ហ្វីលីពីន និងអាមេរិកធ្វើសមយុទ្ធដែនទឹកលើកដំបូងនៅសមុទ្រចិនខាងត្បូង

ម៉ានីល ៖ កងកម្លាំងប្រដាប់អាវុធហ្វីលីពីន នៅថ្ងៃពុធនេះនិយាយថា នាវាឆ្មាំល្បាតឆ្នេរសមុទ្រហ្វីលីពីន និងអាមេរិក បានចូលរួមជាលើកដំបូងក្នុងសមយុទ្ធដែនសមុទ្ររួមគ្នា ជាមួយអង្គភាពកងទ័ពជើងទឹក និងទ័ពអាកាសនៅសមុទ្រចិនខាងត្បូង។

សមយុទ្ធដែនសមុទ្ររវាងហ្វីលីពីន-អាមេរិក ដែលធ្វើឡើងនៅថ្ងៃអង្គារក្នុងដែនទឹក Palawan និង Occidental Mindoro នៅភាគខាងលិចប្រទេសហ្វីលីពីននេះ មានការចូលរួមពីកងទ័ពជើងទឹក កងទ័ពអាកាស និងឆ្មាំល្បាតឆ្នេរហ្វីលីពីន ក្នុងនោះផ្តោតលើសមយុទ្ធលើទំនាក់ទំនង និងសេណារីយ៉ូស្វែងរក និងជួយសង្គ្រោះនៅដែនទឹក។

យោធាហ្វីលីពីនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ឆ្មាំល្បាតឆ្នេរសមុទ្រហ្វីលីពីនបានដាក់ពង្រាយនាវា BRP Melchora Aquino ប្រវែង ៩៧ម៉ែត្រ និងនាវា BRP Malapascua ប្រវែង ៤៤ម៉ែត្រ រួមជាមួយអង្គភាពឆ្មាំល្បាតឆ្នេរសមុទ្រអាមេរិក Cutter Stratton និងយន្តហោះល្បាតដែនសមុទ្ររបស់អាមេរិក P-8A Poseidon។

ប្រមុខកងកម្លាំងហ្វីលីពីន លោក Romeo Brawner និយាយថា ស្របពេលហ្វីលីពីនបន្តប្រឈមមុខនឹងវិបត្តិដែនសមុទ្រនោះ សមយុទ្ធរួមគ្នានេះ សបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់កងកម្លាំងប្រដាប់អាវុធហ្វីលីពីន ក្នុងការធ្វើទំនើបកម្មសមត្ថភាព និងការពង្រឹងភាពជាដៃគូការពារជាតិ ដើម្បីទទួលបានផលប្រយោជន៍ជាតិ និងដែនសមុទ្រក្នុងតំបន់។

សមុទ្រចិនខាងត្បូងជាប្រធានបទក្ដៅគគុកក្នុងទំនាក់ទំនងហ្វីលីពីន-ចិន ដោយសារតែជម្លោះអធិបតេយ្យភាពនៅដែនទឹកនេះ ដែលជាបណ្ដាញសម្រាប់ពាណិជ្ជកម្មប្រចាំឆ្នាំជាង ៣សែនកោដិដុល្លារ។ ចិនបានទាមទារគ្រប់គ្រងផ្លូវទឹកដែលមានជម្លោះនេះស្ទើរតែទាំងមូល ខណៈសមុទ្រចិនខាងត្បូងបានរ៉ាប់រងជាង ៦០ភាគរយ នៃការធ្វើពាណិជ្ជកម្មតាមផ្លូវទឹកពិភពលោក បើទោះបីជាមានសេចក្តីសម្រេចរបស់អន្តរជាតិថា ការអះអាងរបស់ទីក្រុងប៉េកាំងមិនត្រឹមត្រូវក៏ដោយ៕

ប្រភព៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner