រដ្ឋបាលខេត្តបាត់ដំបងផ្សព្វផ្សាយខ្លឹមសារអនុក្រឹត្យលេខ៤៧ អនក្រ.បក និងនីតិវិធីនៃការចុះបញ្ជីស្នាក់នៅប្រគេនព្រះសង្ឃ
បាត់ដំបង៖នៅសាលប្រជុំសាលាខេត្តកាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ រដ្ឋបាលខេត្តបាត់ដំបងបានប្រជុំផ្សព្វផ្សាយខ្លឹមសារអនុក្រឹត្យលេខ៤៧ អនក្រ.បក ចុះថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥ និងប្រកាសលេខ៤២២១ ប្រក របស់ ក្រសួងមហាផ្ទៃ ចុះថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥ និងនីតិវិធីនៃការចុះបញ្ជីស្នាក់នៅប្រគេនដល់ព្រះសង្ឃ។

កិច្ចប្រជុំបានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង ដោយមានការនិមន្តចូលរួមពីព្រះសង្ឃ ចូលរួមពីអភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរ អង្គភាព ថ្នាក់ដឹកនាំកងកម្លាំងប្រដាប់អាវុធ អភិបាលក្រុង ស្រុក អធិការក្រុងស្រុក មន្រ្តីរាជការ មេឃុំចៅសង្កាត់ ស្មៀនឃុំ សង្កាត់ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់។

កិច្ចប្រជុំបានស្តាប់ការធ្វើបទបង្ហាញរបស់មន្រ្តីនគរបាលជំនាញផ្នែកអត្តសញ្ញាណកម្មនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងពីខ្លឹមសារអនុក្រឹត្យ ប្រកាសរបស់ក្រសួងមហាផ្ទៃ និងនីតិវិធីនៃការចុះបញ្ជីស្នាក់នៅប្រគេនព្រះសង្ឃ ។

ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបងបានគូសរំលេចថា អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ត្រូវផ្តល់ជូនបុគ្គលដែលមានសញ្ជាតិខ្មែរគ្រប់រូបចាប់ពីអាយុ ១៥ឆ្នាំឡើងទៅ រួមមាន ព្រះសង្ឃ ជនវិបល្លាសស្មារតី ទណ្ឌិត ខណៈកាលពីមុនមិនអនុញ្ញាត ហើយទៅថ្ងៃអនាគត នឹងផ្តល់ឱ្យកុមារចាប់ពីអាយុ៥ឆ្នាំឡើងទៅ។ទន្ទឹមនេះក៏ផ្តល់សុពលភាពអចិន្ត្រៃយ៍ ចំពោះបុគ្គល ដែលមានអាយុចាប់ពី៦០ឆ្នាំឡើង។អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ជាទម្រង់សន្លឹកប្លាស្ទិក ដែលធ្លាប់ប្រើ និងទម្រង់អេឡិចត្រូនិក ដែលអាចបង្ហាញតាមស្មាតហ្វូន ដោយមិនបាច់កាន់សន្លឹកប្លាស្ទិក។

ឯកឧត្តមអភិបាលខេត្តក៏បានណែនាំដល់ក្រុមការងារធ្វើអត្តសញ្ញាណបណ្ណប្រគេនព្រះសង្ឃ ត្រូវចុះផ្តល់នៅតាមសាលាគណ សាលាអនុគណ ឬវត្តអារាមដែលមានព្រះសង្ឃគង់នៅច្រើន។ជាពិសេស តាមពុទ្ធិកសិក្សាគ្រប់កម្រិត ហើយត្រូវដោះស្រាយនូវរាល់បញ្ហាប្រឈមដូចជា ករណីគ្មានសំបុត្រកំណើត ឬសំបុត្របញ្ជាក់កំណើត ឬចេញឯកសារសម្គាល់ការស្នាក់នៅជាដើម។
ឯកឧត្តមក៏បានជូនជាយោបល់ថា ការបើកយុទ្ធនាការធ្វើអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរប្រគេនព្រះសង្ឃគួរតែចាប់ផ្តើមដំបូងនៅវត្តពោធិ៍វាល ពីព្រោះមានព្រះសង្ឃគង់ច្រើន ហើយក៏មានសាលាពុទ្ធិកវិទ្យាល័យអ៊ឹង ធួងផងដែរ៕
អត្ថបទ-រូបភាព៖ អ៊ុក សំអាន ប.ប
