សម្ដេចតេជោ ហ៊ុន សែន ផ្ដល់អនុសាសន៍ឱ្យធ្វើពង្រាងវិសោធនកម្មលក្ខន្តិកៈសមាគមអតីតយុទ្ធជនកម្ពុជា មានវិសាលភាពគ្របដណ្តប់ទៅលើនិវត្តជនទាំងអស់

(ភ្នំពេញ)៖ ក្នុងកិច្ចប្រជុំក្រុមការងារព័ត៌មានផ្សព្វផ្សាយរបស់ សមាគមអតីតយុទ្ធជនកម្ពុជា C.V.A នៅវិមាន៧មករា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានផ្ដល់អនុសាសន៍ឱ្យធ្វើពង្រាងវិសោធនកម្មលក្ខន្តិកៈ សមាគមអតីតយុទ្ធជនកម្ពុជា ឲ្យមានវិសាលភាពគ្របដណ្តប់ទៅលើនិវត្តជនទាំងអស់ ដោយរួមបញ្ចូលទាំងមន្ត្រីរាជការចូលនិវត្តន៍ គ្រូបង្រៀនចូលនិវត្តន៍ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទចូលនិវត្តន៍ ។

ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹងនៅក្រោយកិច្ចប្រជុំថា នៅក្នុងកិច្ចប្រជុំនោះ គឺគោលដៅសំខាន់ ដើម្បីដោះស្រាយនូវបញ្ហាប្រឈមនានារបស់សមាគមអតីតយុទ្ធជនកម្ពុជា ដែលបានកើតឡើងនាពេលកន្លងមក និងដាក់ទិសដៅការងារបន្តទៀតសម្រាប់សមាគមអនុវត្តបន្ត ។

ក្នុងកិច្ចប្រជុំ សម្ដេចតេជោ បានរៀបចំឲ្យដំណើរការនៃក្រុមព័ត៌មានរបស់សមាគមអតីតយុទ្ធជនកម្ពុជា ដោយនៅក្នុងនោះ ឱ្យមានសកម្មភាពនៃការបង្កើតដាក់ឲ្យដំណើរការនៃបណ្ដាញសង្គមផ្លូវការរបស់សមាគមអតីតយុទ្ធជនកម្ពុជាមានដូចជា Facebook, Telegram ,youtube, និងTikTok ជាដើម ដើម្បីធ្វើយ៉ាងណា ជំរុញការផ្សព្វផ្សាយនូវសកម្មភាព ជាស្នាដៃ ជាសមិទ្ធផល និងផ្សព្វផ្សាយអំពីការងាររបស់សមាគមអតីតយុទ្ធជនកម្ពុជា ព្រមទាំងសកម្មភាព និងការរស់នៅរបស់អតីតយុទ្ធជនកម្ពុជាឲ្យកាន់តែផុសផុសឡើងនៅលើបណ្ដាញសារព័ត៌មាន ពោលចំពោះបណ្ដាញផ្សព្វផ្សាយសង្គមតែម្ដង ។

នៅក្នុងឱកាសនោះ សម្ដេចតេជោ បានលើកឡើងនូវចំណុចស្នូលសំខាន់ៗ ទាក់ទងទៅនឹងការធ្វើវិសោធនកម្មលក្ខន្តិកៈសមាគមអតីតយុទ្ធជនកម្ពុជា ដោយសម្ដេចតេជោ បានផ្ដល់អនុសាសន៍ឱ្យមានការរៀបចំ ដើម្បីឈានទៅដល់ការធ្វើវិសោធនកម្មលក្ខន្តិកៈអតីតយុទ្ធជនកម្ពុជា ដើម្បីសំដៅធ្វើយ៉ាងណា ឈានទៅដល់ការគ្រប់គ្រង និងជួយជ្រោមជ្រែងបន្ថែមទៀតដល់និវត្តជនទូទៅ ដោយមិនចំពោះតែអតីតយុទ្ធជនដូចកន្លងមកទេ ប៉ុន្តែសម្ដេច បានផ្ដល់អនុសាសន៍ឲ្យកែ លក្ខន្តិកៈនេះក្នុងគោលដៅ ដើម្បីបញ្ចូលនិវត្តជនទូទៅ ក្នុងនោះ មានមន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ ឱ្យមកចូលក្នុងក្របខណ្ឌសមាគមអតីតយុទ្ធជននេះដែរ ហើយនឹងអាចពិចារណាពិនិត្យក្នុងការផ្លាស់ប្ដូរឈ្មោះបន្ថែមទៀតដើម្បីឲ្យមានវិសាលភាពគ្របដណ្ដប់ទៅលើការគ្រប់គ្រងនិវត្តជន ទាំងមន្ត្រីរាជការស៊ីវិល និងកម្លាំងប្រដាប់អាវុធ ។

ការផ្ដល់អនុសាសន៍បែបនេះរបស់សម្ដេចតេជោ ក្នុងគោលដៅ ដើម្បីគ្រប់គ្រងទៅលើដំណើរការ នៃនិវត្តជនទូទៅ ដោយមិនទុកពួកគាត់ចោលនោះទេ គឺការយកចិត្តទុកដាក់ជួយជ្រោមជ្រែង ឧបត្ថម្ភតាមការពិនិត្យឃើញជាក់ស្ដែងទៅលើនិវត្តជនទាំងអស់ ដោយមិនចំពោះតែមន្ត្រីអតីតយុទ្ធជនទេ ។ នេះជាអនុសាសន៍ថ្មី និងជាការយកចិត្តទុកដាក់ថ្មីរបស់សម្ដេចតេជោ ក្នុងឋានៈលោកជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ដែលបានគិតគូរដល់ អ្នកចូលនិវត្តន៍ទាំងអស់ ទាំងមន្ត្រីរាជការស៊ីវិល មន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធ ដែលបានចូលនិវត្តន៍ ដើម្បីឲ្យចូលក្នុងក្របខណ្ឌនៃសមាគម ដែលរួមចំណែកក្នុងការជួយដល់ពួកគាត់តាមយន្តការរបស់សមាគមអតីតយុទ្ធជនកម្ពុជា ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner