លោក គីម ជុងអ៊ុន ចាត់ទុកជាបទឧក្រិដ្ឋ ករណីនាវាចម្បាំងថ្មីមិនដំណើរការ ក្នុងថ្ងៃសម្ពោធ
បរទេស៖ មេដឹកនាំ កូរ៉េខាងជើង លោក គីម ជុងអ៊ុន បានថ្លែងចាត់ទុកជាករណីបទឧក្រិដ្ឋ ក្រោយពេលដែលនាវាចម្បាំងថ្មី ទម្ងន់៥,០០០តោន មិនដំណើរការ នៅក្នុងថ្ងៃសម្ពោធ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ កូរ៉េខាងជើង KCNA នៅថ្ងៃព្រហស្បតិ៍នេះ ហើយត្រូវបានចុះផ្សាយបន្ត ដោយទីភ្នាក់ងារព័ត៌មាន BBC។
លោក គីម ជុងអ៊ុន ដែលបានចូលរួមក្នុងព្រឹត្តិការណ៍ដាក់ឲ្យដំណើរការនាវាពិឃាត មួយគ្រឿងនេះផ្ទាល់ បានរិះគន់ខ្លាំងៗ ថា បណ្តាលមកពី «ការធ្វេសប្រហែស» ដែលបានធ្វើឱ្យខូចសេចក្តីថ្លៃថ្នូរ របស់ប្រទេសជាតិ ហើយ លោកបញ្ជាឱ្យជួសជុលនាវា ឡើងិវញ ជាបន្ទាន់ ធ្វើយ៉ាងណាត្រូវរួចរាល់ នៅមុនពេលកិច្ចប្រជុំ របស់គណបក្សកាន់អំណាច ដ៏សំខាន់ នៅក្នុងខែមិថុនា ខាងមុខ។
ឧប្បត្តិហេតុចុងក្រោយនេះ បានកើតឡើង នៅប៉ុន្មានសប្តាហ៍ បន្ទាប់ពីកូរ៉េខាងជើង បានបង្ហាញនាវាពិឃាតថ្មី មួយគ្រឿងនេះ នៅលើឆ្នេរសមុទ្រភាគខាងលិច ដែលខ្លួនបាននិយាយថា ត្រូវបានរចនាឡើង ដើម្បីផ្ទុកកាំជ្រួច ជាង៧០គ្រឿង។ រដ្ឋាភិបាលក្រុងព្យុងយ៉ាងចាត់ទុក នាវាចម្បាំងនេះថាជា «របកគំហើញថ្មី» ក្នុងការធ្វើទំនើបកម្មកងកម្លាំងទ័ពជើងទឹករបស់ជាតិ ហើយបាននិយាយថា នាវាពិឃាតថ្មីនេះ នឹងត្រូវបានដាក់ពង្រាយ នៅដើមឆ្នាំក្រោយ។
បើតាម KCNA ឧបទ្ទវហេតុនេះ បានកើតឡើង នៅកំពង់ផែ ភាគខាងកើត នៃទីក្រុង Chongjin ដោយពេលនោះ ផ្នែកខ្លះ នៃបាតខាងក្រោមនាវាចម្បាំងបានរងការខូចខាត ប៉ុន្តែ មិនបង្ហាញលម្អិតបន្ថែម ពីទំហំនៃការខូចខាតឡើយ ហើយរបាយការណ៍ ក៏មិនបានបញ្ជាក់ ពីការមានអ្នករងរបួស ឬ បាត់បង់ជីវិតទេ។
យ៉ាងណាមិញ គេមិនច្បាស់ទេថា តើមន្ត្រីទាំងនោះ នឹងត្រូវប្រឈមមុខ នឹងទណ្ឌកម្មបែបណា ប៉ុន្តែ រដ្ឋផ្តាច់ការ មួយនេះ មានកំណត់ត្រា សិទ្ធិមនុស្ស ដ៏អាក្រក់។ សកម្មជនបាននិយាយថា គ្រាន់តែ មើលវីដេអូ DVD របស់កូរ៉េខាងត្បូង ក៏ត្រូវចាប់ញាត់គុក ផងដែរ។
ជាការកត់សម្គាល់ នេះគឺជារឿងចម្លែក សម្រាប់កូរ៉េខាងជើង ក្នុងការលាតត្រដាងជាសាធារណៈអំពីគ្រោះថ្នាក់បែបនេះ បើទោះជាគេដឹងថា ប្រទេសឯកោ មួយនេះ ធ្លាប់មានឧប្បត្តិហេតុ ដូច្នេះ ជាច្រើនដង នាពេលកន្លងមក ក៏ដោយ៕
ប្រភពពី BBC ប្រែសម្រួល៖ សារ៉ាត
