ក្រសួងការងារ និងស្ថានទូតសិង្ហបុរី រួមគ្នាផ្ដល់ជំនាញធ្វើម្ហូបអាហារបែបសិង្ហបុរី ស្របពេលអបអរសាទរខួប ៦០ឆ្នាំនៃទំនាក់ទំនងការទូត
(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងលោកជំទាវ ធាវ ឡេឈិង (Teo Lay Cheng) ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំកម្ពុជា នៅរសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមជាអធិបតីក្នុងកម្មវិធីបង្ហាញជំនាញធ្វើម្ហូបអាហារបែបសិង្ហបុរី ស្របពេលអបអរសាទរខួបលើកទី៦០ នៃទំនាក់ទំនងការទូតប្រទេសទាំងពីរ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC)។
ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ បានថ្លែងថា៖ «ថ្នាក់ជំនាញម្ហូបអាហារសិង្ហបុរី-ខ្មែរ ដែលត្រូវបានបណ្ដុះបណ្ដាលនៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) នាពេលនេះ ស្របពេលភាគីទាំងពីរអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦០ នៃទំនាក់ទំនងការទូតកម្ពុជា-សិង្ហបុរី»។
ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា ជំនាញម្ហូបអាហារសិង្ហបុរី-ខ្មែរ គឺជាធាតុចូលដ៏សំខាន់ក្នុងការចូលរួមកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១លាន៥សែននាក់ (TVET 1.5M) ដែលជាផ្នែកមួយដ៏សំខាន់នៃយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី កម្ពុជា។
ឯកឧត្តមរដ្ឋមន្រ្តី បញ្ជាក់ថា កម្មវិធី TVET មិនត្រឹមតែជាមធ្យោយបាយផ្ដល់ជំនាញ និងការផ្ដល់ការងារដល់យុវជននោះទេ ប៉ុន្ដែក៏ជាមធ្យោបាយចូលរួមដ៏សំខាន់ក្នុងការផ្លាស់ប្ដូរវប្បធម៌ បង្កើតរបកគំហើញថ្មីៗ និងកិច្ចសហប្រតិបត្តិការជាមួយដៃគូអន្តរជាតិគ្រប់ភាគីទាំងអស់។
ឯកឧត្តមបន្ថែមថា សិង្ហបុរីជាដៃគូដ៏សំខាន់ដែលបានគាំទ្រដល់ការផ្ដល់ជំនាញថ្នាក់ម្ហូបអាហារសិង្ហបុរី-ខ្មែរ។ លើសពីនេះ ក៏បានចូលរួមបង្កើតផលិតភាពទំនើបៗ បង្កើតកម្មវិធីប្រកួតប្រជែងក្នុងក្របខណ្ឌបណ្ដុះបណ្ដាលវិជ្ជាជីវៈ ពង្រឹងសមត្ថភាពគ្រូបង្គោល ពង្រឹងសមត្ថភាពអភិបាលកិច្ចរបស់វិទ្យាស្ថាន និងចែករំលែកបទពិសោធន៍ទាក់ទងនឹងបច្ចេកវិទ្យាទំនើបៗ ដែលជាតម្រូវការចាំបាច់ក្នុងទីផ្សារការងារនៅលើឆាកអន្តរជាតិ។
លោកជំទាវ ធាវ ឡេ ឈិង (Teo Lay Cheng) បានលើកឡើងថា៖ «ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាអ្នកអនុវត្តផ្ទាល់ បានបង្កើតសមិទ្ធផលជាបន្តបន្ទាប់គួរឱ្យកត់សម្គាល់ ជាពិសេសកម្មវិធី TVET ឆ្លើយតបតាមតម្រូវការទីផ្សារការងារយ៉ាងពេញលេញ និងបង្កើតឱកាសការងារជូនយុវជនកម្ពុជានៅទូទាំងប្រទេស»។
លោកជំទាវបានទទួលស្គាល់ពីសមិទ្ធផលដែលកើតចេញពីយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា គឺមិនត្រឹមតែផ្ដល់ជំនាញដល់យុវជននាពេលបច្ចុប្បន្នទេ ប៉ុន្ដែវាក៏ជាគន្លឹះសំខាន់សម្រាប់កសាងអនាគតរបស់យុវជនកម្ពុជា និងជាដើមទុនសម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ចជាតិផងដែរ។
លោកជំទាវបានអបអរសាទរចំពោះ NPIC ដែលបានទទួលពានរង្វាន់មេដាយ «Gold Global Excellence Model» សម្រាប់ជំនាញអប់រំ និងការបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលផ្ដល់ជូនដោយវិទ្យាស្ថានអប់រំបច្ចេកទេស និងសេវាកម្មសិង្ហបុរី ដែលបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងថ្នាក់ដឹកនាំរបស់ NPIC។
សូមរំឭកថា ទំនាក់ទំនងការទូតរវាងកម្ពុជា និងសិង្ហបុរី ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៦៥ ហើយរយៈពេល៦០ឆ្នាំនៃចំណងការទូតនេះ ប្រទេសទាំងពីរមានកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យពាណិជ្ជកម្ម វិនិយោគ និងការអភិវឌ្ឍធនធានមនុស្ស៕
ដោយ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា







