លោកជំទាវ ពុំ ចន្ទីនី ចុះសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ជូនដល់គ្រួសារងាយរងគ្រោះបំផុត ចំនួន ២០គ្រួសារ រស់នៅសង្កាត់សំរោង និងសង្កាត់បន្សាយរាក់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ

(ឧត្តរមានជ័យ)៖ អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅក្នុងឱកាសបំពេញការងារនៅខេត្តឧត្តរមានជ័យ នៅរសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥នេះ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា អញ្ជើញចុះសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ជូនដល់គ្រួសារងាយរងគ្រោះបំផុត ដែលមានចាស់ជរាគ្មានទីពឹង ស្ត្រីមេម៉ាយក្រីក្រ និងអ្នកមានជំងឺរ៉ាំរៃ ចំនួន ២០គ្រួសារ រស់នៅសង្កាត់សំរោង និងសង្កាត់បន្សាយរាក់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ។

លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា ក្រៅពីបានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ហើយនោះ លោកជំទាវក៏បានបញ្ជាក់ថា «ការចុះមកដល់ខ្នងផ្ទះនាពេលនេះគឺអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ថ្មីបន្ថែមរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដោយណែនាំដល់មន្ត្រីក្រោមឱវាទធ្វើយ៉ាងណា នាំយកអំណោយទៅចែកជូនដោយផ្ទាល់ដៃ និងដល់ខ្នងផ្ទះតែម្តង ហើយការយកអំណោយមកដល់ខ្នងផ្ទះនេះគឺជាការលើកទឹកចិត្ត និងបញ្ជាក់ថាពួកគាត់មិននៅឯកកោ និងមិនទទួលបានការយកចិត្តទុកដាក់ដែលបណ្តាលឱ្យដាច់ស្បៀងនោះទេ ជាងនេះទៅទៀតការចុះមកដល់ខ្នងផ្ទះនេះផងដែរ ក៏ដើម្បីបានដឹងពីស្ថានភាពជីវភាពនិងការរស់នៅកាន់តែច្បាស់បន្ថែមទៀត ព្រមទាំងបានបញ្ជ្រាបការអប់រំផ្សព្វផ្សាយអំពីសុខភាព និងអនាម័យដោយផ្ទាល់ ព្រោះថាការអប់រំសុខភាព និងអនាម័យដោយផ្ទាល់នេះគឺកាន់តែមានប្រសិទ្ធភាពតែម្តង។

លោកជំទាវអគ្គលេខាធិការ បានមានប្រសាសន៍ថា ប្រសិនបើរស់នៅមានអនាម័យបរិស្ថានល្អអញ្ចឹង ធ្វើឱ្យយើងទទួលបាននូវសុខភាពល្អ នៅពេលយើងមានសុខភាពល្អជួយយើងបានច្រើន ចំណេញទាំងពេលវេលា និងថវិកា ឬអាចប្រកបការងារផ្សេងៗដើម្បីចិញ្ចឹមជីវិតឱ្យមានភាពល្អប្រសើរបាន តែផ្ទុយទៅវិញប្រសិនបើមានបញ្ហាសុខភាពហើយថែមទាំងមានជីវភាពលំបាកទៀត កាន់តែធ្វើឱ្យយើងជួបការលំបាកកាន់តែធ្ងន់ធ្ងរបន្ថែមទៀត។

ជាមួយគ្នានេះ លោកជំទាវបន្តថា អំណោយអាចចែកជូនបាន ប៉ុន្តែសុខភាពមិនអាចចែកជូនបានទេ ប្រសិនបើបងប្អូនឈឺឬមានកូនចៅឈឺ អ្នកជិតខាងឬម្ចាស់អំណោយមិនអាចជួយឈឺជំនួសបានទេ ដូចនេះហើយមានតែការថែទាំសុខភាពឱ្យបានល្អជាពិសេសរក្សាអនាម័យទាំងការរស់នៅ និងបរិភោគ ដោយផឹកស្អាត ហូបស្អាត ជាពិសេសត្រូវសម្អាតសំរាមនិងទុកដាក់ឱ្យបានត្រឹមត្រូវ និងមិនត្រូវដុតសំរាមដូចជាថង់ប្លាស្ទិកជាដើម ព្រោះធ្វើឱ្យមានផ្សែងដែលអាចបណ្តាលឱ្យមានផលប៉ះពាល់សុខភាពនាពេលខាងមុខផងដែរ។

សូមបញ្ជាក់ថាអំណោយផ្តល់ជូនគ្រួសារនីមួយៗខាងលើនេះ រួមមាន អង្ករ២៥គីឡូក្រាម, មី១កេស, ត្រីខ១០កំប៉ុង, ទឹកស៊ីអ៊ីវ ១យួរ, ឃីត (មុង ភួយ សារុង ក្រមា) ១កញ្ចប់, អាហារសុខភាព ២កញ្ចប់ និងថវិកាមួយចំនួន៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner