ធនាគារជាតិនៃកម្ពុជា និងដៃគូរសហការ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រងវិបត្តិ ការរៀបចំផែនការដោះស្រាយនិងស្តារឡើងវិញ
(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា បានសហការជាមួយមជ្ឈមណ្ឌលស៊ាសិន (SEACEN) និងធនាគារកណ្តាលនៃប្រទេសជប៉ុន បានបើកវគ្គបណ្តុះបណ្តាលជាលក្ខណៈ Hybrid ស្តីពី ការគ្រប់គ្រងវិបត្តិ ការរៀបចំផែនការដោះស្រាយនិងស្តារឡើងវិញ កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ នៅសណ្ឋាគារ Hyatt Regency រាជធានីភ្នំពេញ ក្រោមវត្តមានឯកឧត្តម ស៊ុំ សន្និសិទ្ធ ទេសាភិបាលរង តំណាងលោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា, លោកបណ្ឌិត Srichander Ramaswamy នាយកផ្នែកស្ថិរភាពហិរញ្ញវត្ថុ ការត្រួតពិនិត្យធនាគារ និងប្រព័ន្ធទូទាត់សងប្រាក់ នៃមជ្ឈមណ្ឌលស៊ាសិន និងលោក Tetsurou Matsushima តំណាងពីធនាគារកណ្តាលជប៉ុន ។

វគ្គបណ្តុះបណ្តាលនេះ មានរយៈពេល៤ថ្ងៃ គឺចាប់ថ្ងៃទី១៩ ដល់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ ដោយមានបទឧទ្ទេសនាមពីវាគ្មិនចំនួន ៨រូប មកពីស្ថាប័ននិងគ្រឹះស្ថានឧត្តមសិក្សាអន្តរជាតិ ក្នុងគោលបំណងផ្ដល់ចំណេះដឹង និងបទពិសោធន៍ជាក់ស្តែងដល់សិក្ខាកាមអំពី ១/- ការគ្រប់គ្រងវិបត្តិ ការរៀបចំផែនការដោះស្រាយនិងស្តារឡើងវិញ ២/- គន្លឹះសំខាន់ៗសម្រាប់បង្កើតប្រព័ន្ធស្ដារឡើងវិញនិង ៣/- តម្រូវការសម្រាប់គ្រឹះស្ថានធនាគារក្នុងការអនុលោមតាម ផែនការស្តារឡើងវិញ ។

សូមបញ្ជាក់ថា ធនាគារជាតិនៃកម្ពុជាតែងតែសហការជាប្រចាំឆ្នាំ ជាមួយមជ្ឈមណ្ឌលស៊ាសិន ដែលជាមជ្ឍមណ្ឌលបណ្តុះបណ្តាលនិងស្រាវជ្រាវសម្រាប់ធនាគារកណ្តាលនៃបណ្តាប្រទេសអាស៊ីប៉ាស៊ីហ្វិក លើប្រធានបទដែលទាក់ទងនឹងប្រតិបត្តិការធនាគារកណ្តាលដូចជា ៖ សេដ្ឋកិច្ច ការត្រួតពិនិត្យធនាគារ ប្រព័ន្ធទូទាត់សងប្រាក់ និងអភិបាលកិច្ចធនាគារកណ្តាល ។

វគ្គបណ្តុះបណ្តាលនេះ មានសិក្ខាកាមចូលរួមដោយផ្ទាល់ និងតាមរយៈប្រព័ន្ធអនឡាញ ចំនួន ៤៣រូប មកពីធនាគារកណ្តាល និងអាជ្ញាធររូបិយវត្ថុ ចំនួន ១០ប្រទេស ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ៕
អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត

