សិស្សានុសិស្សជាងប្រាំពាន់នាក់ បានចូលរួមទស្សនាពិព័រណ៍ជំនាញសិក្សាឆ្នាំ២០២៥ នៅសាកលវិទ្យាល័យពុទ្ធិសាស្រ្ត
ពិព័រណ៍ជំនាញសិក្សាឆ្នាំ២០២៥ ដែលរៀបចំដោយសាកលវិទ្យាល័យពុទ្ធិសាស្ត្រ រយៈពេលបីថ្ងៃ បានបិទបញ្ចប់ប្រកបដោយជោគជ័យ ដោយមានអ្នកចូលរួមជាង ៥,០០០នាក់ ដែលភាគច្រើនជាសិស្សវិទ្យាល័យថ្នាក់ទី១២ ។ កម្មវិធីដែលធ្វើឡើងចាប់ពីថ្ងៃទី២០-២២ ខែឧសភា ឆ្នាំ២០២៥ នោះ ត្រូវបានអ្នករៀបចំដែលជាបុគ្គលិក និស្សិត និងសាស្ត្រាចារ្យនៃសាកលវិទ្យាល័យ បានស្វាគមន៍សិស្សានុសិស្ស និងអ្នកចូលរួមទស្សនាយ៉ាងកក់ក្តៅ និងបានបង្កើតបរិយាកាសសប្បាយរីករាយជាច្រើន ដែលបង្ហាញពីភាពជោគជ័យនៃសាកលវិទ្យាល័យពុទ្ធិសាស្ត្រ ។
សាកលវិទ្យាធិការសាកលវិទ្យាល័យពុទ្ធិសាស្ត្រ សាស្ត្រាចារ្យ អ៊ាន រ៉ូស បានលើកឡើងថា “ព្រឹត្តិការណ៍នេះ រៀបចំឡើង ដើម្បីចែករំលែកព័ត៌មានទៅកាន់អ្នកចូលរួមក្នុងកម្មវិធីនេះ ក៏ដូចជាការផ្តល់ជូនវគ្គតម្រង់ទិសទៅកាន់សិស្សានុសិស្សឱ្យបានជ្រាបពីកម្មវិធីសិក្សា ដែលមាននៅសាកលវិទ្យាល័យពុទ្ធិសាស្ត្រ។ ពិព័រណ៌នេះ ពិតជាមានសារៈសំខាន់ក្នុងការផ្តល់ជាព័ត៌មានដល់សិស្សវិទ្យាល័យ និងការអប់រំដែលចាំបាច់ដើម្បីឱ្យសិស្សានុសិស្សទទួលបានអាជីពដ៏ប្រសើរសម្រាប់ពួកគេនាពេលអនាគត ។ បន្ថែមលើសពីនេះទៀត សិ ស្សានុសិស្សក៏មានឱកាសចូលរួមក្នុងការពិសោធន៍ផ្ទាល់ជាមួយនឹងសកម្មភាពជាច្រើនដែលមានដាក់តាំងបង្ហាញក្នុងកម្មវិធីនេះផងដែរ” ។
សូមបញ្ជាក់ថា សាកលវិទ្យាល័យមានកម្មវិធីសិក្សាជាច្រើនរួមមាន វិទ្យាសាស្ត្រសុខាភិបាល ទន្តវទនសាស្ត្រ វេជ្ជសាស្ត្រ ឱសថសាស្ត្រ គិលានុបដ្ឋយិកា ឆ្មប បច្ចេកទេសមន្ទីរពិសោធន៍ ជំនាញវិទ្យាសាស្ត្រព័ត៌មានវិទ្យា វិទ្យាសាស្ត្រស្រាវជ្រាវ និងភាសាអង់គ្លេសផងដែរ។ សាកលវិទ្យាល័យពុទ្ធិសាស្ត្រ ក៏បានបញ្ចូលនូវកម្មវិធីស្ទែម (STEM)ដែលជំនាញនេះនឹងនាំឱ្យនិស្សិតបញ្ចប់ការសិក្សាទទួលបានការងារល្អប្រសើរ ជាមួយនឹងប្រាក់បៀវត្សរ៍ខ្ពស់។ សាកលវិទ្យាល័យពុទ្ធិសាស្ត្រ ក៏មានឱសថស្ថាន និងមន្ទីរពេទ្យបង្រៀនជំនាញទន្តវេជ្ជសាស្ត្រធំជាងគេនៅកម្ពុជាផងដែរ ។
ពិព័រណ៍ជំនាញសិក្សានេះ គឺជាកម្មវិធីមួយដែលដើរតួយ៉ាងសំខាន់ក្នុងការគាំទ្រវិស័យអប់រំ និងជាពិសេសសម្រាប់សិស្សានុសិស្ស ដែលកំពុងសិក្សានៅវិទ្យាល័យដើម្បីស្វែងយល់ពីបទពិសោធន៍ជីវិតសិក្សានៅសាកលវិទ្យាល័យ ក៏ដូចជាត្រៀមលក្ខណៈសម្រាប់ការប្រឡងសញ្ញាបត្រទុតិយភូមិក្នុងពេលខាងមុខ៕
អត្ថបទ ៖ ទីផ្សារ
រូបភាព ៖ វេង លឹមហួត










