សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យពលរដ្ឋខ្មែររំលឹកដល់ថ្ងៃឈឺចាប់២០ឧសភា ទៅជាការទប់ស្កាត់កុំឱ្យមានការបែកបាក់ជាតិដូចកាលពីអតីតកាល

(កំពង់ស្ពឺ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរ រំលឹកដល់ថ្ងៃឈឺចាប់២០ឧសភា ទៅជាការទប់ស្កាត់កុំឱ្យមានការបែកបាក់ជាតិ ដូចកាលពីអតីតកាល ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងដូច្នេះ ក្នុងឱកាសអញ្ជើញជាអធិបតី និងកាត់ខ្សែបូសម្ពោធដាក់ឱ្យដំណើរ​ការ​រោង​​ចក្រផលិតស៊ីម៉ងតិ៍ របស់ក្រុមហ៊ុន ខនស៍ ខេធី ស៊ីមេន (ភ្នំពេញ) ឯ.ក ដែលបានបោះទុនវិនិយោគប្រមាណ ២៥០លានដុល្លារសហរដ្ឋអាម៉េរិក និងមានសមត្ថភាពផលិតស៊ីម៉ងតិ៍២,២លានតោនក្នុងមួយឆ្នាំ មានទីតាំងស្ថិតនៅតំបន់ហោងសំណំ ភូមិមនោរម្យ ឃុំហោងសំណំ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ទិវាជាតិនៃការចងចាំ ២០ឧសភា បានរំលឹកឲ្យប្រជាពលរដ្ឋ រួមគ្នាថែរក្សាសុខសន្តិភាពឱ្យបានដាច់ខាត ដើម្បីកុំឲ្យមានការវិលត្រឡប់ នៃរបបខ្មែរក្រហមមកកម្ពុជាសារជាថ្មី មកបំផ្លាញសេចក្តីសុខ របស់ប្រជាជនកម្ពុជាម្តងទៀត ។

សម្តេចធិបតី បានថ្លែងថា ថ្ងៃ២០ឧសភា ជា «ទិវាជាតិនៃការចងចាំ» និងជាទិវាបុណ្យជាតិផ្លូវការ ដែលត្រូវបានកំណត់ដោយរាជរដ្ឋាភិបាលកម្ពុជា ចុះថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ សម្រាប់ជាការរំឭកដល់ជនរងគ្រោះ និងការឈឺចាប់ពីឧក្រិដ្ឋកម្ម ដែលកើតមាន ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ចន្លោះពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩ ។

សម្តេច បញ្ជាក់ថា ទិវាជាតិនៃការចងចាំ ២០ ឧសភា បង្កើតឡើងក្នុងគោលបំណង លើកតម្កើងការគោរពវិញ្ញាណក្ខន្ធ និងការធ្វើបុណ្យឧទ្ទិសដល់ជនរងគ្រោះ បានស្លាប់ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ, លើកតម្កើងការរំឭកដល់ជនរងគ្រោះ ការស្តារកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ជនរងគ្រោះ ទោះជានៅរស់រានមានជីវិតឬបានបាត់បង់ជីវិតក៏ដោយ, ប៉ះប៉ូវការឈឺចាប់ខាងផ្លូវចិត្តនិងផ្នែកសង្គមរបស់ជនរងគ្រោះនិងក្រុមគ្រួសារ, ចូលរួមចំណែកដល់ការផ្សះផ្សាជាតិនិងជំរុញឱ្យមានសុខដុមនីយកម្មក្នុងសង្គមកម្ពុជា, និងលើកកម្ពស់ការផ្សព្វផ្សាយនិងការយល់ដឹង អំពីអំពើឃោរឃៅ ដែលកើតមាន ក្នុងរបបកម្ពុជាប្រជាធិបតេយ្យកុំឱ្យកើតមានឡើងសាជាថ្មី ។

សម្តេចធិបតី មានប្រសាសន៍ថា យើងនៅតែដើរទៅមុខ តែក៏ត្រូវនឹក ដល់ថ្ងៃឈឺចាប់របស់យើងដែរ ។

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរ រំលឹកដល់ថ្ងៃឈឺចាប់ ២០ឧសភា នេះ ទៅជាការទប់ស្កាត់កុំឱ្យមានការបែកបាក់ជាតិដូចកាលពីអតីតកាល ដែលអាចធ្វើឱ្យប្រទេសជាតិយើង ធ្លាក់ចូលក្នុងទុក្ខវេទនា នៃសង្រ្គាមដូចកាលពីអតីតកាល ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner