ការចូលរួមនូវមតិយោបល់ពីអ្នកជំនាញ និងអ្នកអនុវត្តផ្ទាល់ ជាធាតុចូលយ៉ាងសំខាន់សម្រាប់ការពិនិត្យ កែលម្អសេចក្តីព្រាងផែនការយុទ្ធសាស្ត្រប្រឆាំងអំពើពុករលួយ ដំណាក់កាលទី៤

(ភ្នំពេញ)៖ ថ្លែងបិទកិច្ចប្រជុំផ្សព្វផ្សាយ និង ប្រមូលធាតុចូល សម្រាប់ផែនការយុទ្ធសាស្ត្រជាតិប្រឆាំងអំពើពុករលួយ ដំណាក់កាលទី៤ ឆ្នាំ ២០២៥-២០៣០ នាល្ងាចថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម តុប សំ ប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ បានគូសបញ្ជាក់ថា ការចូលរួមចំណែកនូវមតិ-យោបល់ យ៉ាងផុលផុសរបស់អង្គកិច្ចប្រជុំ ដែលសុទ្ធសឹងតែជាអ្នកជំនាញ និងអ្នកអនុវត្តផ្ទាល់ក្នុងវិស័យ គឺជាធាតុចូលជាសារវ័ន្តឆ្លុះបញ្ចាំងអំពីភាពចម្រុះគ្នាពីគ្រប់ក្រសួង ស្ថាប័ន គ្រប់វិស័យ ហើយពិសេសលើសនេះទៅទៀត ក៏ឆ្លុះបញ្ចាំងអំពីការចូលរួម និងការរួមចំណែកយ៉ាងទូលំទូលាយពីគ្រប់ភាគីពាក់ព័ន្ធ សម្រាប់ការពិនិត្យ កែលម្អសេចក្តីព្រាងផែនការយុទ្ធសាស្ត្រប្រឆាំងអំពើពុករលួយ ដំណាក់កាលទី៤ (ឆ្នាំ២០២៥-២០៣០) នេះ ឱ្យកាន់តែប្រសើរមួយកម្រិតទៀត ។

ឯកឧត្តម តុប សំ បានបន្តថា ការរួមចំណែកនាពេលនេះ គឺជាការរួមចំណែកដ៏ធំធេង និងចាំបាច់បំផុតសម្រាប់ឱ្យកម្ពុជា សម្រេចបាន នូវសេចក្តីព្រាងផែនការយុទ្ធសាស្ត្រជាតិប្រឆាំងអំពើពុករលួយ សម្រាប់ដំណាក់កាលបន្ទាប់ ប្រកបដោយភាពគ្រប់ជ្រុងជ្រោយ និងបរិយាប័ន្ន។ ការណ៍នេះ ឆ្លើយតបផងដែរ ចំពោះអនុសាសន៍ ដែលបានដាក់ចេញដោយអង្គការសហប្រជាជាតិ ក្រោមក្របខណ្ឌ នៃអនុសញ្ញាអង្គការសហ ប្រជាជាតិប្រឆាំងអំពើពុករលួយ – អ៊ុនកាក់ (UNCAC) ដែលកម្ពុជាបានចូលរួមជាសមាជិកតាំងពី ឆ្នាំ២០០៧ មកម៉្លេះ ។

ឯកឧត្តម ថា ការងារប្រយុទ្ធប្រឆាំងអំពើពុករលួយ មិនអាចសម្រេចទៅ បានដោយជោគជ័យ ដោយស្ថាប័នប្រឆាំងអំពើពុករលួយតែម្នាក់ឯងនោះទេ ប៉ុន្តែទាមទារឱ្យ មានការចូលរួមជាចាំបាច់ ពីគ្រប់តួអង្គ និងភាគីពាក់ព័ន្ធទាំងអស់ ទាំងក្នុងវិស័យសាធារណៈ វិស័យឯកជន សង្គមស៊ីវិល និងផ្នែកសិក្សាធិការ ផងដែរ ។

ឯកឧត្តម ប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ជឿជាក់ថា សេចក្តីព្រាងផែនការយុទ្ធសាស្ត្រជាតិប្រឆាំងអំពើពុករលួយ ដំណាក់កាលទី៤ ឆ្នាំ ២០២៥-២០៣០ នេះ នឹងត្រូវបានកែលម្អឱ្យកាន់តែប្រសើរថែមទៀត ដែលឆ្លុះបញ្ចាំងអំពី មតិ-យោបល់ ដែលទទួលបានពីអង្គប្រជុំទាំងមូល ហើយឆ្លើយតបទៅបានចំពោះការដ្ឋានកែ ទម្រង់ និងយុទ្ធសាស្ត្រនានារបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដែលដឹកនាំយ៉ាងក្លៀវក្លាប្រកប ដោយថាមពល និងភាពឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner