សមាជិក សមាជិកានៃសមាគមឧកញ៉ាកម្ពុជា ចំនួន ១១៨រូប ឧបត្ថម្ភថវិកាជាង ១.៧លានដុល្លារអាម៉េរិក ជូនកាកបាទក្រហមកម្ពុជា

(ភ្នំពេញ)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍ កាកបាទក្រហមកម្ពុជា តំណាងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានទទួលជួបសំណេះសំណាល និងទទួលថវិកាជាង ១លាន ៦សែន ៩ម៉ឺន ៦៥៧៦ដុល្លារអាម៉េរិក និង ៨០លាន ៣៥ម៉ឺន ៧១១០រៀល ពីសមាគមឧកញ៉ាកម្ពុជា ដែលដឹកនាំដោយលោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា រួមជាមួយសមាជិក សមាជិកាចំនួន ១១៨រូប ដែលបានឧបត្ថម្ភជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៥ និងខួបលើកទី៧០ឆ្នាំ នៃកាកបាទក្រហមកម្ពុជា ក្រោមមូលបទ «រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ» ។

ក្នុងឱកាសនោះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានពាំនាំនូវព្រះរាជសវណីរបស់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយស និងប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ និងថ្លែងអំណរគុណចំពោះសមាគមឧកញ៉ាកម្ពុជា ដែលតែងតែបានចូលរួមបរិច្ចាគថវិកា សម្ភារ ជូនកាកបាទក្រហមកម្ពុជា តាមការស្ម័គ្រចិត្តជាបន្តបន្ទាប់ចាប់តាំងពីឆ្នាំ២០២៣មក ក៏ដូចជា តែងតែចូលរួមវិភាគទានក្នុងកម្មវិធីសប្បុរសធម៌ជាច្រើនទាំងក្នុងការងារសង្គម និងជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលទាំងនេះ បានឆ្លុះបញ្ចាំងពីការចូលរួមប្រកបដោយឆន្ទៈ និងបេះដូងមនុស្សធម៌ពិតៗរបស់សមាជិកសមាជិកានៃសមាគមឧកញ៉ាកម្ពុជា ក្នុងការជួយដល់សង្គមជាតិ ។

ជាមួយគ្នានេះ លោកជំទាវបណ្ឌិត ក៏បានជម្រាបជូនគណៈប្រតិភូផងដែរថា សកម្មភាពទាំងអស់ របស់កាកបាទក្រហមកម្ពុជា គឺបានមកពីការជួយឧបត្ថម្ភគាំទ្រពីសំណាក់សប្បុរសជនគ្រប់មជ្ឈដ្ឋាន ទើបកាកបាទក្រហមកម្ពុជា អាចបំពេញបេសកកម្មមនុស្សធម៌បាន និងអាចបន្តនិរន្តរភាពទៅមុខទៀតបាន ។

បន្ថែមពីនេះ កាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន គឺបានផ្តល់អនុសាសន៍ណែនាំដល់មន្ត្រីគ្រប់ជាន់ថ្នាក់ ត្រូវជំរុញបង្កើនការអប់រំផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងដល់ប្រជាពលរដ្ឋពាក់ព័ន្ធទៅនឹងជំងឺមិនឆ្លងនានាដូចជាជំងឺទឹកនោមផ្អែម ជំងឺលើសឈាម ជំងឺមហាសរីកជាដើម ដែលបណ្តាលមកពីការកត្តាតំណពូជ ការរស់នៅ និងការបរិភោគប្រចាំថ្ងៃ។

លោកជំទាវបណ្ឌិត ក៏បានគោរពជូនពរដល់ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា សមាជិកសមាជិកានៃសមាគមឧកញ៉ាកម្ពុជា និងសង្ឃឹមជឿជាក់ថា សមាគម នឹងបន្តចូលរួមឧបត្ថម្ភគាំទ្រដល់កាកបាទក្រហមកម្ពុជានៅឆ្នាំក្រោយៗជាបន្តបន្ទាប់ទៀត។

ក្នុងឱកាសនោះដែរ លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា បានសម្តែងនូវ អារម្មណ៍រីករាយ ដែល លោកជំទាវបណ្ឌិត បានចំណាយពេលដ៏មានតម្លៃ ផ្តល់កិត្តិយស ដល់សមាគមឧកញ៉ាកម្ពុជា បានចូលជួបសម្តែងការគួរសម និងចូលរួមបរិច្ចាគថវិកា​ជូនដល់កាកបាទក្រហមកម្ពុជា ។

សូមជម្រាបថា ក្នុងឱកាសនោះ ក៏មានសប្បុរសជន ២រូប បានចូលរួមឧបត្ថម្ភថវិកា ជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៦២ ទិវា ៨ ឧសភា ឆ្នាំ២០២៥ និងខួបលើកទី៧០ឆ្នាំ នៃកាកបាទក្រហមកម្ពុជា នេះផងដែរ គឺ៖ ១. ក្រុមហ៊ុន HUAWEI TECHNOLOGIES (CAMBODIA) CO., LTD. ឧបត្ថម្ភថវិកា ២ម៉ឺនដុល្លារអាម៉េរិក និង២. ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល និងលោកជំទាវ អ៊ូ ធីតាពៅ ឧបត្ថម្ភថវិកា ២ម៉ឺនដុល្លារអាម៉េរិក ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner