ចំណាប់ខ្មាំងនៅ Gaza ២០នាក់ មិនទាន់ស្លាប់
បរទេស៖ នាយករដ្ឋមន្ត្រីនៃប្រទេសអ៊ីស្រាអែល លោក Netanyahu បាននិយាយថា ចំណាប់ខ្មាំង ២០នាក់ «ប្រាកដណាស់» ពិតជានៅមានជីវិត ក្នុងតំបន់ហ្គាហ្សា។
ក្នុងអំឡុងពេលសន្និសីទ សារព័ត៌មានមួយ នាទីក្រុង Jerusalem កាលពីថ្ងៃពុធ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយទៀតថា លោកបានត្រៀមខ្លួន រួចជាស្រេច សម្រាប់ “បទឈប់បាញ់បណ្តោះអាសន្ន” ដើម្បីការពារ ការវិលត្រឡប់ នៃចំណាប់ខ្មាំង ដែលត្រូវបានឃុំខ្លួន នៅហ្គាហ្សា។ គួររម្លឹកថា ចំណាប់ខ្មាំង ជាង២៥០នាក់ ត្រូវបានពួកហាម៉ាស់ ចាប់ពង្រត់ តាំងពីឆ្នាំ២០២៣ ក្នុងនោះ មានខ្លះស្លាប់, មានខ្លះនៅរស់ ហើយខ្លះទៀត ត្រូវបានរំដោះ។
ការលើកឡើងនេះ បានធ្វើឡើង ចំពេលបណ្តាមេដឹកនាំលោកខាងលិច ព្រមានចាត់ការលើអ៊ីស្រាអែល បើមិនព្រម ឈប់បាញ់ និង មិនបើកច្រក ឲ្យដឹកស្បៀង ចូលតំបន់ហ្គាហ្សា ឲ្យបានទូលំទូលាយ។
ប៉ុន្តែ លោក Benjamin Netanyahu មានប្រសាសន៍ នាពេលនោះថា អ៊ីស្រាអែល ត្រូវតែជៀសវាងវិបត្តិមនុស្សធម៌ នៅតំបន់ហ្គាហ្សាស្ទ្រីប តែ កងទ័ពត្រូវតែមានសេរីភាព ធ្វើសកម្មភាពប្រតិបត្តិការរបស់ខ្លួន។ លោក Netanyahu អះអាងជាថ្មីថា តំបន់ Gazaទាំងមូល នឹងស្ថិតនៅក្រោមការគ្រប់គ្រង របស់អ៊ីស្រាអែល។
អាជ្ញាធរសុខាភិបាលហ្គាហ្សា ដែលគ្រប់គ្រងដោយក្រុមហាម៉ាស បាននិយាយថា ប្រជាជនប៉ាឡេស្ទីនជាង ៥,៣០០០នាក់ ត្រូវបានសម្លាប់ ក្នុងអំឡុងពេលយុទ្ធនាការយោធា របស់អ៊ីស្រាអែល ប្រមាណ២០ខែ កន្លង មកនេះ៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត
