រដ្ឋបាល Trump បញ្ជូនជនចំណាកស្រុកនៃប្រទេសអាស៊ានចំនួន២ ទៅប្រទេសស៊ូដង់
បរទេស៖ ក្រុមមេធាវី នៅអាមេរិក បានចោទប្រកាន់រដ្ឋបាល របស់លោក Trump ពីបទនិរទេសខ្លួន ជនចំណាកស្រុកមកពីប្រទេសអាស៊ាន ចំនួន២ប្រទេស ទៅកាន់ប្រទេសស៊ូដង់ខាងត្បូង ដោយបំពាន លើដីការបស់តុលាការ នេះបើតាមការចុះផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន CNN កាលពីថ្ងៃពុធ។
ការចោទប្រកាន់នេះ បានធ្វើឡើង ចំពេលដែលរដ្ឋាភិបាល ទីក្រុងវ៉ាស៊ីងតោន នៅតែបន្តចាប់ឃាត់ខ្លួនទុក មុនពេល បណ្តេញ ជនចំណាកស្រុក ទៅកាន់ប្រទេសទីបី ខណៈដែលរដ្ឋបាលរបស់លោក Trump នៅតែជំរុញទៅមុខ ជាមួយនឹងផែនការនិរទេសដ៏ធំរបស់ខ្លួន បើទោះបីជាមានរឿងក្តីក្តាំង តវ៉ា នៅតុលាការ ក៏ដោយ។
ក្រុមមេធាវី បានអះអាងថា កូនក្តីរបស់ពួកគេ ដែលជនជាតិវៀតណាម និងមីយ៉ាន់ម៉ា ជាមួយនឹង ជនអន្តោប្រវេសន៍រាប់សិបនាក់ ផ្សេងទៀត ត្រូវបានចាប់បញ្ជូន ទៅកាន់ប្រទេស ស៊ូដង់ ខាងត្បូង កាលពីថ្ងៃអង្គារ ដោយមិនបានទទួលការជូនដំណឹង ត្រឹមត្រូវ ឬ ឱកាសតវ៉ានឹងការនិរទេសរបស់ពួកគេ ទៅកាន់ប្រទេសទីបី នោះឡើយ។
អ្នកស្រី មេធាវី Jacqueline Brown បានអះអាងថា ខ្លួនបានកំណត់ពេលប្រជុំ តាមវីដេអូ ជាមួយកូនក្តី នៅព្រឹកថ្ងៃអង្គារ ប៉ុន្តែ ស្រាប់តែកូនក្តី ជាជនជាតិមីយ៉ាន់ម៉ា ដាក់ឈ្មោះកាត់ថា N.M. លែងស្ថិតនៅក្នុងប្រព័ន្ធឃុំឃាំង ទៀតហើយ។ មន្ត្រីប្រចាំនៅមជ្ឈមណ្ឌលឃុំឃាំង Port Isabel បានឆ្លើយតបវិញថា កូនក្តីរូបនេះ ត្រូវបានបញ្ជូនចេញ ទៅប្រទេសទីបី ហើយ។
ក្រុមមេធាវី បាននិយាយបន្ថែមថា ជនជាតិវៀតណាម ម្នាក់ទៀត ហាក់ដូចជា បានទទួលរងនូវជោគវាសនា ដូចគ្នានេះ ហើយទំនង ជាមានសមាជិកគ្នាគេ យ៉ាងហោចណាស់ ១០នាក់ បានជិះ នៅលើយន្តហោះ ឆ្ពោះទៅកាន់ ប្រទេសស៊ូដង់ខាងត្បូង ក្នុងជើងហោះហើរ ដូចគ្នា។
ក្រសួងសន្តិសុខមាតុភូមិអាមេរិក មិនបានបញ្ជាក់ជាសាធារណៈ អំពីការនិរទេស ទៅស៊ូដង់ខាងត្បូង ដែលជាប្រទេស ស្ថិតក្នុងស្ថានភាពសង្គ្រាមស៊ីវិលជាថ្មីទៀត នោះទេ។ តែ កន្លងមក អាមេរិក បានចេញសេចក្តីណែនាំ កុំធ្វើដំណើរទៅប្រទេស ដែលមានជម្លោះប្រដាប់អាវុធ មួយនេះ។
យ៉ាងណាមិញ នេះមិនមែនជាករណីដំបូងទេ ក្នុងនោះ កាលពីដើមឆ្នាំនេះ ចៅក្រមនៅអាមេរិក ឈ្មោះ Brian Murphy ក៏បានរារាំង រដ្ឋបាលរបស់លោក Trump ពីការនិរទេសជនចំណាកស្រុក ទៅកាន់ប្រទេសផ្សេង ដែលមិនមែនជាប្រទេសដើម របស់ពួកគេ ព្រមទាំង មិនមានការជូនដំណឹង ជាលាយលក្ខណ៍អក្សរ ជាមុន និង គ្មានឱកាស ដេញដោល តវ៉ា ផ្ទៀងផ្ទាត់ឯកសារ អ្វីទាំងអស់៕
ប្រភពពី CNN ប្រែសម្រួល៖ សារ៉ាត
