ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ផ្ដោតការយកចិត្តទុកដាក់គិតគូរអំពីគុណភាព និងសុវត្ថិភាពសំណង់នៅក្នុងប្រទេសកម្ពុជា ដើម្បីជំរុញឱ្យស្ថាបត្យកម្មខ្មែរនាសហសម័យកាន់តែប្រសើរឡើង
(ភ្នំពេញ)៖ ថ្លែងក្នុងសិក្ខាសាលាស្ដីពីគុណភាព និងសុវត្ថិភាពសំណង់នៅប្រទេសកម្ពុជា នៅទីស្ដីការក្រសួងនាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាត់ទុកសិក្ខាសាលានេះថាមានសារៈសំខាន់ ពីព្រោះជាឱកាសជួបជុំគ្នាមួយដែលយើងទាំងអស់គ្នាគឺជាអ្នកទទួលខុសត្រូវ និងកំណត់នូវកិច្ចការដែលយើងត្រូវអនុវត្តឱ្យបានជោគជ័យនាថ្ងៃអនាគតសំរាប់កម្ពុជាលើផ្នែកស្ថាបត្យកម្ម និងវិស្វកម្ម ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានបញ្ជាក់ថា អគ្គនាយកដ្ឋានសំណង់ គឺជាអគ្គនាយកដ្ឋានស្នូល ដើម្បីប្រយុទ្ធនឹងសមរភូមិការងារទាក់ទិននឹងគុណភាព និងសុវត្ថិភាពសំណង់នៅប្រទេសកម្ពុជា ហើយក្រុមប្រឹក្សាជាតិបទបញ្ញត្តិបច្ចេកទេសសំណង់ និងមន្ទីរពិសោធន៍ជាតិសំណង់ ក៏ជាសេនាធិការដ៏សំខាន់ចាំបាច់ផងដែរក្នុងការបង្កើតច្បាប់ និងអនុវត្ត ។
បន្ថែមពីលើនេះ ឯកឧត្តម
ឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់បន្ថែមថា ដើម្បីឈានសម្រេចបាននូវគោលបំណងរបស់យើងទាក់ទិននឹងគុណភាព សុវត្ថិភាព និងសោភ័ណភាពសំណង់ គឺត្រូវផ្ដើមចេញពីគំនិត ទស្សនវិស័យ បទដ្ឋានបច្ចេកទេស ដែលត្រូវមានការឯកភាពគ្នាតែមួយ ក្នុងស្មារតីធ្វើការជាក្រុម ស្មារតីជាសង្គមជាតិមួយ និងប្រទេសជាតិមួយ ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ មានប្រសាសន៍បន្ថែមទៀតថា ទៅថ្ងៃមុខយើងត្រូវមានគំនិតទស្សនៈរួមរបស់កម្ពុជា ហើយក្រុមប្រឹក្សាជាតិបទបញ្ញត្តិបច្ចេកទេសសំណង់ ត្រូវកំណត់ជាទស្សនវិស័យ ជាបទដ្ឋានបទបញ្ញត្តិទាំងអស់ ថាតើយើងគួរធ្វើដូចម្ដេចទាក់ទិននឹងវិស័យសំណង់សំរាប់ស្ថាបត្យកម្មខ្មែរនាសហសម័យក្នុងសង្គមជាតិមួយនេះ ដែលស្របតាមទីតាំងភូមិសាស្ត្រនៃតំបន់នីមួយៗ និងអាចទប់ទល់នឹងការប្រែប្រួលអាកាសធាតុ និងគ្រោះមហន្តរាយផ្សេងៗ ដែលអាចធានាឱ្យប្រជាជនរស់នៅតជំនាន់បាន ៕







ដោយ / គ្រី សម្បត្តិ