អ៊ីស្រាអែលបាញ់ព្រមានអ្នកកាទូត ៦ប្រទេស ដែលចុះទៅតំបន់West Bank
បរទេស៖ កាលពីថ្ងៃពុធ អ៊ីស្រាអែល បានបាញ់ព្រមាន ដល់ក្រុមអ្នកកាទូត ៦ប្រទេស ដែលធ្វើទស្សនកិច្ច នៅតំបន់ West Bank ជាកន្លែងដែលកងកម្លាំងសន្តិសុខ នៃរដ្ឋាភិបាលក្រុង តែល អាវីហ្វ កំពុងធ្វើប្រតិបត្តិការដ៏ធំ ប្រឆាំងនឹងក្រុមប្រដាប់អាវុធ ហាម៉ាស់-ប៉ាឡេស្ទីន ចាប់តាំងពីខែមករាមក នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន BBC នៅថ្ងៃពុធនេះ។
យោធាអ៊ីស្រាអែលបានចោទប្រកាន់ពួកគេថា បានចាកចេញពីតំបន់ ដែលអនុញ្ញាតឲ្យធ្វើទស្សនកិច្ច ទើបបានជាមានការបាញ់ផ្លោង ទៅលើអាកាស គំរាម នាំគ្នា ចេញឲ្យឆ្ងាយ ពីទីនោះ។ អ៊ីស្រាអែលថែមទាំងបានបង្ហាញការសោកស្តាយ ដែលតំណាងប្រទេសទាំង៦ រួមមាន អេស្បាញ អេហ្ស៊ីប បារាំង ទួកគី អៀរឡង់ និងអ៊ីតាលី បំពានការហាមឃាត់ ទៀតផង។ យ៉ាងណាមិញ គ្មានអ្នករងរបួសត្រូវបានរាយការណ៍ នៅក្នុងឧបទ្ទវហេតុដែលបានកើតឡើង នៅក្នុងទីក្រុង Jenin ភាគខាងជើង តំបន់ West Bank នាពេលនោះទេ។
ក្រោយកើតហេតុ ប្រទេសមួយចំនួន បានថ្កោលទោសចំពោះសកម្មភាព របស់យោធាអ៊ីស្រាអែល
ហើយមានប្រទេសជាច្រើនបានប្រកាសថា នឹងកោះហៅឯកអគ្គរដ្ឋទូតអ៊ីស្រាអែល មកទទួលខុសត្រូវចំពោះឧប្បត្តិហេតុ ដោយអំពាវនាវឱ្យមានការស៊ើបអង្កេត និងការពន្យល់ ឲ្យបានច្បាស់លាស់ចំពោះរឿងនេះ។
អាជ្ញាធរប៉ាឡេស្ទីន ហៅកាត់ PA ដែលគ្រប់គ្រងផ្នែកខ្លះនៃតំបន់ West Bank បានចោទប្រកាន់កងកម្លាំងសន្តិសុខអ៊ីស្រាអែលថា បានកំណត់គោលដៅ ដោយចេតនាដល់គណៈប្រតិភូ នៅក្នុងអ្វីដែលពួកគេហៅថា “ឧក្រិដ្ឋកម្មដ៏សាហាវ” ។
បើតាម អាជ្ញាធរប៉ាឡេស្ទីន ក្រុមតំណាងប្រទេសនានា បាន ទៅទីនោះក្នុងដំណើរទស្សនកិច្ចជាផ្លូវការ ជាមួយអាជ្ញាធរប៉ាឡេស្ទីន ដើម្បីសង្កេត និងវាយតម្លៃស្ថានភាពមនុស្សធម៌ និងចងក្រងឯកសារ អំពីការរំលោភដែលកំពុងបន្តដែលប្រព្រឹត្ត ដោយកងកម្លាំងកាន់កាប់របស់ អ៊ីស្រាអែល ប្រឆាំងនឹងប្រជាជនប៉ាឡេស្ទីន។
គួរបញ្ជាក់ថា ប៉ាឡេស្ទីនរាប់រយនាក់ និងជនជាតិអ៊ីស្រាអែលរាប់សិបនាក់ ត្រូវបានសម្លាប់ នៅក្នុងការកើនឡើងនៃអំពើហឹង្សា នៅតំបន់ West Bank ចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាមនៅតំបន់ហ្គាហ្សា ផ្តើមចេញពីការវាយប្រហាររបស់ពួកហាម៉ាស់ លើអ៊ីស្រាអែល កាលពីខែតុលា ឆ្នាំ២០២៣៕
ប្រភពពី BBC ប្រែសម្រួល៖ សារ៉ាត