សម្ដេចតេជោ ហ៊ុន សែន ៖ សហគ្រាសធុនតូច និងមធ្យម បានចូលរួមចំណែក ៩៣% ក្នុងផលិតផលក្នុងស្រុកសរុប ដែលបានជ្រោមជ្រែង ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា
(ភ្នំពេញ)៖ សហគ្រាសធុនតូច និងមធ្យម បានចូលរួមចំណែកចំនួន ៩៣% ក្នុងផលិតផលក្នុងស្រុកសរុប ដែលនេះ បានបញ្ជាក់យ៉ាងច្បាស់អំពីតួនាទី ក៏ដូចជាការចូលរួមដ៏សំខាន់នៃសហគ្រាសធន់តូច និងមធ្យម ក្នុងការជ្រោមជ្រែង ជួយអភិវឌ្ឍន៍សេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជា ។ នេះជាការគូសបញ្ជាក់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា កម្ពុជា ក្នុងឱកាសអនុញ្ញាតឱ្យប្រតិភូសម្ព័ន្ធសមាគមមូលនិធិសម្តេចតេជោ ដើម្បីអភិវឌ្ឍន៏សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា (SAMDECH TECHO FOUNDATION FOR SME DEVELOPMENT IN CAMBODIA) ដឹកនាំដោយ ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធសមាគម ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ វិមាន៧មករា នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ ។

ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា ក្នុងឱកាសនោះ លោកឧកញ៉ា តែ តាំងប៉ បានជម្រាបជូនរបាយការណ៍ដែលជាសកម្មភាព ក៏ដូចជាសមិទ្ធផល ដែលសមាគមបានសម្រេចនាពេលកន្លងមក។

លោកឧកញ៉ា បានបញ្ជាក់ថា កន្លងមក សមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា បានចូលរួមចំណែកយ៉ាងសកម្មជាមួយរដ្ឋាភិបាល ក្នុងការចូលរួមរៀបចំនូវពិធីបុណ្យសំខាន់ៗ ដូចជា បុណ្យសមុទ្រ និងបុណ្យទន្លេជាដើម ដែលមានការតាំងពិព័រណ៍នូវផលិតផល របស់សហគ្រាសធុនតូច និងមធ្យម ហើយក៏មានសកម្មភាពសំខាន់ ដែលសមាគម បានធ្វើ ដូចជា ការបណ្ដុះបណ្ដាលនៅទូទាំង ២០ខេត្តក្រុង គឺការបណ្ដុះបណ្ដាលសហគ្រាសខ្នាតតូច និងមធ្យម អំពីការគ្រប់គ្រងធនធានមនុស្ស និងការគ្រប់គ្រងអាជីវកម្មជា ពិសេស គឺការបណ្ដុះបណ្ដាល ក្នុងការឱ្យសហគ្រាសធុនតូច និងមធ្យម អាចមានលទ្ធភាពទទួលបានកម្ចី អភិវឌ្ឍន៍បន្ថែម នៅសហគ្រាស ក៏ដូចជា អាជីវកម្មរបស់ខ្លួន ។

ឧកញ៉ា តែ តាំងប៉ ក៏បានបញ្ជាក់អំពីសកម្មភាពសំខាន់ៗជាច្រើនទៀត ដែលសមាគមមូលនិធិសម្ដេចតេជោ បានចូលរួមចំណែកជាមួយរដ្ឋាភិបាល តាំងពីក្នុងបរិបទ កូវីដ១៩ ដូចជា ការចុះទៅជួយផ្សព្វផ្សាយអប់រំនៅក្នុងបរិបទកូវីដ១៩ ដោយសហគ្រាសធុនតូច និងមធ្យម បានស្វែងយល់ក៏ដូចជាអោយប្រជាពលរដ្ឋ ក្នុងការការពារ នៅក្នុងសកម្មភាពអំឡុងកូវីដ១៩ នាពេលកន្លងមកផងដែរ ។

សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងក្តីរីករាយចំពោះសមិទ្ធផលដែលសមាគមមូលនិធិសម្ដេចតេជោ បានចូលរួមចំណែកជួយដល់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជា ការជួយដល់ប្រជាជនកម្ពុជាផងដែរ ជាពិសេស សម្ដេចបានបង្ហាញនូវការពេញចិត្តចំពោះសកម្មភាពរបស់សមាគម ដែលបានចូលរួម ក្នុងការជួយបណ្ដុះបណ្ដាលដល់ការពង្រឹង និងពង្រីកនូវសមត្ថភាពរបស់សហគ្រាសធុនតូច និងមធ្យមនៅក្នុងប្រទេសកម្ពុជា ពីការគ្រប់គ្រងធនធានមនុស្ស និងការទទួលបាន នូវកម្ចីពីស្ថាប័នពាក់ព័ន្ធ ក៏ដូចជារដ្ឋាភិបាល ដើម្បីជាឱកាសក្នុងការពង្រីកអាជីវកម្មរបស់ខ្លួន និងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រីក និងពន្លឿនសេដ្ឋកិច្ចរបស់កម្ពុជា ។ សម្ដេច បញ្ជាក់ថា សហគ្រាសធុនតូច និងមធ្យមកម្ពុជា មានជាង ៩៨% នៃអង្គភាពសេដ្ឋកិច្ចទាំងអស់ ដោយមានប្រមាណ ៧៥៣,៦៧០ សហគ្រាស ដែលផ្ដល់ការងារប្រមាណ ៧០% នៃកម្លាំងពលកម្មសរុប ដែលមានប្រមាណ ២លាន ៩សែននាក់ ដែលបានការងារធ្វើ ដោយកើតចេញពីសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ។

សម្ដេចតេជោ ហ៊ុន សែន បានរំលេចបន្ថែមថា សហគ្រាធុនតូច និងមធ្យម តាំងពីសម្ដេច នៅជានាយករដ្ឋមន្ត្រី គឺរដ្ឋាភិបាល បានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការអភិវឌ្ឍ ក៏ដូចជា ជ្រោមជ្រែង ដល់សហគ្រាសធុនតូច និងមធ្យម ហើយបន្តដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងអាណត្តិទី៧នេះ ក៏បន្តជ្រោមជ្រែងយកចិត្តទុកដាក់នៅក្នុងការលើកស្ទួយ ដល់សហគ្រាសធុនតូច និងមធ្យមផងដែរ ។
សម្ដេចតេជោ បានជំរុញឲ្យសហគ្រាសទុនតូច និងមធ្យម បន្តអនុវត្តអ្វីដែលជាគោលនយោបាយ របស់រាជរដ្ឋាភិបាល ជាពិសេស គឺយុទ្ធសាស្ត្របញ្ជកោណ ដែលរាជរដ្ឋាភិបាលកំពុងធ្វើ គឺ មានដូចជា គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម ២០១៥-២០២៥, យុទ្ធសាស្ត្រស្ដីអំពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ២០២៣-២០២៨, ផែនការសកម្មភាព យុទ្ធសាស្ត្រអាស៊ានសម្រាប់ការអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យម ២០១៦-២០២៥, គោលនយោបាយជាតិស្ដីអំពីស្វាយចន្ទី ២០២២-២០២៧, និងគោលនយោបាយជាតិ ស្ដីពីដំឡូងមីជាដើម ដែលជាផ្នែកមួយដ៏សំខាន់ដែលសហគ្រាសធុនតូច និងមធ្យម អាចពិនិត្យ និងអនុវត្តនូវយន្តការស្ដីពីគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលមានស្រាប់ ដើម្បីធ្វើយ៉ាងណា ពង្រីកនូវសហគ្រាសធុនតូច និងមធ្យមនៅក្នុងប្រទេសកម្ពុជា ឲ្យកាន់តែរីកចម្រើន ។
សម្ដេចប្រធានព្រឹទ្ធសភា ក៏បានរំលេចអំពីការលើកកម្ពស់តាមរយៈការរៀបចំទិវាជាតិធុនតូច និងមធ្យម ដែលបានធ្វើកន្លងមក ជាផ្នែកដល់ការលើកកម្ពស់វិស័យសហគ្រាសធុនតូច និងមធ្យមនៅក្នុងប្រទេសកម្ពុជា ៕
អត្ថបទ៖ វណ្ណលុក
រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ
