ទេសាភិបាលរងធនាគារជាតិ អំពាវនាវដល់ពលរដ្ឋ ចូលរួមថែរក្សាការពារសន្តិភាពឱ្យបានគង់វង្ស

(កំពង់ធំ)៖ ឯកឧត្តម ស៊ុ សន្និសិទ្ធ ទេសាភិបាលរង តំណាងលោកជំទាវ ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា បានអំពាវនាវដល់ពលរដ្ឋ ចូលរួមថែរក្សាការពារសន្តិភាពឱ្យបានគង់វង្ស ដើម្បីកុំឱ្យរបបប្រល័យពូជសាសន៍វិលត្រឡប់មកវិញ ។ ឯកឧត្តមទេសាភិបាលរង ថ្លែងដូច្នេះ ក្នុងពេលដែលប្រជាពលរដ្ឋរាប់រយនាក់ នៅក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ បានចូលរួម ទិវាជាតិនៃការចងចាំ ២០ឧសភា នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ ។

ក្នុងឱកាសនេះ ឯកឧត្តម ស៊ុ សន្និសិទ្ធ បានលើកឡើងថា ២០ ឧសភា ជាទិវាជាតិនៃការចងចាំ នូវទង្វើដ៏យង់ឃ្នងនៃរបបកម្ពុជាប្រជាធិបតេយ្យ ដែលជារបបប្រល័យពូជសាសន៍យ៉ាងឃោរឃៅបំផុត ដែលកន្លងទៅ ត្រូវបានគេហៅថា “ទិវាចងកំហឹង” ដើម្បីជាការចងកំហឹងទៅនឹងរបបខ្មែរក្រហម ដែលបានកាប់សម្លាប់ប្រជាពលរដ្ឋខ្មែរ ។ របបនេះបានត្រួតត្រាប្រទេសកម្ពុជា អស់រយៈពេល ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ ចាប់ពីខែមេសា ឆ្នាំ១៩៧៥ ដល់ខែមករា ឆ្នាំ១៩៧៩ និងសម្លាប់ពលរដ្ឋខ្មែរ ជាង ៣លាននាក់ ដោយការកាប់សម្លាប់ ការជម្លៀសចេញពីទីលំនៅរបស់ខ្លួនដោយបង្ខំ ការបង្ខំឱ្យធ្វើការដូចសត្វធាតុ គ្មានថ្នាំសង្កូវព្យាបាល គ្មានអាហារបរិភោគគ្រប់គ្រាន់ គ្មានសិទ្ធិ សេរីភាព គ្មានលទ្ធិប្រជាធិបតេយ្យ ហើយសូម្បីតែសិទ្ធិរស់រានមានជីវិតដែលជាសិទ្ធិមូលដ្ឋាន មានពីកំណើតរបស់មនុស្សក៏គ្មានដែរ ។

ឯកឧត្តម បន្តថា ក្រោយថ្ងៃរំដោះ ៧មករា ឆ្នាំ១៩៧៩ ចាប់តាំងពីឆ្នាំ១៩៨៣មក កម្ពុជា បានប្រារព្ធទិវា ជាតិនៃការចងចាំ ដើម្បីជាការចងចាំចំពោះការបូជាជីវិត និងការធ្វើពលិកម្មគ្រប់បែបយ៉ាង របស់យុទ្ធជន យុទ្ធនារី និងបងប្អូនប្រជាពលរដ្ឋ ក្នុងរបបប្រល័យពូជសាសន៍ ព្រមទាំងចងចាំ ចំពោះការស្លាប់ដោយអយុត្តិធម៌ របស់ប្រជាជនស្លូតត្រង់ ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ផងដែរ ។

ឯកឧត្តម បន្ថែមថា ដើម្បីកុំឱ្យរបបនេះវិលត្រឡប់មកវិញ យើងត្រូវចូលរួមថែរក្សា ការពារសន្តិភាពឱ្យបានគង់វង្ស ពីព្រោះសន្តិភាព បានផ្តល់ឱកាសគ្រប់យ៉ាង ក្នុងការកសាងសង្គមគ្រួសារ សហគមន៍ និងប្រទេសជាតិ ឱ្យកាន់តែរីកចម្រើនទៅមុខទៀត។ បើគ្មានរណសិរ្សសាមគ្គីសង្គ្រោះជាតិ និងគ្មានគណបក្សប្រជាជនកម្ពុជាទេ ក៏គ្មានជ័យជម្នះ ៧មករា ហើយបើគ្មានជ័យជម្នះ ៧ មករា ក៏គ្មានអ្វីៗទាំងអស់ នៅថ្ងៃនេះឡើយ ។

ឯកឧត្តម ទេសាភិបាលរង បានបញ្ជាក់ថា សន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខ ជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍ និងការរស់នៅដ៏សុខដុមរមនារបស់ប្រជាជន ជីវភាពប្រជាជនរក្សាបានភាពនឹងន។ ដោយសារប្រទេសយើងពុំទាន់មានសុខសន្តិភាព ពេញលេញ ទើបរាជរដ្ឋាភិបាលពុំទាន់រៀបចំពិធីឱ្យបានធំដុំ ដើម្បីរំឭកជាអត្ថន័យជាប្រវត្តិសាស្ត្រ។ ទើបពេលប្រទេសមានសុខសន្តិភាពពេលលេញ មានការរីកចម្រើន រាជរដ្ឋាភិបាល បានសម្រេច រៀបចំបង្កើតទិវានេះ ជាទិវាជាតិ ដើម្បីឱ្យប្រជាពលរដ្ឋយើងបានយល់ បានដឹង និងរំឭកពី ព្រឹត្តិការណ៍នេះជារៀងរាល់ឆ្នាំ ព្រមទាំងចាត់ទុកជាប្រវត្តិសាស្ត្រ ដើម្បីការពារកុំឱ្យប្រវត្តិសាស្ត្រ នេះកើតមានឡើងសាជាថ្មី និងសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ចងចាំនូវព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ និងការពារដាច់ខាត កុំឱ្យប្រវត្តិសាស្ត្រប្រកបដោយសោធនាដកម្មនេះ កើតឡើងសាជាថ្មីម្តងទៀត ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner