ក្រសួងបរិស្ថាន នឹងដាក់ឱ្យប្រើប្រាស់ប្រព័ន្ធអែប(APP) ចក្រាស្ទែម ក្នុងរយៈពេល២ទៅ៣សប្តាហ៍ខាងមុខដើម្បីឱ្យពលរដ្ឋតាមដានដើមឈើដែលខ្លួនដាំ

(ភ្នំពេញ)៖ នៅសល់តែប្រមាណ ២ទៅ៣សប្តាហ៍ខាងមុខទៀតនេះ ក្រសួងបរិស្ថាន គ្រោងនឹងប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវប្រព័ន្ធអែប (APP) មួយដែលមានឈ្មោះថា “អែប ចក្រាស្ទែម”ដែលជាកម្មវិធីទូរស័ព្ទ ដើម្បីឱ្យប្រជាពលរដ្ឋតាមដានដើមឈើដែលខ្លួនបានដាំ។

ថ្លែងប្រាប់បណ្តាញសារព័ត៌មាននាដើមសប្តាហ៍នេះ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឱ្យដឹងថា “អែប ចក្រាស្ទែម”នេះត្រូវបានបង្កើតឡើងសម្រាប់ផ្ទុកទិន្នន័យពីដើមឈើដែលពលរដ្ឋបានដាំ ដោយក្នុងនេះពួកគាត់អាចដឹងថាវានៅរស់ប៉ុន្មាន ងាប់ប៉ុន្មានដើម។ក្នុងនេះដូចជាសិស្សានុសិស្ស ម្នាក់ ឬពីរនាក់គាត់ដាំដើមឈើហើយថតបញ្ចូលទៅ នៅពេលនេះវានឹងប្រាប់ពីទីតាំង ដើមឈើ ដែលគាត់បានដាំ និងដើមឈើនោះឈ្មោះអ្វី ជាដើម។ ហើយនៅឆ្នាំក្រោយគាត់អាចដឹងថាដើមឈើរបស់គាត់នៅរស់ ឬក៏ងាប់ ។ ក្រៅពីនេះពួកគាត់អាចពិភាក្សាគ្នាពីការដាំ និងការថែទាំ។សរុបរួមមកអែបមួយនេះមានលក្ខណៈដូចគ្នានឹងហ្វេសប៊ុកបេះបិទតែម្តង។

ជុំវិញបញ្ហានេះ ឯកឧត្តមរដ្ឋមន្រ្តីបានមានប្រសាសន៍ថា ការបង្កើតអែបនេះឡើងមកដើម្បីលើកទឹកចិត្តពលរដ្ឋឱ្យចូលរួមប្រកួតដាំដើមឈើ ហើយលើកទឹកចិត្តឱ្យប្រកួតប្រជែងគ្នាដាំឱ្យបានច្រើន ដែលជាប្រយោជន៍សម្រាប់ជួយគម្របបៃតងនៅកម្ពុជាយើង។

ឯកឧត្តម អ៊ាង សុផល្លែតបានបញ្ជាក់ប្រាប់ដែរថាក្នុងយុទ្ធនាការការដាំដើមឈើចំនួន ១លាន៣សែនដើមកន្លងមកពិសេសការដាំដើមត្នោតតាមព្រំដែនគឺអាចរស់បានប្រមាណជាង ៧០ទៅ៨០ភាគរយ ហើយឆ្នាំនេះក្រសួងនឹងបន្ត ដាំ ជួសជុលដើមត្នោតដែលបានងាប់នេះជំនួសវិញផងដែរ ។

គួរបញ្ជាក់ថា ការបង្កើតអែបនេះក្រៅពីសម្រាប់ផ្ទុកទិន្នន័យពីការបណ្តុះកូនឈើ ទិន្នន័យពលរដ្ឋអាចតាមដានពីការដាំដើមឈើរបស់ខ្លួនហើយ ចំពោះការដាក់ឱ្យដំណើរការនូវប្រព័ន្ធអែប(APP) ជាកម្មវិធីទូរស័ព្ទនេះ គេក៏អាចដឹង ពីតំបន់អភិរក្សការពារធនធានធម្មជាតិ ដោយមិនគប្បីកាប់បំផ្លាញឬឈូសឆាយ មកធ្វើជាសកម្មភាពផ្ទាល់ខ្លួននោះជាដាច់ខាត។ ក្រៅពីនេះក្រសួងក៏បានទិញដ្រូន សម្រាប់ឱ្យមន្រ្តីឧទ្យានុរក្សប្រើប្រាស់ក្នុងដែនដីរបស់ខ្លួនក្នុងការពិនិត្យ និងតាមមើល ពីស្ថានភាពបទ ល្មើសនានានៅតាមតំបន់របស់ខ្លួនផងដែរ៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner