រដ្ឋបាលខេត្តបន្ទាយមានជ័យប្រារព្ធទិវាជាតិនៃការចងចាំ២០ឧសភា

បន្ទាយមានជ័យ៖ថ្លែងក្នុងពិធីទិវាជាតិនៃការចងចាំ ២០ ឧសភា ឯកឧត្ដម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបាន​លើកឡើងថា សច្ចៈធម៌ប្រវត្តិសាស្រ្តបាន​ដក់​ជាប់​ស្ថិតស្ថេរក្នុងចិត្តរបស់ប្រជាពលរដ្ឋខ្មែរជារៀងរហូតមកពិសេស​ដោយ​មាន​ថ្ងៃជ័យជម្នះ ៧ មករា បានបង្កើតឡើងនូវជីវិតថ្មី និងក្តីសង្ឃឹមពិតប្រាកដ​សម្រាប់​ប្រជាជន​រាប់លាននាក់។

ក្នុងពិធីទិវាជាតិនៃការចងចាំ២០ឧសភា ដែលប្រារព្ធនៅស្តូបអនុស្សាវរីយ៍​នៃ​ទីរួមខេត្ត ឯកឧត្ដមអភិបាលខេត្ត បានបន្តថា​រយៈពេលជាង ៤៥ឆ្នាំបានកន្លង​ផុតទៅរាល់ស្លាកស្នាមរបួសខាងរូបកាយ ត្រូវបានព្យាបាលឱ្យជាសះស្បើយ ប៉ុន្តែស្លាក​ស្នាមរបួសខាងផ្លូវចិត្តនៅឆ្លាក់ជាប់កប់ជ្រៅក្នុងក្រអៅបេះដូងជន​កម្ពុជាគ្រប់រូប ដោយពុំមានឱសថណាអាចព្យាបាល​បានឡើយ។

ឯកឧត្ដមអភិបាលខេត្ត បន្ថែមថា ប្រជាពលរដ្ឋខ្មែរ​បាន​ចូលរួមអនុវត្តយ៉ាង​សកម្មនូវ​យុទ្ធសាស្រ្តចតុកោណ ក្រោមការ​ដឹកនាំ​របស់សម្ដេចអគ្គមហា​សេនាបតីតេជោ ហ៊ុន សែន អតីតប្រមុខរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៦ នៃរដ្ឋសភា​និងបច្ចុប្បន្ន​កំពុងអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកប​ដោយ​ឋាមពល ស្វាហាប់ ឈ្លាសវៃ ស៊ីជម្រៅ និងចក្ខុវិស័យច្បាស់លាស់របស់ សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាធ្វើឱ្យប្រទេសជាតិមាន​ការអភិវឌ្ឍ​ជាបន្តបន្ទាប់ ជាពិសេស ខេត្តបន្ទាយមានជ័យ មានការរីកចម្រើន​លើគ្រប់វិស័យ៕


ដោយ៖ឃិន គន្ធា

ads banner