Trump ដៀលមេដឹកនាំប្រទេសមួយនៅចំពោះមុខថា «ប្រល័យពូជសាសន៍»
បរទេស ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃពុធ បានដៀល មេដឹកនាំប្រទេស អាហ្រ្វិកខាងត្បូង លោក Cyril Ramaphosa ថា ប្រល័យពូជសាសន៍ឯង នៅចំពោះមុខផ្ទាល់ ពោលគឺក្នុងពេលដែលពួកលោក បានជួបគ្នា នាសេតវិមាន។
មេដឹកនាំអាមេរិក វ័យ៧៨ឆ្នាំ រូបនេះ ក៏បានចាក់វីដេអូ ៤នាទី នៅលើអេក្រង់ធំមួយ ដែលលោកបានអះអាងថា អំពើប្រល័យពូជសាសន៍ កំពុងប្រព្រឹត្ត លើជនជាតិស្បែកស ដែលជំរុញឱ្យកសិករ ភៀសខ្លួន ទៅកាន់សហរដ្ឋអាមេរិក។ វីដេអូបានបង្ហាញពីអ្នកនយោបាយអាហ្វ្រិកខាងត្បូង ស្បែកខ្មៅ ដែលអំពាវនាវឱ្យមានការធ្វើទុក្ខបុកម្នេញ លើប្រជាជនស្បែកស។
រឿងរាវនេះ បានកើតឡើង ក្រោយពេលដែលរដ្ឋបាលរបស់លោក Trump កាលពីដើមខែនេះ បានផ្តល់ឋានៈជាជនភៀសខ្លួន ដល់ជនជាតិស្បែកសជាង ៥០នាក់ មកពីអាហ្វ្រិកខាត្បូង បើទោះជាខ្លួនបានបញ្ឈប់ដាច់ណាត់ ក្នុងការទទួលយកអ្នកស្វែងរកសិទ្ធិជ្រកកោន ពីជុំវិញពិភពលោកក៏ដោយ។
ក្រោយពេលលោក Trump ចោទចំៗ នៅចំពោះមុខបែបនេះ ប្រធានាធិបតីអាហ្រ្វិកខាងត្បូង លោក Cyril Ramaphosa បានជំទាស់នឹងការអះអាង របស់លោក Trump ។ ហើយបន្ទាប់ពីលេចចេញ នូវការភ្ញាក់ផ្អើល ជាលើកដំបូង ចំពោះចំណាត់ការ ចំមុខផ្ទាល់ បែបនេះ លោកបានរក្សាភាពស្ងប់ស្ងាត់ ដោយជៀសវាង ការឈ្លោះប្រកែកគ្នា នៅចំពោះអ្នកមុខ អ្នកការ និងអ្នកសារព័ត៌មាន ដូចដែលលោក Trump ធ្លាប់ធ្វើដាក់ មេដឹកនាំប្រទេស ផ្សេងទៀត។
យ៉ាងណាមិញ ក្រោយមក ពេលរៀបនឹងចាកចេញពីអគារសេតវិមាន លោកប្រធានាធិបតីអាហ្រ្វិកខាងត្បូងរូបនេះ បានប្រាប់អ្នកសារព័ត៌មានថា ជំនួបរបស់លោក ជាមួយលោក Donald Trump ដំណើរការទៅ “ល្អណាស់” បើទោះបីជាប្រធានាធិបតីអាមេរិក បានវាយប្រហារដោយពាក្យសម្តីចំមុខ ខ្លាំងៗ ក៏ដោយ៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត





