អាជ្ញាធរ ស្រុកបន្ទាយស្រី ចាត់ទុក សាលា អូគូលែន ហ្វ្រីស្គូល អំណោយរបស់ក្រុមហ៊ុន គូឡារ៉ា វ៉ធីរ ជាការរួមចំណែកអភិវឌ្ឍន៍ធនធានមនុស្សក្នុងសហគមន៍
សៀមរាប៖ សាលា អូគូលែន ហ្វ្រីស្គូល ជាអំណោយរបស់ក្រុមហ៊ុន គូឡារ៉ា វ៉ធីរ (Kulara Water Co.,Ltd.) ផ្តល់ជូនសហគមន៍ន៍ ក្នុង ភូមិកកោះជ្រុំ ឃុំខ្នារសណ្ដាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប បានសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នាព្រឹកថ្ងៃទី២២ ខែ ឧសភា ឆ្នាំ២០២៥ អនុញ្ញាតឱ្យសិស្សចូលរៀនដោយមិនគិតថ្លៃ។

លោក រិន ឡូត អភិបាលស្រុកបន្ទាយស្រី បានចាត់ទុក វត្តមានសាលា អូគូលែន ហ្វ្រីស្គូល ដែលផ្តល់ជូនជាពិសេស សម្រាប់សិស្សនៅក្នុងសហគមន៍រៀនដោយមិនគិតថ្លៃនេះ បានបំពេញតម្រូវការផ្នែកអប់រំ អភិវឌ្ឍធនធានមនុស្សជំនាន់ក្រោយ ជាពិសេសម្រាប់សហគមន៍ ។

លោកថា ការបង្កើតសាលា អូគូលែន ហ្វ្រីស្គូល ក្នុងសហគមន៍ស្រុកបន្ទាយស្រី បានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍធនធានមនុស្ស ដោយឆ្លើយតបទៅនឹងតម្រូវការរបស់សហគមន៍ក្នុងស្រុក ដើម្បីអភិវឌ្ឍជំនាញកុំព្យូទ័រ និងភាសាអង់គ្លេសសម្រាប់សិស្សនិងយុវជន។ វាជាការចូលរួមអភិវឌ្ឍជំនាញឲ្យស្របទៅនឹងសង្គម បច្ចុប្បន្ន ដែលរាជរដ្ឋាភិបាលកម្ពុជាក្នុងនិតិកាលទី៧នេះ បានយកចិត្តទុកដាក់កំពុងអនុវត្តគោលនយោបាយ បញ្ចកោណ ដើម្បីអភិវឌ្ឍធនធានមនុស្ស និងបច្ចេកវិទ្យា។ ទន្ទឹមជាមួយគ្នានេះក្នុងនាមអភិបាលស្រុកបន្ទាយស្រី លោកអភិបាល់ស្រុក បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ទៅកាន់អ្នកនាង Anuchakkar For’e ម្ចាស់ក្រុមហ៊ុន គូឡារ៉ា វ៉ធីរ ដែលបានបង្កើតក្រុមហ៊ុនផលិតទឹកដ៏មានគុណភាពនៅកម្ពុជា បានផ្តល់ឱកាសការងារជូនប្រជាពលរដ្ឋនៅក្នុងសហគមន៍ ពិសេស បានផ្តល់អំណោយសាលារៀនបណ្តុះភាសាអង់គ្លេស និងកុំព្យូទ័រដល់សិស្សដោយឥតគិតថ្លៃថែមទៀតផង។

លោក រ៉ូឡែន ពីណុល ប្រធានគ្រប់គ្រងទូទៅក្រុមហ៊ុន គូឡារ៉ា វ៉ធើរ មានប្រសាសន៍ថា គម្រោងសាងសង់សាលារៀនឥតគិតថ្លៃនេះ កើតចេញមកបាន ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំនៃក្រុមហ៊ុន គូឡារ៉ា វ៉ធើរ ក្នុងការជួយជ្រោមជ្រែងអនាគតរបស់យុវជនកម្ពុជាតាមរយៈការអប់រំ។ ការបើកសាលារៀននេះគឺជាការផ្តល់ឱកាសឱ្យក្មេងៗដែលរស់នៅក្នុងសហគមន៍ដាច់ស្រយាល ទទួលបានឱកាស ក្នុងការពង្រីកចំណេះដឹង ពង្រឹងការរៀនសូត្របន្ថែមលើជំនាញដែលចាំបាច់នៅក្នុងជីវិតរបស់ពួកគេ លើសពីនេះ វាក៏ជាផ្នែកមួយដែលជួយឱ្យពួកគេមានអនាគតដែលល្អប្រសើរនឹងមានលំនឹងផងដែរ។ ការអប់រំ គឺជាធាតុដ៏មានឥទ្ធិពលដែលអាចជម្រុញឱ្យមានការអភិវឌ្ឍន៍។

អ្នកនាង Anouchka Forey នាយិកា ក្រុមហ៊ុន គូឡារ៉ា វ៉ធើរ បានមានប្រសាសន៍ដូច្នេះ ហើយបានបន្តទៀតថា “ក្រុមហ៊ុន គូឡារ៉ា វ៉ធើរ ជឿជាក់ថា កុមារ គ្រប់ៗគ្នាគួរតែទទួលបានឱកាសក្នុងការសិក្សារៀនសូត្រ បង្កើនចំណេះដឹងដើម្បីបើកទ្វារទៅរកឱកាសដ៏ប្រពៃនៃ ជីវិត។ សាលារៀនឥតគិតថ្លៃ អូ គូលែន បង្កើតឡើងដើម្បីបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងជ្រាលជ្រៅរបស់យើងចំពោះ ការអភិវឌ្ឍន៍ដែលប្រកបដោយចីរភាព និងសមភាពសង្គមនៅកម្ពុជា”។

សូមបញ្ជាក់ផងដែរថា នេះជាសាលារៀនទី២របស់ ក្រុមហ៊ុន គូឡារ៉ា វ៉ធើរ បានបង្កើតសាលា ដោយឥតគិតថ្លៃ ខណៈសាលាទី១ដំបូងគេបង្កើតឡើងនៅឆ្នាំ ២០២៤ នៅ ស្រុកស្រយង់ ខេត្តព្រះវិហារ ដែលបច្ចុប្បន្នមានសិស្សច្រើនជាង ២០០នាក់កំពុងរៀនភាសាអង់គ្លេស និងជំនាញ កុំព្យូទ័រដោយឥតគិតថ្លៃនៅទីនោះ។ លើសពីនេះទៀត ក្រុមហ៊ុន គូឡារ៉ា វ៉ធើរ បានប្តេជ្ញាចិត្តក្នុងការបង្កើតអនាគតប្រកបដោយចីរភាពតាមរយៈ សកម្មភាពជាវិជ្ជមាន ដែលផ្តោតលើការស្តារបរិស្ថាន ការដាំឈើកម្រ ការប្រើថាមពលពន្លឺព្រះអាទិត្យ ការអប់រំ និង ការចូលរួមយ៉ាងជិតស្និទ្ធជាមួយសហគមន៍។ សកម្មភាពទាំងនេះឆ្លុះបញ្ចាំងពីគុណតម្លៃស្នូល ក្រុមហ៊ុន ថាអាចជុំរុញ និងលើកកម្ពស់ទាំងសហគមន៍ និងបរិស្ថានអោយខានតែបាន៕



រូបភាព ជីម ភារ៉ា អត្ថបទ៖ ជាវ ចន្ធូ