ក្រសួងសាធារណការ ចុះហត្ថលេខាជាមួយក្រុមហ៊ុន CSCEC Strait លើលិខិត Letter of Intent លើកិច្ចសហប្រតិបតិ្តការក្នុងវិស័យសាធារណការ ដឹកជញ្ជូន និងភស្តុភារកម្ម

(ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះហត្ថលេខាលើលិខិត Letter of Intent ជាមួយនិងក្រុមហ៊ុន CSCEC Strait Construction And Development Co., Ltd នៅក្នុងគោលបំណង នៃពិធីចុះហត្ថលេខាលើលិខិត Letter of Intent​ ​ដើម្បីបង្កើនកិច្ចសហប្រតិបតិ្តការក្នុងវិស័យសាធារណការ ដឹកជញ្ជូន និងភស្តុភារកម្ម រវាងភាគីទាំងពីរ និងការលើកកម្ពស់ទំហំនៃកិច្ចសហប្រតិបតិ្តការ រួមមាន៖ ការលើកម្ពស់ផ្នែកគោលនយោបាយ ការលើកកម្ពស់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការផ្លាស់ប្តូរការចុះទស្សនកិច្ច វគ្គបណ្តុះបណ្តាល និងការគាំទ្រផ្នែកសិក្សាស្រាវជ្រាវផ្សេងៗពាក់ព័ន្ធវិស័យសាធារណការ ដឹកជញ្ជូន និងឡូជីស្ទីក។

ពិធីនេះធ្វើឡើងនៅរសៀថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ ដោយ ឯកឧត្តម ហេង ណន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងភាគីក្រុមហ៊ុនវិនិយោគ តំណាងដោយ លោក. CHEN YUREN (ឈិន អ៊ីរិន) អគ្គនាយករង និងជាប្រធានប្រតិភូតំណាង ក្រុមហ៊ុន CSCEC STRAIT CONSTRUCTION AND DEVELOPMENT CO., LTD ដោយមានការចូលរួមពី តំណាងកំពង់ផែស្វយ័តភ្នំពេញ តំណាងកំពង់ផែស្វយ័តក្រុងព្រះសីហនុ ប្រតិភូក្រុមហ៊ុន និងសហការីផងដែរ។

លោក ឈិន អ៊ីរិន អគ្គនាយករង និងជាប្រធានប្រតិភូតំណាង បានគូសបញ្ជាក់ថា ពិធីចុះហត្ថលេខានេះ ផ្តល់ឱកាសដ៏សំខាន់មួយ និងការផ្តល់នូវទំនុកចិត្តដល់គ្នាទៅវិញទៅមក និងស្វែងរកការអភិវឌ្ឍរួមរបស់ភាគីទាំងពីរ ។ ក្រុមហ៊ុន CSCEC STRAIT នៅក្នុងកិច្ចសហប្រតិបត្តិការនៅក្នុងការចូលរួមដល់ការងារហេដ្ឋារចនាសម្ព័ន្ធសារធារណៈ និងឧស្សាហកម្មដឹកជញ្ជូននៅកម្ពុជា ជាមួយនេះក្រុមហ៊ុននិងសង្ឃឹមថាពង្រឹងនូវការតភ្ជាប់រឹងដើម្បីកសាងមូលដ្ឋានគ្រឹះយ៉ាងរឹងមាំសំរាប់ការអភិវឌ្ឍ ការតភ្ជាប់ទន់ដើម្បីជួយសំរួលដល់កិច្ចសហប្រតិបត្តិការ និងការតភ្ជាប់បេះដូងដើម្បីប្រមូលផ្តុំកម្លាំង និងឯកភាព និងគម្រោងផ្សេងៗជាច្រើនទៀតដែលជាគម្រោងតំរង់ទិសទៅដល់ការអប់រំដល់ប្រជាជន និងគម្រោងបៃតងសម្រាប់កម្ពុជា ដែលជាកិច្ចសហប្របតិបត្តិការយ៉ាងយូរអង្វែង។

ក្រុមហ៊ុន CSCEC STRAIT គឺជាក្រុមហ៊ុនសំណង់មួយរបស់ប្រទេសចិន កំពុងធ្វើប្រតិបត្តិការនៅកម្ពុជា និងបណ្តាប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ផ្សេងទៀត ។ លោកបន្ថែមថា ក្រុមហ៊ុនបានអនុវត្តន៍គម្រោងរហូតដល់ទៅ៣៥ ប្រទេស ក្នុងកិច្ចសន្យាសរុបប្រមាណជាង១.៩៥ ពាន់លានដុល្លារអាមេរិក ដែលជាប្រភេទគម្រោងសាងសង់ទៅលើប្រលានយន្តហោះ អគារពាណិជ្ជកម្ម និងហេដ្ឋារចនាសម្ព័ន្ធជាដើម។

ឯកឧត្តម ហេង ណន បានគូសបញ្ជាក់ថា គោលបំណងសំខាន់នៃការចុះហត្ថលេខា លើលិខិត Letter of Intent រវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុន CSCEC មាន ២ចំណុច៖(ទី១) គោលបំណងនៃកិច្ចសហប្រតិបត្តិការ គឺ ការបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យសាធារណៈការ ដឹកជញ្ជូន និងភស្តុភារកម្ម រវាងភាគីទាំងពីរ ដោយមិនបង្កើតកាតព្វកិច្ចស្របច្បាប់ណាមួយ ហើយវាឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នារបស់ភាគីទាំងពីរ ក្នុងការជំរុញការយល់ដឹងគ្នាទៅវិញទៅមកដោយសុច្ឆន្ទៈ និងការពង្រឹងចំណងមិត្តភាព។

(ទី២) ទំហំនៃកិច្ចសហប្រតិបត្តិការរួម មាន លើកកម្ពស់គោលនយោបាយ, លើកកម្ពស់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ កែលម្អកម្រិតនៃការដឹកជញ្ជូន អភិវឌ្ឍការងារសាធារណការ និងប្រព័ន្ធឡូជីស្ទីក តាមរយៈការផ្លាស់ប្តូរមិត្តភាព និងការយល់ដឹងពីគ្នាទៅវិញទៅមក និង ផ្លាស់ប្តូរការចុះទស្សនកិច្ច វគ្គបណ្តុះបណ្តាល និងការគាំទ្រផ្នែកសិក្សាស្រាវជ្រាវលើវិស័យសាធារណការ ដឹកជញ្ជូន និងឡូជីស្ទីក៕

អត្ថបទ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner