ក្នុងឆ្នាំ២០១៩ ក្រោយពី “ច្បាប់ស្ដីពីរបបសន្ដិសុខសង្គមថ្មី” ត្រូវបានរដ្ឋសភាអនុម័ត ការគាំពារសង្គមបានវិវត្ត និងរីកចម្រើនយ៉ាងខ្លាំង ជាពិសេសលើវិសាលភាពគ្របដណ្តប់នៃសេវា ដោយបានពង្រីកការអនុវត្តលើវិស័យឯកជន រហូតគ្របដណ្តប់លើវិស័យសាធារណៈនៅឆ្នាំ២០២៤ ដោយពង្រីកវិសាលភាពរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព។
ក្នុងនាមជាតំណាងរាស្រ្ត និងជាតំណាងឱ្យប្រជាជនកម្ពុជាទាំងមូល សម្តេចរដ្ឋសភាធិបតី បានថ្លែង អំណរគុណ និងដឹងគុណជាអនេកប្បការចំពោះ សម្តេចតេជោ ហ៊ុន សែន ដែលមិនត្រឹមតែបានតស៊ូ លះបង់ និងរំដោះប្រទេសជាតិឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ប៉ុណ្ណោះទេ។ ប៉ុន្តែថែមទាំងបានការពារ កសាង និងអភិវឌ្ឍមាតុភូមិកម្ពុជាឱ្យមានការរីកចម្រើនជឿនលឿន រហូតបច្ចុប្បន្ន ជាពិសេសតែងគិតគូរនិងយកចិត្តទុកខ្ពស់ចំពោះសុខុមាលភាព វិបុលភាព និងសេចក្តីថ្លៃថ្នូររបស់ប្រជាជនគ្រប់រូប។ ជាមួយគ្នានេះ សម្តេចប្រធានរដ្ឋសភា ក៏បានថ្លែងការនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដែលជាថ្នាក់ដឹកនាំវ័យក្មេង ប្រកបដោយថាមពលខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ និងចក្ខុវិស័យវែងឆ្ងាយ ដែលបានដាក់ចេញ នូវទិសដៅ «កសាងប្រព័ន្ធគាំពារសង្គមប្រកបដោយបរិយាបន្ន ប្រសិទ្ធភាព និងចីរភាពហិរញ្ញវត្ថុ» ហើយបានប្តេជ្ញាបន្តអនុវត្ត ពង្រឹងនិងពង្រីកប្រព័ន្ធគាំពារសង្គមនេះឱ្យកាន់តែប្រសើរ និងទូលំទូលាយថែមទៀត ដោយ «មិនទុកពលរដ្ឋណាម្នាក់ចោល» ក្រោមពាក្យស្លោក “មានបេឡាសន្តិសុខសង្គម ឬ ប.ស.ស មានការគាំពារគ្រប់ពេលវេលា”៕
ដោយ៖ពលជ័យ
រូបភាព៖រដ្ឋសភា







