មន្រ្តីក្រសួងកសិកម្មជំរុញឱ្យកសិករភ្ញាស់ពូជ និងចិញ្ចឹមកង្កែប ចងក្រងគ្នាជាសហគមន៍ ដើម្បីទទួលបានផលប្រយោជន៍
(ភ្នំពេញ)៖ ក្នុងការបង្កើនផលិតផល និងក៏ដូចជាងាយស្រួលលក់លើទីផ្សារនោះមន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានជំរុញ លើកទឹកចិត្តឱ្យបងប្អូនប្រជាកសិករដែលចិញ្ចឹមកង្កែបគប្បីចងក្រងជាសហគមន៍ឱ្យបានត្រឹមត្រូវ ។
នេះជាការលើកឡើងរបស់ ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានចុះពិនិត្យវឌ្ឍនភាព និងជំរុញកសិករភ្ញាស់ពូជកង្កែបបានជោគជ័យចំនួនពីរទីតាំង ស្ថិតក្នុងខេត្តត្បូងឃ្មុំនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥។
ទីតាំងដែលក្រុមការងារចុះពិនិត្យនេះ រួមមាន កសិករភ្ញាស់កូនកង្កែបពូជ លោក ណេង យ៉ុង នៅភូមិក្បាលអូរ ឃុំគរ ស្រុកត្បូងឃ្មុំ និងកសិករមួយរូបទៀតដែលភ្ញាស់កូនកង្កែបពូជ លោក ឡេង ម៉េងស្រ៑ាង នៅភូមិអង្គរលើ ឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។
ក្នុងពិធីជួបសំណេះសំណាល ពិនិត្យខ្សែច្រវាក់ផលិតកម្ម របស់កសិករចិញ្ចឹមកង្កែបនេះ ឯកឧត្តមអនុរដ្ឋលេខាធិការបានជំរុញ លើកទឹកចិត្តឱ្យចងក្រងគ្នាជាសហគមន៍ ដើម្បីទទួលបានសារប្រយោជន៍ ការគាំទ្រ និងបង្កើនភាពធន់ផ្នែកទីផ្សារ និងការផ្គត់ផ្គង់ ពិសេសកាត់បន្ថយថ្លៃដើមផលិតកម្ម។
ឯកឧត្តម ទឹម បូរក្ស ក៏បានចែកជូននូវវីតាមីនចម្រុះជូនកសិករភ្ញាស់ពូជកង្កែបទាំងពីរកន្លែង សម្រាប់លាយចំណីបំប៉នមេពូជ និងជំនួយសុខភាពកូនកង្កែបពូជផងដែរ ៕
ដោយ ៖ ម៉ាដេប៉ូ







