អ៊ីរ៉ង់-អាមេរិក មានគំនិតខុសគ្នាឆ្ងាយ

បរទេស ៖ ភាគីអ៊ីរ៉ង់បាននិយាយថា មានភាពខុសគ្នាជាមូលដ្ឋានយ៉ាងច្រើន ជាមួយនឹងសហរដ្ឋអាមេរិក ជុំវិញការចរចា លើកម្មវិធីនុយក្លេអ៊ែរ របស់រដ្ឋាភិបាល ក្រុង តេហេរ៉ង់។

មុនពេលការចរចានុយក្លេអ៊ែរ ជាថ្មី រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បាននិយាយថា មានការបែកបាក់គ្នាយ៉ាងស៊ីជម្រៅ រវាងភាគីទាំងពីរ។ «វានៅតែមានភាពខុសគ្នាជាមូលដ្ឋាន រវាងពួកយើង» ដោយលោកបានព្រមានថា «យើងនឹងមិនមានកិច្ចព្រមព្រៀង ទាល់តែសោះ» ប្រសិនបើសហរដ្ឋអាមេរិក ចង់រារាំងអ៊ីរ៉ង់ ពីការចម្រាញ់សារធាតុ អ៊ុយរ៉ាញ៉ូម។

បច្ចុប្បន្ននេះ អ៊ីរ៉ង់បានបង្កើនសារធាតុអ៊ុយរ៉ាញ៉ូម ដល់ទៅ៦០ភាគរយ ដែលលើសពីដែនកំណត់ ៣.៦៧ភាគរយ ដែលត្រូវបានកំណត់ ក្នុងកិច្ចព្រមព្រៀងឆ្នាំ២០១៥ ហើយក៏ចែងថា ឲ្យបិទផងដែរព្រោះ មានការបារម្ភថា បំណងសំខាន់ នៃកម្មវិធីនុយក្លេអ៊ែរនេះ គឺដើម្បីផលិតក្បាល គ្រាប់ប្រល័យលោក។

គួរបញ្ជាក់ថា អ៊ីរ៉ង់ និង សហរដ្ឋអាមេរិក បានរៀបចំកិច្ចចរចានុយក្លេអ៊ែរ ដែលសម្របសម្រួល ដោយប្រទេសទី៣ ចំនួនបួនជុំ ចាប់តាំងពីថ្ងៃទី១២ ខែមេសា ដែលជាទំនាក់ទំនង កម្រិតខ្ពស់បំផុត រវាងសត្រូវទាំងពីរ ចាប់តាំងពីទីក្រុងវ៉ាស៊ីនតោន បានបោះបង់ចោលកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ឆ្នាំ២០១៥ ។ ពួកគេបានបញ្ជាក់ ពីផែនការរៀបចំការពិភាក្សា មួយជុំទៀត ក្នុងអំឡុងពេលកិច្ចប្រជុំចុងក្រោយ កាលពីថ្ងៃទី១១ ខែឧសភា៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner