គណៈកម្មាធិការរដ្ឋាភិបាលឌីជីថលនៃក្រសួងប្រៃសណីយ៍និងតំណាងក្រសួងអប់រំ បានជួបពិភាក្សាលើសេចក្តីព្រាងយុទ្ធសាស្រ្តជាតិស្តីពីបញ្ញាសិប្បនិម្មិត

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ លោក តាំង ប៊ុនហុង ប្រធាននាយកដ្ឋានគោលនយោបាយនិងនីតិកម្មនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល បានជួបប្រជុំទ្វេភាគីជាមួយតំណាងក្រសួងអប់រំ យុវជន និងកីឡា ដឹកនាំដោយ លោក សុក ថា ប្រធាននាយកដ្ឋានបរិវត្តកម្មឌីជីថល ដើម្បីពិភាក្សាលើសេចក្ដីព្រាងយុទ្ធសាស្ត្រជាតិស្ដីពីបញ្ញាសិប្បនិម្មិត។

មុននឹងចូលទៅកាន់កិច្ចពិភាក្សា ក្រុមការងារក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានជម្រាបអំពីសាវតានិងដំណើការនៃការរៀបចំយុទ្ធសាស្រ្តជាតិ ព្រមទាំងបទបង្ហាញអំពីខ្លឹមសារសេចក្ដីព្រាង និងផែនការបន្ទាប់។ តំណាងក្រសួងអប់រំ យុវជន និងកីឡាបានផ្តល់ព័ត៌មានវឌ្ឍនភាពនិងស្ថានភាពបច្ចុប្បន្នអំពីការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតក្នុងវិស័យអប់រំនិងបានផ្តល់ធាតុចូលសំខាន់ៗដើម្បីកែសម្រួលសេចក្តីព្រាងយុទ្ធសាស្រ្តជាតិនេះឱ្យកាន់តែប្រសើរឡើង។ លោកប្រធាននាយកដ្ឋានបានជម្រាបពីការគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡាលើសេចក្ដីព្រាងយុទ្ធសាស្ត្រជាតិស្ដីពីបញ្ញាសិប្បនិម្មិតដែលរៀបចំដោយ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។

តំណាងក្រសួងអប់រំ យុវជន និងកីឡានឹងបន្តពិភាក្សាផ្ទៃក្នុងក្រសួង ហើយនឹងផ្ដល់ធាតុចូលជាលាយលក្ខណ៍អក្សរមកក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដើម្បីធ្វើឱ្យសេចក្តីព្រាងនេះកាន់តែមានភាពគ្រប់ជ្រុងជ្រោយនិងមានទិសដៅកាន់តែច្បាស់លាស់សម្រាប់ប្រែក្លាយចក្ខុវិស័យជាការពិតនិងកសាងប្រព័ន្ធអេកូឡូស៊ីបញ្ញាសិប្បនិម្មិតដ៏រស់រវើក សំដៅចូលរួមអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមកម្ពុជា៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner