ត្រាំនឹងជួបពូទីនតាមទូរស័ព្ទនៅថ្ងៃនេះ
បរទេស ៖ នៅថ្ងៃចន្ទនេះ លោក Trump នឹងជួបពិភាក្សា តាមទូរស័ព្ទ ជាមួយលោក Putin ក្នុងការជំរុញ ឲ្យមានបទឈប់បាញ់ នៅអ៊ុយក្រែន។
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ អះអាងថា លោកនឹងធ្វើការសន្ទនា ជាមួយលោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី ជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែង ដ៏យូរអង្វែង របស់លោក ដើម្បីបញ្ចប់សង្រ្គាមដែលកើតឡើង ដោយសារតែការលុកលុយ របស់ទីក្រុងមូស្គូ លើអ៊ុយក្រែន កាលពីឆ្នាំ២០២២។
លោក Trump បានប្តេជ្ញា ក្នុងអំឡុងពេលយុទ្ធនាការបោះឆ្នោត ដើម្បីបញ្ឈប់ជម្លោះ ក្នុងរយៈពេលមួយថ្ងៃ នៃការចូលកាន់តំណែង ប៉ុន្តែ ការខិតខំប្រឹងប្រែងការទូតរបស់លោក រហូតមកដល់ពេលនេះ បានផ្តល់លទ្ធផល តិចតួច។
ជាការកត់សម្គាល់ គណៈប្រតិភូ មកពីរុស្ស៊ី និងអ៊ុយក្រែន បានធ្វើការចរចាដោយផ្ទាល់ នៅទីក្រុងអ៊ីស្តង់ប៊ុល កាលពីសប្តាហ៍មុន ជាលើកដំបូង ក្នុងរយៈពេលជិតបីឆ្នាំ ប៉ុន្តែ កិច្ចចរចាបានបញ្ចប់ ដោយគ្មានការប្តេជ្ញាចិត្ត ចំពោះបទឈប់បាញ់៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត
