សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ គុណភាពនៃការសិក្សា អាចធ្វើទៅបានអាស្រ័យលើ​សមត្ថភាព ជំនាញ​ច្បាស់លាស់របស់គ្រូ និងសិស្ស

(ភ្នំពេញ)៖ ក្នុងពិធី​​សម្ពោធសមិទ្ធផលកំណែទម្រង់វិទ្យាស្ថានជាតិអប់រំ និងពិធីប្រគល់សញ្ញាបត្រ ជូនដល់និស្សិត និងគរុ​និស្សិតនៅវិទ្យាស្ថានជាតិអប់រំ នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ការអប់រំ សំខាន់បំផុត គឺ “គ្រូ និងសិស្ស” ព្រោះគុណភាពនៃការសិក្សា អាចធ្វើទៅបានអាស្រ័យលើ​សមត្ថភាពស្ទាត់ជំនាញ​ ច្បាស់លាស់របស់គ្រូ និងសិស្ស ដូចនេះដើម្បីអប់រំគ្រូប្រកបដោយគុណ​ភាព គឺត្រូវធ្វើការបង្រៀនគ្រូ ជាកត្តាគន្លឹះ។ បន្ថែមពីនេះ យើងសុខចិត្តប្រឈមក្នុងការពង្រីកគ្រូដែលមានគុណភាព ស្ថិតនៅ​កម្រិតល្បឿនយឺត ប្រសើរជាងពង្រីកគ្រូច្រើន តែមិនមានគុណភាព និងគុណវុឌ្ឍច្បាស់លាស់។ ដូចនេះ យើងឈរលើលើភាពបត់បែន តែត្រូវឈរលើគុណភាព និងនិយាមការច្បាស់​លាស់ក្នុងការ​ជ្រើសរើសគ្រូ និងបំពេញបន្ថែមឱ្យស្របទៅតាមតម្រូវការជាក់ស្តែង។

ភ្ជាប់នឹងគុណភាពនៃការបណ្តុះបណ្តាលគ្រូខាងលើ, សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានលើកទឹកចិត្ត និងជំរុញការអានរបស់យុវជន តាម​រយៈការបង្កើតយុទ្ធនាការ និង​ទិវាជាតិអំណាន ដែលក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំ និងធ្វើ​ជាបន្តបន្ទាប់ នាពេលកន្លងមក​ ដែលការណ៍នេះ នឹងបង្កើននូវទម្លាប់នៃការសិក្សា ហើយនឹងជួយឱ្យមានបំណិន លើការត្រិះរិះ និង​ថ្លឹង​ថ្លែង ដោយ​ចំណេះដឹងពិតប្រាកដ។ ក្នុងន័យនេះ សម្តេចធិបតី ក៏បានជំរុញឱ្យមានការចងក្រងស្នាដៃ និង​និក្ខេប​បទបញ្ចប់ការសិក្សា ការសិក្សាស្រាវជ្រាវ និងប្រវត្តិសាស្ត្រផ្សេងៗ ដើម្បីដាក់ក្នុងបណ្ណាល័យ សម្រាប់សិស្ស និស្សិតជំនាន់ក្រោយ បានបន្តសិក្សា ស្រាវជ្រាវ និងដកស្រង់បទពិសោធន៍ ហើយ​អភិវឌ្ឍខ្លួនឱ្យកាន់តែល្អប្រសើរ ស្របតាមបរិការថ្មីៗផងដែរ ។

បន្ថែមពីនេះ, សម្តេចនាយករដ្ឋមន្ត្រី បានដាក់ការរំពឹងទុក និងសង្ឃឹមថា កូនខ្មែរ នឹងខិត​ខំ​រៀបចំការសិក្សាស្រាវជ្រាវ និង​ចងក្រងស្នាដៃ​ និង​របកគំហេីញនានា​ ពិសេសប្រវត្តិសាស្ត្រខ្មែរ ដែលចេញពីកូនខ្មែរឱ្យបានច្រេីន​ ដើម្បីតម្កល់ទុកក្នុងប្រទេស​ និងផ្សព្វផ្សាយ ព្រមទាំង​បណ្តុះបណ្តាលដល់កូនខ្មែរជំនាន់ក្រោយៗ។ ព្រមជាមួយគ្នានេះ សម្តេចធិបតី ក៏បានជំរុញឱ្យគ្រប់ក្រសួង/ស្ថាប័នជំនាញទាំងអស់ ខិតខំចង​ក្រង និងថែរក្សាឯកសារ ដើម្បីបន្សល់ទុកសម្រាប់មន្ត្រីជំនាន់ក្រោយៗបានសិក្សាស្វែងយល់ ក៏ដូច​ជាយកទៅបំពេញការងារឱ្យកាន់តែប្រទាក់ក្រឡា​ និងកាន់តែល្អប្រសើរ ដេីម្បីរក្សាបាននូវនិរន្តភាពនៃបទដ្ឋានការងារ ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner