រដូវបន្តពូជរបស់សត្វត្រយងយក្សក្នុងរដូវវស្សា ចាប់ពីខែឧសភា ដល់ខែវិច្ឆិកាបានឈានមកដល់
(ភ្នំពេញ)៖ អង្គការជីវិតធម្មជាតិនៅកម្ពុជា(NatureLife Cambodia) បានឱ្យដឹងថាគម្រោងឥណទានកាបូន(រេដបូក)ត្រូវបានអនុវត្តនៅក្នុងដែនជម្រកសត្វព្រៃលំផាត់ដែលជាទីតាំងដ៏សម្បូរបែបនៃធនធានធម្មជាតិ និងជីវៈចម្រុះ។

ដែនជម្រកនេះផ្ដល់ជាទីជម្រកដល់សត្វកម្រជិតផុតពូជជាច្រើនប្រភេទ ក្នុងនោះមានសត្វត្រយងយក្សដែលជាសត្វបក្សីតំណាងប្រទេសកម្ពុជាក៏កំពុងមានវត្តមាន និងធ្វើការបន្តពូជជារៀងរាល់ឆ្នាំផងដែរ។

គួរបញ្ជាក់ថា រដូវបន្តពូជរបស់សត្វត្រយងយក្សក្នុងរដូវវស្សា ចាប់ពីខែឧសភា ដល់ខែវិច្ឆិកា ក្រុមការងារជីវៈចម្រុះ នៃ អង្គការជីវិតធម្មជាតិនៅកម្ពុជារួមសហការជាមួយនឹងមន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថាន ខេត្តរតនគិរី បាននឹងកំពុងធ្វើការយ៉ាងយកចិត្តទុកដាក់ក្នុងការចុះសិក្សាតាមដានស្វែងរក និង អង្កេតតាមដានសំបុករបស់សត្វត្រយងយក្ស។

ត្រយងយក្ស តែងតែរស់នៅជាក្រុមតូចៗ នៅលើដើមឈើធំងាប់ៗ ខ្ពស់ៗ ឬអ្នកស្រុកហៅថា «ឈើគ្រាក់»។ សត្វត្រយងយក្ស ចូលចិត្តរស់នៅតាមតំបន់ព្រៃរបោះស្ងួត ឬព្រៃពាក់កណ្តាលស្រោង ដែលមានទីតាំងកន្លែងដីសើម តាមថ្លុក ត្រពាំង បឹងបួរ ស្ទឹង និងទន្លេជាដើម។ វាស៊ីចំណីអាហារដោយចំពុះធំវែង មាំ ខាងចុងរាងកោងខុបបន្តិច ដើម្បីចាប់ជាសត្វល្អិត ក្នុងទឹក ក្នុងភក់ ឬតាមកំហែងដី ដូចជា ខ្យង ជន្លេន កូនក្អាត់ កូនកង្កែប កូនក្តាម កូនពស់ អន្ទង់។ល។

អង្គការជីវិតធម្មជាតិនៅកម្ពុជាបានឱ្យដឹងដែរថាតាមលទ្ធផលនៃការចុះសិក្សាស្វែងរកសំបុកត្រយងយក្សលើកទី១ នៃដើមខែឧសភា ឆ្នាំ២០២៥ នេះ ក្រុមការងារជីវៈចម្រុះបានរកឃើញសំបុកសត្វត្រយងយក្សចំនួន១សំបុក ដែលសត្វកំពុងធ្វើការសាងសង់។លើសពីនេះ ក្រុមការងារក៏បានកត់ត្រាសត្វត្រយងយក្សចំនួន៤ក្បាលផ្សេងទៀត ដែលកំពុងទុំលើទ្រនំតែមិនទាន់មានការសាងសង់សំបុកទេ។
ប្រភពខាងលើនេះបានឱ្យដឹងដែរថាទីតាំងទាំងពីរខាងលើគឺជាទីតាំងដែលយើងនឹងចុះរកសំបុកនៅពេលខាងមុខបន្តទៀត។ តាមរយៈលទ្ធផលនេះបានបង្ហាញថា ដែនជម្រកសត្វព្រៃលំផាត់នៅតែជាទីជម្រកដ៏សំខាន់មួយក្នុងការគាំទ្រដល់ការរស់រានមានជីវិត និងការបន្តពូជរបស់សត្វបក្សីជាតិកម្ពុជា។
គួរបញ្ជាក់ថា សត្វត្រយងយក្ស ឬ អ្នកសហគមន៍មូលដ្ឋាន ហៅថា ឬឪលើក ជាសត្វស្លាបតំណាងប្រទេសកម្ពុជានិង ជាសត្វរងគ្រោះបំផុតនៅលើពិភពលោក ។ ត្រយងយក្ស គឺជាពូជសត្វត្រយង ដែលមានមាឌធំជាងគេទាំងអស់ ៕
ដោយ ៖ ម៉ាដេប៉ូ
