កម្ពុជា និង ហុងគ្រី លើកកម្ពស់ទំនាក់ទំនង រដ្ឋសភា និងរដ្ឋសភា ក្នុងការស្វែងរកផលប្រយោជន៍ជូនពលរដ្ឋទាំងសងខាង

(ភ្នំពេញ)៖ ការរឹតចំណងមិត្តភាពកម្ពុជានឹងហុងគ្រីនៅក្នុងកាលៈទេសៈមិនត្រឹមធានាបាននូវផលប្រយោជន៍ជូនពលរដ្ឋប្រទេសទាំងពីរប៉ុណ្ណោះទេ ថែមទាំងបានចួលរួមចំណែកដល់ការលើកកម្ពស់គោលការណ៍ពហុនិយម កាត់បន្ថយហានិភ័យដែលបានរំខានដល់សេចក្តីសុខពលរដ្ឋជាសកល បានទៀតផង។

សម្តេចមហារដ្ឋសភាធិកាធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ ខណៈបានអនុញ្ញាតជូន ឯកឧត្តម ធីប័រ បាឡូកឌី (Tibor Baloghdi) ឯកអគ្គរដ្ឋទូតនៃប្រទេសហុងគ្រី ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីហាណូយ ប្រទេសវៀតណាម ចូលជួប សម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានរដ្ឋសភា។

ឯកឧត្តម ធីប័រ បាឡូកឌី បានថ្លែងអំណរគុណជ្រាលជ្រៅជូន សម្តេចប្រធានរដ្ឋសភា ដែលបានចំណាយពេលវេលាដ៏មមាញឹកទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តមនិងសហការីនាឱកាសនេះ។

ឯកឧត្តម ធីប័រ បាឡូកឌី គូសបញ្ជាក់ថាប្រទេសកម្ពុជានិងហុងគ្រីមានលក្ខណៈភូមិសាស្រ្តនិងប្រវត្តិសាស្រ្តស្រដៀងគ្នា ពោលមានផ្ទៃដីនិងចំនួនពលរដ្ឋប្រហាក់ប្រហែលគ្នា។ ប្រការនេះបានធ្វើឱ្យប្រទេសទំាងពីរយល់ពីគ្នាបានយ៉ាងច្បាស់។ ចំពោះគម្រោងដំណើរទស្សនកិច្ចរបស់សម្តេចនៅប្រទេសហុគ្រីវិញ ឯកឧត្តមបានជម្រាប ជូនពីពង្រាងគម្រោងកម្មវិធី។ នៅក្នុងដំណើរទស្សនកិច្ចនោះ សម្តេចប្រធានរដ្ឋសភានឹងមានជំនួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំរដ្ឋសភានិងរាជរដ្ឋាភិបាលនៃប្រទេសហុងគ្រី។ ជាមួយគ្នានេះ សម្តេចនឹងមានដំណើរទស្សនកិច្ចនៅតំបន់ឧស្សាហកម្មនិងជួបជាសហគមន៍ខ្មែរនិងនិស្សិតខ្មែរ ដែលកំពុងស្នាក់នៅនិងសិក្សានៅប្រទេសហុងគ្រី ផងដែរ។

សម្តេចប្រធានរដ្ឋសភានិងឯកឧត្តមឯកអគ្គរដ្ឋទូតបានសាទរខួប ៧០ឆ្នាំនៃទំនាក់ទំនងការទូតកម្ពុជានិងហុងគ្រី ដែលនឹងឈានមកដល់នៅឆ្នាំ២០២៦ខាងមុខ។

សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា ទំនាក់ទំនងរវាងប្រទេសទាំងពីរមានការរីកចម្រើនជាបន្ដបន្ទាប់ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ថ្នាក់ដឹកនាំប្រទេសទាំងពីរបានផ្លាស់ប្តូរទស្សនកិច្ចគ្នាទៅវិញទៅមកស្ទើរគ្រប់កម្រិតទាំងអស់។

សម្តេចនឹងស្នើដល់រដ្ឋាភិបាលហុងគ្រី ជួយបង្កើនចំនួនអាហារូបករណ៍ដល់និស្សិតកម្ពុជា បានទៅសិក្សានៅប្រទេសហុងគ្រី ដោយហេតុថា រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ដឹកនាំដោយ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានកំណត់ច្បាស់នៅក្នុងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដោយបានកំណត់យកកត្តា “មនុស្ស” ជាកត្តាទី១ និងចម្បងបំផុត ក្នុងការកែទម្រង់ និងអភិបាលកិច្ចដើម្បីអភិវឌ្ឍន៍កម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០និងប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ក៏បានស្នើឱ្យ ឯកឧត្តមឯកអគ្គរដ្ឋទូតហុងគ្រី មេត្តាជួយកៀរគរ និងលើកទឹកចិត្តដល់អ្នកវិនិយោគហុងគ្រី មកកម្ពុជា ដើម្បីវិនិយោគថ្មីៗបន្ថែមទៀតលើវិស័យ កសិកម្ម ឧស្សាហកម្ម ផលិតកម្ម បច្ចេកវិទ្យាព័ត៌មាន បរិស្ថាន និងវិស័យធនធានទឹក ជាដើម ៕

ដោយ ៖ ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner